ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនចៅ​ប្តឹង​ប្រធាន​លក់​ដី​រដ្ឋ​បាន​ប្រាក់​សម្ងំ​ស្ងាត់

8 ឆ្នាំ មុន

ខេត្តកោះកុង ៖ លោក មាស សុភាព ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ត្រូវ​បាន​បែកធ្លាយ​រឿងអាស្រូវ​ថា បាន​លួច​ដី​រដ្ឋ​របស់​មន្ទីរ​លក់​បាន​ប្រាក់​ប្រមាណ​ជាង​៣​សែន​ដុល្លារ រួច​សម្ងំ​ស្ងាត់ឈឹង​ធ្វើ​ដូច​ចោរលួច​សេះ

ខេត្តកោះកុង ៖ លោក មាស សុភាព ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ត្រូវ​បាន​បែកធ្លាយ​រឿងអាស្រូវ​ថា បាន​លួច​ដី​រដ្ឋ​របស់​មន្ទីរ​លក់​បាន​ប្រាក់​ប្រមាណ​ជាង​៣​សែន​ដុល្លារ រួច​សម្ងំ​ស្ងាត់ឈឹង​ធ្វើ​ដូច​ចោរលួច​សេះ ។ រឿងអាស្រូវ​នេះ​ត្រូវ​បាន​បែកធ្លាយ​ដោយសារ​តែ​មន្ត្រី​ក្រោម​ឱវាទ​ច្រើន​នាក់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រសួងកសិកម្ម ដែល​ជា​អាណាព្យាបាល​របស់​ខ្លួន ហើយ​លោក​រដ្ឋមន្ត្រី​ដែល​ឡើង​ថ្មី វេ​ង សា​ខុន ក៏​បាន​ចេញ​លិខិត​បេសកកម្ម​ចំនួន​២​ស្ទួន​គ្នា ទី​១​លិខិត​ចុះ​ថ្ងៃ​ទី​៣១ ឧសភា ២០១៦ ចាត់តាំង​លោក គឹ​ម សុ​ន អគារ​ធិ​ការ​នៃ​អគារ​ធិ​ការដ្ឋាន និង​មន្ត្រី​ក្រោម​ឱវាទ​ចំនួន​៤​នាក់ ។ លិខិត​មួយទៀត ចុះ​ថ្ងៃ​ទី​២ មិថុនា ២០១៦ ចាត់តាំង​លោក អ៊ុ​ល នទី ប្រធាន​ការិយាល័យ​ទ្រព្យ​រដ្ឋ នៃ​នាយកដ្ឋាន​គណនេយ្យ ហិរញ្ញវត្ថុ និង​មន្ត្រី​ក្រោម​ឱវាទ​ម្នាក់ ដើម្បី​ចុះ​អង្កេត​ស្រាវជ្រាវ​ករណី​បណ្តឹង​លក់​ដី ដែល​មាន​កត់ត្រា​ក្នុង​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ។

នៅ​ថ្ងៃ​ទី​៣ មិថុនា ២០១៦ ក្រុមការងារ​អធិការកិច្ច​នៃ​ក្រសួងកសិកម្ម​ក៏​បាន​ចុះ​មក និង​ធ្វើការ​សាកសួរ​មន្ត្រី​ទាំងអស់ របស់​មន្ទីរ​កសិកម្ម​ខេត្តកោះកុង​ម្នាក់​ម្តង​ៗ ។ មន្ត្រី​ទាំងនោះ មិន​ត្រឹមតែ​បកស្រាយ​ការ​ពិត​ឱ្យ​ក្រុម​អធិការកិច្ច បានដឹង​ប៉ុណ្ណោះ​ទេ គឺ​ក្រុម​មន្ត្រី​ក៏​បាន​បង្ហើប​ឱ្យ​កោះសន្តិភាព​បានដឹង​ដែរ​ថា ដី​ដែល​លោក​ប្រធាន​លួច​លក់​ស្ងាត់​ៗ​នេះ គឺ​មាន​ទំហំ​ស្មើនឹង​៣០​អា​៤១​ស​ង្ទី​អា ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៤៨ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ។ ពួក​គេ​ថា​លក់​ឱ្យទៅ​ឈ្មោះ ជា លាង​ហេង ជា​ម្ចាស់​ក្លិប​ជល់​មាន់ និង​យូគី ដ៏​ល្បីល្បាញ​នៅ​ក្នុង​អាណាចក្រ​កោះកុង ។

ប្រភព​ដដែល​បាន​បង្ហើប​ទៀត​ថា ដី​ខាងលើ​នេះ ត្រូវ​បាន​លោក​ប្រធាន​លួច​លក់​តាំងពី​ថ្ងៃ​ទី​១៧ មិថុនា ២០១៥ បើ​គិត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​មួយ​ឆ្នាំ​ហើយ ។
 ប្រភព​ដដែល​បាន​បន្ត​ថា មូលហេតុ​ដែល​ថ្នាក់លើ​មិន​បានដឹង​ពី​ករណី​លួច​លក់​ដី​រដ្ឋ​នេះ គឺ​ដោយសារ​ឯកសារ​លក់​ទិញ លោក​ប្រធាន​មន្ទីរ​មិន​បាន​រត់​ឯកសារ​ឆ្លងកាត់​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ទេ គឺ​លោក​ប្រធាន​ឃុបឃិត​គ្នា តែ​ជាមួយ​អាជ្ញាធរ ក្រុង​ខេមរភូមិន្ទ ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង និង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត តែ​ប៉ុណ្ណោះ សង្ស័យ​លោក ហាក់ បូ​រ៉ា ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​ខេមរភូមិន្ទ កំពុង​ជាប់​ពាក់ព័ន្ធ​ដីធ្លី​ធ្ងន់ធ្ងរ​ដែរ ។

ប្រភព​ផ្ទៃក្នុង​បាន​ទម្លាយ​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ក្រុម​មន្ត្រី​អធិការកិច្ច និង​ប្រធាន​ការិយាល័យ​ទ្រព្យ​រដ្ឋ​នៃ​ក្រសួង​ក្រសួងកសិកម្ម ចុះ​ស្រាវជ្រាវ​រក​ឃើញ​បទល្មើស​ទាំងនេះ​ហើយ ទើប​នៅ​យប់​ថ្ងៃ​ទី​៨ មិថុនា ២០១៦ លោក​ប្រធាន​មន្ទីរ​បាន​ជួល​កម្មករ​ឱ្យទៅ​វាយ​កម្ទេច​បង្គោលរបង​ខណ្ឌ​ចែក​ដី ដែល​បាន​លួច​លក់ និង​ដី​នៅ​សល់​ចោល ដើម្បី​បំភ័ន្ត​ភ្នែក​ក្រុមការងារ​ថ្នាក់​ខេត្ត ត្រូវ​ចុះ​ទៅ​វាស់វែង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា ២០១៦ ឱ្យ​មើលទៅ​ឃើញ​ទ្រង់ទ្រាយ​ដី​ឡូត៍​តែ​មួយ​ដូច​ដើម​វិញ ដើម្បី​បំភ័ន្ត​ភ្នែក​អ្នក​សារព័ត៌មាន និង​ក្រុមការងារ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ទោះបី​លោក មាស សុភាព ប្រធាន​មន្ទីរ​បាន​សារភាព​ចំពោះ​មុខ​ក្រុម​អធិការកិច្ច​ក្រសួង​ក៏​ពិតមែន ហើយ​រឿងអាស្រូវ​ត្រូវ​បាន​បែកធ្លាយ​យ៉ាង​អសោចិ៍ តែ​នៅ​ចំពោះ​មុខមន្ត្រី​ក្រោម​ឱវាទ​លោក​ប្រធាន​រូប​នេះ​នៅ​តែ​ធ្វើខ្លួន​ដូច​អត់​ដឹង​រឿង​អី្វ​ិ​សោះ ហើយ​ប្រាប់​កូនចៅ​ថា ខ្ញុំ​អត់​ដឹង​អី​ទេ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ដំរី​ងាប់ មិន​អាច​យក​ចង្អេ​បាំង​ជិត​ឡើយ ចាំ​មើល​លោក​ប្រធាន​រត់​ចេញ​ច្រក​ណា ?

កោះសន្តិភាព​បាន​ព្យាយាម​ទំនាក់ទំនង​លោក ហាក់ បូ​រ៉ា ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​ខេមរភូមិន្ទ និង​លោក រស់ វី​រ៉ា​វុ​ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដើម្បី​សុំ​ការ​បំភ្លឺ តែ​ទូរស័ព្ទ​ចូល អត់​មាន​អ្នក​ទទួល ។ ប៉ុន្តែ​លោក ធូ វិបុល អភិបាលក្រុង​ខេមរភូមិន្ទ និង​លោក ទេព វី​ស្កល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បដិសេធ​ថា អត់​បានដឹង​រឿង​នេះ​ទេ ។

លោក ផុ​ន លី​វី​រៈ អភិបាលរង​ខេត្ត និង​អតីត​ជា​ប្រធាន​មន្ទីរ​កសិកម្ម មុន​លោក មាស សុភាព ហើយ​ដែល​កូនចៅ​គោរព​ស្រឡាញ់​គ្រាប់​គ្នា​នោះ បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា ២០១៦ ថា ដី​មន្ទីរ​នេះ លោក​ធ្លាប់​ប្រគល់​ឱ្យ​ការិយាល័យ​ជលផល ដើម្បី​សាងសង់​ការិយាល័យ​របស់​ខ្លួន​ដោយឡែក តែ​ដោយ​កាល​ណោះ​គ្មាន​ទឹក គ្មាន​ភ្លើង​ទៅ​ដល់ ក៏​ចេះ​តែ​នៅ​ទំនេរ​រហូត​ទៅ ហើយ​អ្នក​ដែល​ហ៊ាន​កាត់​ដី​នេះ​លក់ ទោះបី​អ្នកលក់​ប្រគល់​លុយ​ឱ្យ​អ្នកទិញ ហើយ​យក​ដី​ឱ្យ​រដ្ឋ​វិញ ក៏​ត្រូវ​ទទួលទោស​ទណ្ឌ​ដែរ មិន​អាច​រួចខ្លួន​ពី​ផ្លូវច្បាប់​ឡើយ ។

ក្រុម​អ្នកវិភាគ​យល់​ឃើញ​ថា សម័យនេះ​ហើយ​មិន​គួរ​មាន​មន្ត្រី​ថ្លើមធំ​ហ៊ាន​យក​ដី​ទំនេរ​របស់​ក្រសួង​មន្ទីរ​លក់​ដូច​លក់​ត្រី​បែប​នេះសោះ ។ ចាំ​មើល​ទៀត តើ​ជា​សម្ល​កំ​ពិស​ដែរ​ឬ​អត់ ?