ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយគិតដល់ថ្ងៃទី២៧ ធ្នូ នេះ គឺមានរយៈជិត១ខែទៅហើយ មិនទាន់ត្រូវបានបញ្ចប់ទេ ខណៈភាគីជនរងគ្រោះទារសំណង១.៥០០០ដុល្លារ តែធ្លាក់មកនៅ៩០០០ដុល្លារ តែខាងបង្កគ្មានលទ្ធភាព ។ ហើយភាគីខាងជនរងគ្រោះនៅតែដង្ហោយរកយុត្តិធម៌ ព្រោះរងរបួសធ្ងន់ថែមទាំងមានកូនក្នុងផ្ទៃ៦ខែមិនដឹងជាយ៉ាងណានោះទេ រីឯម៉ូតូក៏ខ្ទេចមើលលែងយល់ផងដែរ ។

ហេតុការណ៍បានកើតឡើងកាលពីល្ងាចថ្ងៃទី១ ធ្នូ មកម្ល៉េះ នៅក្នុងភូមិតេជោភ្នំឆត្រ ឃុំនិងស្រុកស្វាយចេក ។ ជនរងគ្រោះក្នុងហេតុការណ៍ខាងលើ ឈ្មោះពន់ ស្រីនីត អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ។ នាងរបួសបាក់ប្រអប់ជើងខាងស្តាំ និងខាងលើចង្កេះខាងស្តាំ មិនតែប៉ុណ្ណោះកូនក្នុងផ្ទៃ៦ខែ ក៏អាចប៉ះពាល់ធ្ងន់ធ្ងរដែរ ព្រោះនាងនិងម៉ូតូត្រូវរថយន្តបង្ករបុកប៉ើងដូចសី ។ នាងរងគ្រោះប្រាប់ថា ដំបូងនាងបើកបរម៉ូតូម៉ាកវីនន័រអ៊ិច(Winer x) ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២០ ពាក់ស្លាកលេខបន្ទាយមានជ័យ១W-៩០៦៣ ដឹកក្មួយប្រុសឈ្មោះសឹម បញ្ញាដើម្បីទៅទិញញឥវ៉ាន់នៅផ្ទះជនបង្ក ព្រោះទីនោះមានលក់គ្រឿងទេស។
នាងបន្តថា លុះនាងឆ្លងផ្លូវផុត ក៏ចតម៉ូតូនៅមុខផ្ទះជនបង្ក ស្រាប់តែឃើញឈ្មោះសន ប៊ុនថា បើករថយន្តថយចេញពីផ្ទះបន្ទាប់មកក៏បើកឡើងផ្លូវកៅស៊ូទៅទិសខាងលិចបន្ទាប់មកក៏ឃើញរថយន្តនោះបត់ត្រឡប់មកវិញបុកនាងនិងម៉ូតូបង្ក របួសខណៈក្មួយប្រុសចុះពីម៉ូតូមុនឆ្លងផុតគ្រោះថ្នាក់។ ភាគីរងគ្រោះបន្តថា ក្រោយកើតហេតុភាគីបង្កបានដឹកនាងទៅមន្ទីរពេទ្យ(Emergency) នៅឯខេត្តបាត់ដំបងដើម្បីព្យាបាល។
សាច់ញាតិជនរងគ្រោះលើកឡើងថា ក្រោយកើតហេតុអាជ្ញាធរមូលដ្ឋានបានសុំដោះស្រាយនៅនឹងកន្លែង ប៉ុន្តែជិតកន្លះខែ
នៅតែគ្មានដំណោះស្រាយដដែល ពួកគាត់ក៏នាំគ្នាទៅកាន់អធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីឲ្យជំនាញជួយរកយុត្តិធម៌ដឹងអីអ្វីៗដែលបានមកវិញ នគរបាលប្រាប់ពួកគាត់ថា សម្លផ្អូមហើយពិបាកដោះស្រាយណាស់។ ពួកគាត់ថា ពេលទៅជួបសមត្ថកិច្ចគេឲ្យសុំចំណារពីអាជ្ញាធរហើយពេលទៅសុំឯកសារបញ្ជាក់ពីអាជ្ញាធរបែរជារុញដាក់គ្នាពីមួយទៅមួយ។ ជនរងគ្រោះនិងសាច់ញាតិថា ករណីនេះមិនអាចទទួលយកសំណងតិចតួចបានទេព្រោះជនរងគ្រោះអាចពិការជើងម្ខាងមួយជីវិត ឯកូនក្នុងផ្ទៃខាងពេទ្យប្រាប់ថា អាចមិនប្រក្រតី។
សម្រាប់ភាគីបង្ក លោកសន ប៊ុនថា ប្រាប់តាមទូរស័ព្ទថា គ្មានចេតនាបើករថយន្តបង្កគ្រោះថ្នាក់ទេ ប៉ុន្តែដោយសារពេលជាន់ហ្វ្រាំងមានដបមួយកលនៅខាងក្រោមហ្វ្រាំង ទើបកើតមានបញ្ហាបែបនេះ ។ លោកថា ក្រោយកើតហេតុ លោកមិនបានគេចវេសពីការទទួលខុសត្រូវនោះដែរ ព្រមមើលថែជំងឺជនរងគ្រោះ និងដោះស្រាយសំណង ប៉ុន្តែការដោះស្រាយរហូត៣ដងក្នុងមូលដ្ឋាន និងទៅដល់អធិការដ្ឋាននគរបាលស្រុកមិនបានសម្រេច ព្រោះភាគីរងគ្រោះទារសំណងថ្លៃពេកពី១.៥០០០ដុល្លារមកនៅ៩០០០ដុល្លារ ខណៈគាត់សុំត្រឹម៦០០០ដុល្លារ និងជួយបង់ថ្លៃព្យាបាលផងគេមិនព្រម។
ទោះជាយ៉ាងណា អ្នកបើកបររថយន្តបង្ករូបនេះបញ្ជាក់ជាចុងក្រោយថា លោកនឹងនៅតែទទួលខុសត្រូវលើការបង់សំណងត្រឹម៤.៥០០ដុល្លារ និងសងថ្លៃថ្នាំពេទ្យបើភាគីរងគ្រោះព្រមបញ្ចប់រឿង។ ប្រធានមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆត្រ លោកឧត្តមសេនីយ៍ អ៊ុត សំអាត បានប្រាប់កោះសន្តិភាពថា បញ្ហាខាងលើ លោកក៏ដូចជាអាជ្ញាធរភូមិបានធ្វើការសម្របសម្រួលភាគីទាំង២អស់លទ្ធភាព ហើយតម្លៃទាមទារសំណងរបស់ភាគីរងគ្រោះភាគីបង្ករមិនអាចទទួលយកបាន ទើបរឿងនេះវែងអន្លាយ ខណៈភាគីរងគ្រោះទាមទារប្តឹងឡើងទៅតុលាការបន្ត។
អធិការរងទទួលផែនចរាចរនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានប្រាប់កោះសន្តិភាពថា ពេលកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលស្វាយចេកចំនួន២នាក់បានទៅដល់កន្លែងកើតហេតុដែរ តែខាងមណ្ឌលអភិវឌ្ឍន៍នោះនិងអាជ្ញាធរភូមិសុំសម្រុះសម្រួលម្យ៉ាងភាគីបង្កក៏បានជួយដឹកអ្នករងគ្រោះទៅព្យាបាល និងព្រមមើលថែអ្នកជំងឺទើបខាងសមត្ថកិច្ចដកកម្លាំងមកវិញ។
លោកអធិការរងបញ្ជាក់ថា រាល់ករណីដែលកើតមាននៅចំណុចភូមិខាងលើ សមត្ថកិច្ចពិបាកធ្វើការណាស់ ព្រោះអាជ្ញាធរនៅទីនោះ ហាក់មិនសហការជាមួយទេ តែងតែសុំធ្វើការសម្របសម្រួល លុះដោះស្រាយមិនចេញ ទើបពលរដ្ឋរត់រកឲ្យសមត្ថកិច្ចជួយ ។ ចំពោះករណីដែលសាច់ញាតិជនរងគ្រោះលើកឡើងថា ពេលទៅសុំអន្តរាគមន៍ឲ្យសមត្ថកិច្ចជួយបែរជាសមត្ថកិច្ចថា សម្លរផ្អូមពិបាកទទួលនោះលោកអធិការរងបដិសេធថា មិនបានដឹងទេ បើទោះជាក្រុមសាច់ញាតិមានទាំងសម្លេងសមត្ថកិច្ច ក៏ដោយ ។


ចែករំលែកព័តមាននេះ