ខេត្តសៀមរាប ៖ បុគ្គលិកបម្រើការងារនៅសណ្ឋាគារវិចតូរីយ៉ាអង្គររីសតប្រមាណជាង៥០នាក់បានប្រមូលផ្តុំគ្នានៅមុខសណ្ឋាគារដោយតវ៉ាចាក់មីក្រូបំពងសម្លេងបទពិណពាធ ឬបទខ្លងខែកដើម្បីឲ្យថៅកែចេញមកដោះស្រាយ តែពុំមានលទ្ធផលនោះទេ ។
ហេតុការណ៍តវ៉ានេះគឺគិតមកដល់ត្រឹមល្ងាចថ្ងៃទី៧មិថុនាមានរយៈពេល៤ថ្ងៃមកហើយ ដែលការតវ៉ារបស់ក្រុមបុគ្គលិកនៃសណ្ឋាគារខាងលើដែលមានទីតាំងនៅខាងក្រោយព្រះអង្គចេកព្រះអង្គចម ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ក្រុមសមត្ថកិច្ចដែលនៅការពារក៏ដូចជាការតាមដានឃ្លាំមើលសកម្មភាពការធ្វើកូដកម្មរបស់បុគ្គលិកនោះជាច្រើនថ្ងៃរហូតឈានដល់ ចាក់មីក្រូបំពងសម្លេងបទហែរខ្មោចនៅមុខសណ្ឋាគារមួយនេះ បាននិយាយថា កូដកម្មនេះវាក្លាយទៅជាដំបៅមហារីកដែលគ្មានថ្នាំព្យាបាលទៅហើយ ។ នៅក្រោមហេតុផលនេះ គឺដោយសាតែទ្វេរភាគីមិនព្រមងាកមករកតុចរចា ហើយព្យាយាមបន្តធ្វើកូដកម្មដដែលជាដដែលៗ ច្រើនលើកច្រើនសារមកហើយ ។
ជាក់ស្តែងតាំងពីព្រឹករហូតល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ទោះបីក្រុមអ្នកតវ៉ាចាក់មីក្រូបទហែរខ្មោចលាន់ឮរំពងយ៉ាងណាក៏ដោយ គេមិនឃើញមានអាជ្ញាធរថ្នាក់ណាចុះមកអន្តរាគមន៍ ឬហាមឃាត់អំពីទង្វើនោះឡើយ ផ្ទុយទៅវិញមានតែសមត្ថកិច្ចដែលមានឯកសណ្ឋានស៊ីវិលតាមឃ្លាំមើលតែប៉ុណ្ណោះ ។
សូមរំលឹកថា ថៅកែសណ្ឋាគារវិចតូរីយ៉ាអង្គររីសត និងស្ប៉ា គឺជាជនជាតិបារាំង ។
ចំណែកលោក ម៉ម រិទ្ធី ប្រធានសហពន្ធ័សហជីព វិស័យទេសចរណ៍សេវាកម្មកម្ពុជា បានឲ្យដឹងថា មូលហេតុដែលបុគ្គលិកក្នុងសណ្ឋាគារធ្វើកូដកម្មអត់ឈប់នេះគឺដោយសារថៅកែបានបញ្ឈប់ពួកគេពីការងារបន្ថែមចំនួន៦០នាក់ទៀត បន្ទាប់ពីបានបញ្ឈប់១៧នាក់ពីមុនរួចមកហើយ ។ អ្វីដែលពួកគេតវ៉ានេះគឺសុំឲ្យថៅកែទទួលយកពួកគេចំនួន៦០នាក់ឲ្យចូលបម្រើការងារក្នុងសណ្ឋាគារវិញព្រមទាំងបើកប្រាក់ខែចាប់តាំងពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការ ។ លោកបន្តថា រឿងរ៉ាវដែលបានកើតឡើងក្នុងសណ្ឋាគារខាងលើគឺតាំងពីអំឡុងឆ្នាំ២០១៥មកម្ល៉េះ កាលនោះថៅកែបានបញ្ឍប់បុគ្គលិកចំនួន១៧នាក់ ហើយអ្នកទាំងនោះត្រូវតុលាការចេញសាលក្រមរក្សាការពារបញ្ឈប់ការធ្វើសកម្មភាពអ្វីទាំងអស់ ។ តែមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ថៅកែបានបញ្ឈប់បុគ្គលិកចំនួន៦០នាក់បន្ថែមទៀត ដែលជាហេតុនាំឲ្យពួកគាត់ប្រមូលគ្នាធ្វើកូដកម្មបែបនេះ ។
លោកម៉ម រិទ្ធី បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីមានហេតុការណ៍នេះ អាជ្ញាធរក្រុង-ខេត្តបានកោះហៅទ្វេរភាគីនោះមកដោះស្រាយគ្នាជាច្រើនលើកច្រើនសារមកហើយផងដែរ ប៉ុន្តែក្នុងជំនួបនោះមិនមានភាគីណាយល់ព្រមដើម្បីបញ្ចប់បញ្ហានោះទេ គឺសុទ្ធតែអះអាងយកត្រូវរៀងៗខ្លួន ។ លោកបន្តថា សម្រាប់កូដកម្មមួយនេះអាចឈានដល់ដាក់ញ្ញតិទៅសម្តេចតេជោ ហ៊ុន សែន ក្នុងពេលខាងមុខនេះ ៕
ចែករំលែកព័តមាននេះ