ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ល្ខោនខោល ឬ​ភា​ណី​របស់​កម្ពុជា (នៅ​មាន​ត)

7 ឆ្នាំ មុន

នៅ​សម័យកាល​មិនយូរ​ប៉ុន្មាន មុន​ពេល​ដែល​ព្រះបាទ​ត្រសក់ផ្អែម​បាន​ឡើង​សោយរាជ្យ ប្រទេស​កម្ពុជា​បាន​ជួប​វិបត្តិ​សាសនា​មួយ​យ៉ាង​ធ្ងន់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ស្តេច​ផែនដី និង​មន្ត្រី ធំ​ៗ​ដែល​កាន់​ព្រហ្មញ្ញសាសនា

នៅ​សម័យកាល​មិនយូរ​ប៉ុន្មាន មុន​ពេល​ដែល​ព្រះបាទ​ត្រសក់ផ្អែម​បាន​ឡើង​សោយរាជ្យ ប្រទេស​កម្ពុជា​បាន​ជួប​វិបត្តិ​សាសនា​មួយ​យ៉ាង​ធ្ងន់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ស្តេច​ផែនដី និង​មន្ត្រី ធំ​ៗ​ដែល​កាន់​ព្រហ្មញ្ញសាសនា និង​ប្រជានុរាស្ត្រ​ទៅ​ទៅ ដែល​និយម​គោរព​ព្រះពុទ្ធ​សាសនា​ឃ្លាតឆ្ងាយ​ពី​គ្នា ។ តា​ត្រសក់ផ្អែម​ជា​កសិករ និង​ជា​ពុទ្ធសាសនិក​ម្នាក់​ដែល​មាន​ប្រជាប្រិយភាព​ធំធេង​ក្នុង​ចំណោម​ប្រជារាស្ត្រ ព្រោះ​គាត់​ជា​មនុស្ស​ស្លូតបូត ហើយ​ឆ្លាត​វាងវៃ​ផង ។ ក្នុង​ការ​សម្រាក​ពីមុខ​របរ​ចិញ្ចឹមជីវិត តា​ត្រសក់ផ្អែម​តែងតែ​នាំ​អ្នកស្រុក​លេង​មហោស្រព​នានា ដែល​នាំ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​គាត់​កាន់តែ​ល្បី និង​មាន​អ្នកស្រុក​ជិត​ឆ្ងាយ គោរព ស្រឡាញ់​គាត់​យ៉ាងច្រើន​ទៀត​ផង ។ ថ្ងៃមួយ​ដោយ​ឃើញ​ថា ភោគផល​កសិកម្ម​របស់​គាត់​បាន​ផល​ល្អ តា​ត្រសក់ផ្អែម​ក៏​បេះ​ត្រសក់​ខ្លួន​យក​ទៅ​ថ្វាយ​ព្រះរាជា និង​បាន​នាំ​មហោស្រព គឺ​ល្ខោន របាំ​នានា ទៅ​សម្តែង​ថ្វាយ​ស្តេច​ផែនដី​ទៀត​ផង ។ ព្រះរាជា​ទ្រង់​សព្វព្រះរាជហឫទ័យ​នឹង​ត្រសក់​ដែល​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ពិសេស​របស់​គាត់​ណាស់ ហើយ​ក៏​ទ្រង់​ចេញ​ព្រះរាជ​បញ្ជា​ហាម​មិន​ឱ្យ​តា​ត្រសក់ផ្អែម​បេះ​ត្រសក់​យក​ទៅ​លក់ដូរ ឬ​ក៏​ឱ្យទៅ​អ្នក​ណា​ម្នាក់​ឡើយ ។ មិនតែប៉ុណ្ណោះ​ដើម្បី​រក្សា​ចម្ការ​ត្រសក់​នេះ ព្រះរាជា​បាន​ប្រទាន​លំពែង​មួយ​ដែល​ស្ល​ឡើង​ដោយ​ថ្ម​កាយ​សិទ្ធិ គឺជា​លំពែង​ដ៏​មាន​ឫទ្ធិ​ដល់​តា​ត្រសក់ផ្អែម ។ ដើម្បី​សាកល្បង​ថា តើ​តា​ត្រសក់ផ្អែម​មាន​ភក្តីភាព​ចំពោះ​បន្ទូល​របស់​ព្រះ​អង្គ ឬ​ក៏​អត់ ? យប់​មួយ​នោះ​ព្រះ​អង្គ​ទ្រង់​គង់​លើ​សេះ​ជា​ជំនិះ ហើយ​ទ្រង់​នាំ​ទាំង​ពល​សេនា​ឯទៀត​ទៅ​ឃ្លាំមើល រួច​លបចូល​ទៅ​ក្នុង​ចម្ការ​ត្រសក់ ។

គាប់​ជួន​ពេល​នោះ តា​ត្រសក់ផ្អែម​កំពុង​តែ​មើល​មហោស្រព​ស្រាប់តែ​ក្រឡេក​ទៅ​ឃើញ​មនុស្ស​លួច​ចូល​ក្នុង​ចម្ការ គាត់​នឹកគិត​ថា​ជា​ចោរ ក៏​លើក​លំពែង​ឡើង ហើយ​ពួយ​ទៅ​ក្នុង​ចម្ការ​ត្រង់​កន្លែង​ដែល​មនុស្ស​លបចូល​នោះ ។ លំពែង​បាន​ហោះ​ទៅ​ចាក់​ត្រូវ​ចំ​ព្រះរាជា​សុគត​ក្នុង​ពេល​នោះ​ទៅ ។ ដោយ​ព្រះរាជា​អង្គ​នោះ​គ្មាន​ព្រះរាជបុត្រ​នឹង​ស្នង​រាជ​បន្ត​ពី​ព្រះ​អង្គ​…​ពួក​សេនាបតី​មន្ត្រី​ទាំងពួង ក៏​លើក​តា​ត្រសក់ផ្អែម​ឱ្យ​ឡើង​សោយរាជ្យ ។

ដោយសារ​ដើម​កំណើត​របស់​ព្រះ​អង្គ​ជាតិ​ជា​កសិករ និង​ជា​ពុទ្ធសាសនិក ចូល​ចិត្ត​ពលកម្ម  ស្រឡាញ់​ធម្មជាតិ ស្រណោះស្រណោក​ជីវភាព​ស្រែ​ចម្ការ ដែល​ព្រះ​អង្គ​ធ្លាប់​បាន​ភព​ព្រ​សព្វ​រាល់ថ្ងៃ ក្នុង​ពេល​បាន​ឡើង​សោយរាជ្យ​ក្នុង​បុរី​មហានគរ ព្រះបាទ​ត្រសក់ផ្អែម​បាន​ចាត់ចែង​ឱ្យ​សិល្បករ ជំនិត​ៗ​របស់​ព្រះ​អង្គ​ច្នៃប្រឌិត​បង្កើត​ស្នាដៃ​សិល្បៈ​ដែល​មាន​ភាព​ស្វាហាប់ ហើយ​លើកយក​រឿង​រាមកេរ្តិ៍​ដែល​ជា​រឿង​មាន​ប្រជាប្រិយភាព​ធំធេង​ក្នុង​សង្គម​ខ្មែរ ទាំង​ក្នុង​ចំណោម​អ្នក​កាន់​ព្រហ្មញ្ញសាសនា ទាំង​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ទាំង​អ្នកមាន​ជំនឿ​ទៅ​លើ​អារក្សអ្នកតា ដែល​ជា​ជំនឿ​របស់​ខ្មែរ​ដើម​យក​មក​សម្តែង ផង​។ គឺ​ចាប់ពី​ពេល​នោះ​មក​ហើយ ដែល​ល្ខោន ឬ​ល្ខោន​ពាក់​មុខ​ដែល​មាន​សុទ្ធតែ​សិល្បករ ប្រុស​ៗ​ជា​អ្នក​រាំ​បាន​ចាប់កំណើត​ឡើង ។

ដូច​បាន​ជំរាប​បញ្ជាក់​ខាងលើ​ម្តង​រួច​មក​ហើយ​ថា រឿងរ៉ាវ​ទាំង​ពីរ​ដែល​ទាក់ទិន​នឹង​ប្រភព​កំណើត​ល្ខោនខោល ដែល​បាន​រៀបរាប់​ដូច​ខាងលើ យើង​សង្កេត​ឃើញ​មិន​មាន​ឯកសារ​ណា កត់ត្រា​ឱ្យ​បាន​ច្បាស់លាស់​ជា​ភស្តុ​តាង​ទេ​…​ប៉ុន្តែ​វា​ជា​រឿង​និយាយ ត​ៗ​គ្នា ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត តាម​ការ​និយម​របស់​ប្រជារាស្ត្រ​ខ្មែរ​តែ​ប៉ុណ្ណោះ ។
ម្យ៉ាងទៀត​ទម្រង់​ល្ខោន​ប្រុស​នេះ មិនមែន​មាននៅ​តែ​ប្រទេស​កម្ពុជា​យើង​នេះ​ទេ ។ យើង​សង្កេត​ឃើញ​មាននៅ​ក្នុង​ប្រទេស​នានា​ជា​ច្រើន ដែល​ធ្លាប់​មាន​អារ្យធម៌​ដ៏​ចំណាស់ និង​រីក​ចំរើន​ដូច​ជា​ប្រទេស​ឥណ្ឌា និង​ប្រទេស​ជប៉ុន​ជាដើម​។

(​នៅ​មាន​ត​)