ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ ស្រី​ពៅ ប្តូរ​ពី​ប្រដាល់​ដាក់​ទ្រុង មក​ប្រកួត​ប្រដាល់​គុន​ខ្មែរវិញ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រហែលជាមួយ​ឆ្នាំ ក្រោយពោល​គឺ​ឆ្នាំ​២០១៩ នៅ ស្រី​ពៅ បាន​ប្រឡូក​ចូល​ក្នុងអាជីព​គុន​ចម្រុះ និង​បាន​ចេញ

រាជធានីភ្នំពេញ ៖ ប្រហែលជាមួយ​ឆ្នាំ ក្រោយពោល​គឺ​ឆ្នាំ​២០១៩ នៅ ស្រី​ពៅ បាន​ប្រឡូក​ចូល​ក្នុងអាជីព​គុន​ចម្រុះ និង​បាន​ចេញ ប្រកួត​លើ​ឆាក​អន្តរជាតិ​លើក​ដំបូង បាន​យកឈ្នះ​កីឡាការិនី​ថៃ Rika Ishige កាល​ខែកុម្ភៈ នៅ​ស្ថាប័ន ONE Championship ប៉ុន្តែ​ពីរ​ប្រកួត ក្រោយ​ចាញ់​កីឡាការិនី​ហ្វី​លី​ពី​ន Priscilla Hertati Lumban Gaol និង​ចាញ់​កីឡាការិនី​ឥណ្ឌា Ritu Phogat នៅ​ឆ្នាំ ២០២០ ។

ទោះជា​យ៉ាងណា ប្រហែល​ជា​ជាង​មួយ​ឆ្នាំចុង​ក្រោយនេះ នៅ ស្រី​ពៅ បានប្តូរ​មកហាត់គុន​ខ្មែរ​វិញ ដែល​ជា​ជំនាញ​ហ្វឹកហាត់​ដំបូង របស់​នាង ។

កីឡាការិនី​ពហុ​ជំនាញ​រូប​នេះ បាន​និយាយ​ថា ៖« ខ្ញុំ​បាន​ដូរ​ពី MMA និង​ប្រដាល់សកល មក​ផ្តោត​លើ​គុន​ខ្មែរ​តាំងពី​ឆ្នាំ​មុន ។ ពីព្រោះ​ខ្ញុំ​ដាក់ចិត្ត​លើ​គោលដៅ​សំខាន់ គឺ​ស្វែងរក​មេដាយ​ជូន​ជាតិ ។ ខ្ញុំ​ចង់​ឈ្នះ​មេដាយ​ពី​កីឡា​ស៊ី​ហ្គេ​ម នៅ​ឆ្នាំ​២០២២ ក្នុង​ប្រទេស វៀតណាម ។ ជា​ពិសេស​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ដូច្នេះ​ហើយ​បានជា​ខ្ញុំ​កំពុង​ផ្តោត​លើ​ការ​ហ្វឹកហាត់​ខ្លាំង​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កញ្ញា ស្រី​ពៅ បាន​ឈប់​ពី​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៩ ហើយ​មក​ធ្វើការ​ជា​កម្មករ​រោងចក្រ​នៅ​ភ្នំពេញ​អស់​រយៈពេល​ជាង​១​ឆ្នាំ​។ ក្រោយមក​កញ្ញា បាន​សម្រេចចិត្ត​ចូល​ហាត់​កីឡាប្រដាល់ ដែល​កាលពី​ដំបូង​ឡើយ ម្ដាយ​របស់​ស្រី​ពៅ មិន​ព្រមឱ្យ​កូនស្រី​ចូល​ហាត់​នោះ​ទេ តែ​ដោយសារ​តែ​ការ​ខិតខំ និង​បាន​សាង​ស្នាដៃ​ល្អ​ៗ​ជា​ច្រើន ម្តាយ​របស់​កញ្ញា​ក៏​យល់ព្រម​តាម​ក្តី​ស្រឡាញ់​របស់​កញ្ញា​ ។ ​ក្នុង​បទ​សម្ភាសន៍​កញ្ញា នៅ ស្រី​ពៅ បាន​ប្រាប់​​​ឱ្យ​ដឹង​​ថា ក្នុង​នាម​ជា​មនុស្ស​ស្រី​ម្នាក់​អាច​ដើរ​ដល់​ផ្លូវ គ្រប់យ៉ាង​គឺ​មក​ពី​ស្រី​ពៅ​មាន​គោលដៅ​ច្បាស់លាស់ ស្មារតី​រឹង​មាំ និង​ភាព​អត់ធ្មត់​ច្រើន ស្រី​ពៅ​បាន​ស៊ូ​នឹង​ពាក្យ​បំបាក់ទឹកចិត្ត​បែរជា​លើកទឹកចិត្ត​ខ្លួនឯង​ឱ្យ​បាន​ច្រើន ព្រោះ​មិន​ចង់​ធ្វើ​ការងារ​ឱ្យ​គេ​ដូច​អាជីព​កម្មករ​រោងចក្រ ដោយ​ប្ដូរ​មក​ជ្រើស​អាជីព​ជា​កីឡាការិនី​ប្រដាល់​ដែល​ខ្លួន​ស្រលាញ់ និង​មាន​ដុ​ង​ពី​កំណើត​វិញ​។

នាង​បាន​លើក​ឡើង​ដដែល​ជា​ដដែល​ថា នៅ​ដើមឆ្នាំ​២០១៣ ក្នុង​ពេល​មាន​អាយុប្រមាណ​១៦​ឆ្នាំ ក្នុង​ពេល​រស់នៅ​ស្រុក​កំណើត​នៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយសារ​បញ្ហា​ជីវភាព​គ្រួសារ នាង​ក៏​បាន​បង្ខំចិត្ត​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៩ នៅ​វិទ្យាល័យ​ទូល​អំពិល ហើយ​សម្រេចចិត្ត​ចូល​ធ្វើការ​នៅ​រោងចក្រ​មួយ​នៅ​ភ្នំពេញ​ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន​។​ ក្រោយមក​ឪ​ពុក​របស់​ស្រី​ពៅ ក៏​បាន​សួរ​ទៅ​កូនស្រី​ថា តើ​កូន​ចង់​ហាត់​ប្រដាល់​ដែរ​ទេ? ជាមួយនឹង​បងប្រុស​បង្កើត​ម្នាក់​របស់​ស្រី​ពៅ​គឺ លោក នៅ ស៊ី​ថា ក៏​ជា​អ្នក​ហាត់​ប្រដាល់​គុន​ខ្មែរ​មួយ​រូប​ផង​ដែរ​។ កញ្ញា ស្រី​ពៅ​ ក៏​មិន​ទាន់​យល់ព្រម​ភ្លាម​ៗ ដោយ​ទុក​ពេល​សម្រេចចិត្ត​នៅ​ពេល​ក្រោយ ​។ ​ដោយសារ​ស្រី​ពៅ មិន​ចង់​ធ្វើការ​នៅ​រោងចក្រ​ទៀត​ទេ ចង់​ធ្វើការ​ដោយ​ខ្លួនឯង មិន​មាន​គេ​ថាឱ្យ​នៅ​មុខក្រោយ​ឡើយ ទើប​សម្រេចចិត្ត​ថា ចូល​ហាត់​ប្រដាល់​។

តែ​អ្វី​ជា​ឧបសគ្គ ម្ដាយ​ស្រី​ពៅ​មិន​ព្រមឱ្យ​ចូល​ហាត់​ដូច​ឪពុក​របស់​ស្រី​ពៅ​ឡើយ​។ ស្រី​ពៅ ចំណាយពេល​ជាង​០៣​ខែ ទំ​រាំ​តែ​បញ្ចុះ​បញ្ចូល​ម្ដាយ​ឱ្យ​យល់ព្រម​បាន ហេតុនេះ​ស្រី​ពៅ​ ត្រូវ​តែ​បេ្ត​ជ្ញា​ចិត្ត​ថា ខ្លួន​នឹង​ធ្វើ​ឱ្យ​គាត់​បានឃើញ​ថា ខ្លួន​ជា​មនុស្ស​ស្រី​ក៏​អាច​ធ្វើ​បាន​ដែរ​។ ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នក​ជិតខាង​ក៏​ធ្លាប់​ថាឱ្យ​ឪពុក​ម្ដាយ​របស់​ស្រី​ពៅ​ថា ម្ដេច​ក៏​បណ្ដោយ​ឱ្យ​កូនស្រី​ទៅ​ហាត់​ប្រដាល់​ដូច​មនុស្ស​ប្រុស​ចឹ​ង វា​អត់​សម​ទេ​។ អ​ញ្ចឹ​ង​ហើយ​ស្រី​ពៅ​ចង់​ធ្វើ​ឱ្យ​ពួក​គាត់​ទាំង​អស់នោះ បានឃើញ និង​បាន​យល់​ថា មនុស្ស​ស្រី​ក៏​អាច​ធ្វើ​បាន​ដូច​មនុស្ស​ប្រុស​បាន​ដែរ ដែល​ជា​កម្លាំងចិត្ត​ធ្វើ​ឱ្យ​ស្រី​ពៅ​ខិតខំ​ខ្លាំង​ណាស់​។

កញ្ញា​ស្រី​ពៅ និយាយ​ថា «​ពេល​ចូល​ហាត់​ដំបូង វា​ឈឺខ្លួន​មែនទែន​។ បើ​អ្នក​ដែល​មិន​អាច​ស៊ូ​បាន និង​មិន​មាន​ភាព​អត់ធ្មត់​ច្រើន​ទេ​នោះ ប្រហែល​ពួក​គេ​អាច​នឹង​បោះបង់​នៅ​ពាក់កណ្ដាល​ទី​ក៏​ថា​បាន​។ តែ​សម្រាប់​ខ្ញុំ​វិញ​មិន​ចង់​បោះបង់​ឡើយ ដោយសារ​ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ប៉ងប្រាថ្នា​ឱ្យ​បាន​សម្រេច​ជោគជ័យ​ខានមិនបាន ហើយ​ម្យ៉ាងទៀត​មានការ​លើកទឹកចិត្ត​ពី​គ្រួសារ​ទៀត​ផង ហេតុនេះ​ខ្ញុំ​មិន​បោះបង់​ចោល​នោះ​ទេ​»​។ នាង​ថា​ ខ្លួន​សប្បាយចិត្ត​ដែល​សាង​ឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​វិស័យ​នេះ ហើយ​ក្នុង​ពេល​បន្ទាប់​នាង​នឹង​ឡើង​ប្រកួត​គុន​ខ្មែរ​អោយ​បាន​ច្រើន ដើម្បី​អោយ​កេរ្តិ៍ឈ្មោះ​ក្នុងស្រុក​ឈាន​ឡើង តែ​នាង​ក៏​ស្មុគស្មាញ​ផង​ដែរ នៅ​ពេល​ការ​ប្រកួត​គុន​ខ្មែរ ហាក់​មិនសូវ​មាន​នារី​ឡើង​រេញ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ