ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្អើល​មិន​ចាយ​លុយ​ដុល្លារ​ប្រឡាក់​និង​បោះត្រា មន្ត្រី​ធនាគារជាតិ​ប្រកាស​ថា ជា​ពាក្យ​ច​ចាម​អា​រ៉ា​ម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មួយ​រយៈពេល​នេះ មានការ​ភ្ញាក់ផ្អើល​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ធនាគារពាណិជ្ជ​មួយ​ចំនួន​មិន​ទទួលយក​ប្រាក់​ដុល្លារ​ដែល​មាន​ស្នាម​ប្រឡាក់​ត្រា ឬ​ទក់​តិចតួចនោះ​ទេ ដែល​ធ្វើ​ឲ្យ​មហា

រាជធានី​ភ្នំពេញ ៖ មួយ​រយៈពេល​នេះ មានការ​ភ្ញាក់ផ្អើល​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ធនាគារពាណិជ្ជ​មួយ​ចំនួន​មិន​ទទួលយក​ប្រាក់​ដុល្លារ​ដែល​មាន​ស្នាម​ប្រឡាក់​ត្រា ឬ​ទក់​តិចតួចនោះ​ទេ ដែល​ធ្វើ​ឲ្យ​មហាជន​ទូទៅ​មានការ​ព្រួយបារម្ភ និង​ជ្រួលច្របល់ ដោយសារ​តែ​ភាគច្រើន​នៃ​ប្រជាជន​កម្ពុជា ប្រើប្រាស់ និង​រក្សា​ទុកជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។ តើ​រឿង​នេះ ពិត​ដូច​អ្វី​ដែល​បាន​និង​កំពុង​កើតឡើង​ឬ​យ៉ាងណា ?

ទាក់ទង​នឹង​បញ្ហា​នេះ លោក​បណ្ឌិត ប៊ុ​ន មុន្នី នាយក​ប្រតិបត្តិ​ធនាគារ​ស្ថាបនា បាន​មាន​ប្រសាសន៍​ថា ៖ « ទាក់ទង​នឹង​រឿង​ស្នាម​ត្រា​តូច​ៗ​នៅ​លើ​ក្រដាសប្រាក់ ខ្ញុំ​អត់​ទាន់​ច្បាស់​ដែរ ក៏​ប៉ុន្តែ​ក្រដាសប្រាក់​ចាស់ មាន​ស្នាម​ប្រឡាក់ គេ [​ធនាគារ​] អត់​យក​ទេ តែ​ចំពោះ​ក្រដាសប្រាក់​ទើប​បោះ​ថ្មី​ៗ ហើយ​មាន​ស្នាម​ត្រា ស្នាម​ប្រឡាក់​តិចតួច ដូច​ជា​មិន​ទាន់​ឮ​និយាយ​ពី​រឿង​ហ្នឹង » ។

លោក​បន្ថែម​ថា ក្រដាសប្រាក់​ដែល​មាន​ស្នាម​ប្រឡាក់ ទក់ រហែក មិនមែន​សំដៅ​តែ​ក្រដាសប្រាក់​ធំ​ៗ​ទេ គឺ​ឲ្យ​តែ​ប្រាក់​ដុល្លារ​មិន​ទទួលយក​ទាំងអស់ ហើយ​ករណី​មួយទៀត​ដូច​ជា​មាន​ស្នាម​ប៊ិក​គូស​នៅ​លើ​ក្រដាសប្រាក់​ដុល្លារ ក៏​ធនាគារជាតិ​មិន​ទទួល​ដែរ ។ នៅ​ពេល​ធនាគារជាតិ​មិន​ទទួល ធនាគារ​ផ្សេង​ៗ​ទៀត ក៏​មិន​ហ៊ាន​ទទួលយក​ប្រាក់​នោះ​ដែរ ។ លោក​ថា​៖ « បើសិនជា​ធនាគារជាតិ​បដិសេធ​មិន​យក ក្រដាសប្រាក់​របៀប​ហ្នឹង ខ្ញុំ​គិត​ថា មាន​ផល​ប៉ះពាល់​ដែរ ព្រោះ​មាន​លុយ​មួយ​ចំនួន​ប្រឡាក់ ចាស់ ខូច​អីចឹង​ទៅ ហើយ​ត្រូវការ​រក​ប្រភព​សម្រាប់​ដូរ​វា ។ ទោះបីជា​បញ្ហា​នេះ វា​មិន​ទាន់​ធំដុំ ប៉ុន្តែ​ខ្ញុំ​ថា បើសិនណា​ជា​មាន​ករណី​របៀប​ហ្នឹង​ច្រើន​ទៅ វា​អាច​នឹង​មាន​បញ្ហា​ដែរ » ។

លោក ច័ន្ទ សុផល អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ បាន​ឲ្យ​ដឹង​ដែរ​ថា លោក​បានឮ​ដំណឹង​ហ្នឹង​ដែរ តែ​ធនាគារជាតិ​អត់​មាន​កាតព្វកិច្ច​អី​ត្រូវ​ទទួល​លុយ​ដុល្លារ​ដែល​ចាស់ ឬ​ប្រឡាក់ យក​ទៅ​ដូរ​ឲ្យ​ទេ ព្រោះ​វា​មិនមែន​ជា​រូបិយប័ណ្ណ​របស់​ខាង​ធនាគារជាតិ ។ លោក​ថ្លែង​ថា ៖ « ខ្ញុំ​យល់​ថា បញ្ហា​ហ្នឹង វា​គួរតែ​មាន​ដំណោះស្រាយ​មួយ​ល្អ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខាត​ច្រើន ព្រោះ​ក្រដាសប្រាក់​ដុល្លារ​ទាំងនោះ​នៅ​តែ​ដូរ​យក​វិញ​បាន​នៅ​ប្រទេស​អា​មេ​រិ​ក អីចឹង​ទាល់តែ​ប្រទេស​កម្ពុជា​យើង​រក​ដំណោះស្រាយ​ណាមួយ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខាត ហើយ​ក៏​កុំ​ឲ្យ​មានការ​រំខាន​ដល់​លំហូរ​សាច់ប្រាក់​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ចជាតិ​យើង » ។

លោក​បន្ត​ថា នៅ​ប្រទេស​កម្ពុជា គួរតែ​មាន​ស្ថាប័ន​ណាមួយ​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ ដល់​ពាណិជ្ជករ ដល់​ធនាគារពាណិជ្ជ ដែល​អាច​មាន​បញ្ហា​ដោយសារ​តែ​ក្រដាសប្រាក់​ដុល្លារ​ខ្លះ​ចាស់​ពេក ធ្វើ​ឲ្យ​គេ​មិន​ទទួលយក​នោះ ហើយ​បើសិនជា​គ្មាន​ដំណោះស្រាយ​ល្អ វា​ខាត​ដល់​សេដ្ឋកិច្ច​កម្ពុជា ។ លោក​និយាយ​បន្ត​ថា ៖ «​ក្នុង​ករណី​នេះ ខ្ញុំ​យល់​ថា វា​មិន​ធ្ងន់ធ្ងរ​ពេក​ទេ ព្រោះ​នៅ​ទីបំផុត​អាច​នឹង​មាន​ស្ថាប័នឯកជន​ណាមួយ​ទទួលយក​ក្រដាសប្រាក់​ប្រឡាក់ រហែក ឬ​ទក់​ទៅ​ដូរ​នៅ​សហរដ្ឋអាមេរិក គ្រាន់តែ​ស្ថាប័នឯកជន​នោះ​យក​កម្រៃ ។ ដូចនេះ លុយ​ចាស់​ទាំងនោះ​មិន​ត្រូវ​បាន​បោះបង់​ចោល​ទេ គ្រាន់តែ​ត្រូវ​អស់​ចំណាយ​មួយ​ចំនួន » ។

លោក ច័ន្ទ សុផល បញ្ជាក់​ថា ការ​ចរាចរ​ក្រដាសប្រាក់​ដុល្លារ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា មាន​ច្រើន​ជាង​លុយ​រៀល បើ​តាម​ស្ថិតិ​របស់​ធនាគារជាតិ គឺ​មាន​រហូត​ដល់​៨៥​ភាគរយ​ជា​ប្រាក់​ដុល្លារ​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ ។

យ៉ាងណា​ក៏​ដោយ គិត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៣ មិថុនា ២០១៦ នៅ​មិន​ទាន់​ឃើញ​ធនាគារជាតិ​នៃ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ជា​សាធារណៈ​ណាមួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​នៅឡើយ​ទេ ខណៈ​ដែល​ការ​មិន​ទទួល​ក្រដាសប្រាក់​មាន​ស្នាម​ប្រឡាក់ រហែក ឬ​កខ្វក់ កំពុង​តែ​ជា​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ ។

តែបើ​តាម​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុ​ជាមួយ​រូប​បាន​ប្រាប់​កោះសន្ដិភាព​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ថា ខាង​ធនាគារ​កំពុង​តែ​ពិភាក្សា​រឿង​ហ្នឹង ហើយ​គ្រោង​នឹង​ចេញ​សេចក្ដី​ប្រកាស​ឆាប់​ៗ​នេះ ។ លោក​បញ្ជាក់​ថា ៖ « ខាង​ធនាគារជាតិ​យើង​មិន​បាន​ណែនាំ​ថា មិន​ឲ្យ​យក​លុយ​ដែល​មាន​ត្រា ឬ​ប្រឡាក់​ស្នាម​តិចតួច​អី​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​បាន​ណែនាំ​នោះ គឺ​មិន​ឲ្យ​ទទួលយក​លុយ​ដុល្លារ​ដែល​ខុស​បច្ចេកទេស ដូច​ជា ដាច់​មួយ​កំណាត់ ភ្លើង​ឆេះ ឬ​ប្រឡាក់​ខ្លាំង​ជាដើម វា​មិន​ខុស​ពី​លុយ​រៀល​យើង​ទេ បើ​មើល​សភាព​លែង​យល់ ឬ​លែង​ស្គាល់​ហើយ ក៏​គេ​មិន​យក​ដែរ » ។

លោក​បន្ថែម​ថា ចំពោះ​បញ្ហា​នេះ គឺ​មាន​អ្នកមួយ​ចំនួន​បំប៉ោង​សភាពការណ៍​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល​នៅ​កម្ពុជា​ប៉ុណ្ណោះ ឬ​អាច​ជា​អ្នក​ចង់​កេង​ចំណេញ​តាម​រយៈ​ការ​កាត់ទឹក​ជាដើម​។ ទន្ទឹម​នឹង​នេះ លោក​បាន​បញ្ជាក់​ថា ៖ « ធនាគារជាតិ​យើង​នៅ​តែ​ទទួល​លុយ​ដុល្លារ​អា​មេ​រិ​ក​ពី​អតិថិជន​ដែល​មាន​គណនី​នៅ​យើង​ដដែល ហើយ​អ្នក​ដែល​មាន​គណនី​នៅ​យើង​ហ្នឹង គឺ​មាន​តែ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទេ យើង​អត់​មាន​ភារកិច្ច​ត្រូវ​ទទួល​លុយ​ពី​អតិថិជន​តាម​ផ្សារ​នោះ​ទេ នេះ​គឺ​ច្បាប់​យើង ។ ដូច្នេះ មាន​ន័យ​ថា លុយ​ដុល្លារ​ប្រឡាក់​ត្រា​អី​តិចតួច​ហ្នឹង គឺ​យើង​នៅ​តែ​ទទួល​ដដែល » ។

ចំណែក​លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដែល​ជា​អ្នក​វិនិយោគ​មួយ​រូប​នៅ​កម្ពុជា បាន​បញ្ចេញ​ជា​យោបល់​ថា បើសិនជា​មិន​យក គឺ​ត្រូវ​កំណត់​ថា ក្រដាសប្រាក់​ចាស់​កម្រិត​ណា ប្រឡាក់​កម្រិត​ណា រហែក​កម្រិត​ណា ហើយ​នៅ​ប្រទេស​កម្ពុជា ពាក្យ​ចចាមអារ៉ាម​អាច​សម្លាប់​មនុស្ស​បាន ដូច្នេះ ធនាគារជាតិ​ត្រូវ​ចេញ​សេចក្ដី​ប្រកាស ឬ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ។

លោក​ថា ៖ « អ្នក​ដែល​មាន​បញ្ហា​ច្រើន​ជា​ប្រជាពលរដ្ឋ ដូចនេះ​បើ​មាន​ករណី​នេះ ត្រូវ​តែ​មាន​សេចក្តី​ប្រកាស​ឲ្យ​បាន​ច្បាស់លាស់ តែ​ក៏​ត្រូវ​ប្រយ័ត្ន​ផង​ដែរ ខ្លាចក្រែង​ប្រកាស​ហើយ គ្រប់គ្រង​មិន​បាន​ល្អ វា​ជា​រឿង​មួយ​ដែល​អាច​ឲ្យ​មាន​បញ្ហា » ។

លោក​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ រាល់​ការ​វិនិយោគ និង​ការ​ទូទាត់​ប្រាក់​របស់​លោក គឺ ១០០​ភាគរយ​ទូទាត់​ជា​ប្រាក់​ដុល្លារ ដោយ​តាម​រយៈ​សែក (Cheque) និង​តាម​ប្រព័ន្ធ​ធនាគារ​ផ្សេង​ៗ​ ទៀត​ជាដើម ៕