ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​បោះឆ្នោត​ជ្រើសរើស​អ្នក​បន្តវេន​ជា​នាយក​រដ្ឋមន្ត្រី សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា នៅថ្ងៃ​២៤​ធ្នូ ក៏​នឹង​បោះឆ្នោត​ជ្រើសតាំង​អនុប្រធាន​គណបក្ស ២​រូប​ទៀត​

3 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ តាម​កម្មវិធី ដែល​បាន​គ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២១ ស្អែក​នេះ គណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​គណបក្ស នៅ​វិមាន…

​ភ្នំពេញ​៖ តាម​កម្មវិធី ដែល​បាន​គ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២១ ស្អែក​នេះ គណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​គណបក្ស នៅ​វិមាន ៧​មករា ដែលជា​ទីស្នាក់ការ​កណ្តា​ល​គណបក្ស​ប្រជាជន​កម្ពុជា តាម​មហាវិថី​ព្រះ​នរោត្តម ក្ន​ងុ​រាជធានី​ភ្នំពេញ​។ សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា នឹងមាន​របៀបវារៈ​សំខាន់ៗ គឺ​ការបោះឆ្នោត​ជ្រើសតាំង​អនុប្រធាន​គណបក្ស ២​រូប រួមទាំង​ការបោះឆ្នោត​ជ្រើសតាំង​អ្នក​បន្តវេន ជា​នាយករដ្ឋមន្ត្រី​អនាគត​។​

​របៀបវារៈ ចំនួន ៤ ដែល​អង្គសន្និបាត​គណៈ​ក​ម្មា​ធិ​ការ​កណ្តាល ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២១ រួមមាន​៖ ១-​ការជ្រើសតាំង​អនុប្រធាន​គណបក្ស ចំនួន ២​រូប​បន្ថែម ២-​ការបោះឆ្នោត​សម្រេច​លើ​បេក្ខភាព​នាយករដ្ឋមន្ត្រី ទី​៣-​ការរៀបចំ​ទិសដៅ​ការងារ សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​ឆ្នាំ​២០២២ និង​៤-​ការណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹងថា បេក្ខភាព​ឈរឈ្មោះ ជា​នាយករដ្ឋមន្ត្រី បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មានតែ​មួយរូប​ប៉ុណ្ណោះ ដែល​ត្រូវ​ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃទី​២៤ ខែធ្នូ​ស្អែក​នេះ​។ ប៉ុន្តែ​លោក សុខ ឥសាន មិនបាន​បញ្ជាក់ថា បេក្ខភាព​នាយករដ្ឋមន្ត្រី បន្តវេន​នោះ ជា​នរណា​ឡើយ តែ​លោ​កថា ជា​យុវជន​ជំនាន់​ក្រោយ​។ ចំពោះ​បេក្ខភាព​អនុប្រធាន​គណបក្ស ២​រូប​បន្ថែមទៀត ក៏​មិន​ត្រូវបាន​ទម្លាយ​ឲ្យ​ដឹង​ទេ​។

​សូម​បញ្ជាក់​​ថា សមាជិក​-​សមាជិការ នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​សរុប ៨៣៧​រូប​។ ក្រោយ​សម្តេច ជា ស៊ីម ទទួលមរណភាព កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៥ ក្នុង​ជន្មាយុ ៨៣​ឆ្នាំ គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​កំពូល​។ ក្នុងនោះ នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ សម្តេច ស ខេង និង​សម្តេច សាយ ឈុំ ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តែងតាំង​គោរមងារ​ជា «​សម្តេច​ក្រឡាហោម ស ខេង​» និង​ជា «​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​»​។

​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ គណបក្ស​ប្រជាជន​កម្ពុជា បានរៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្តាល  ដើម្បី​បោះឆ្នោត​ជ្រើសតាំង​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឡើងជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជំនួស​សម្តេច ជា ស៊ីម​។ រីឯ​សម្តេច ស ខេង និង​សម្តេច សាយ ឈុំ ក៏​ត្រូវបាន​ជ្រើសតាំង ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

​មកដល់ពេលនេះ ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជា​ប្រធានកិត្តិយស ព្រមទាំង​អនុប្រធាន ២​រូប គឺ​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​។​

​យ៉ាងណាក៏ដោយ កាលពីដើម​ខែធ្នូ ឆ្នាំ​២០២១ នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជា​សាធារណៈ​ម្តង​ជា​ពីរដង ពី​ការសម្រេច​របស់​សម្តេច ក្នុងការ​គាំទ្រ​កូនប្រុស​ច្បង​របស់​សម្តេច គឺ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ឲ្យ​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី បន្ត​ពីស​ម្តេច ដែលជា​ឪពុក​។​

​គ្រាន់តែ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ដូច្នេះ ញត្តិ​គាំទ្រ​មកពី​គ្រប់ទិសទី តាំងពី​ថ្នាក់មូលដ្ឋាន រហូតដល់​ថ្នាក់ដឹកនាំ​កំពូលៗ លើកលែងតែ​សម្តេច ស ខេង បានប្រកាស​គាំទ្រ​ការសម្រេច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ជ្រើសតាំង​លោក ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក ហ៊ុន ម៉ា​ណែ​ត កើត​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​១៩៧៧ បាន​រៀន​ចប់​សាលា​បណ្ឌិត​យោធា​អាមេរិក West Point នៅ​ឆ្នាំ​១៩៩៩​។ នៅ​ឆ្នាំ​២០០២ លោក ហ៊ុន ម៉ា​ណែ​ត ទទួលបាន​សញ្ញាបត្រ​ថ្នាក់អនុបណ្ឌិត​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និង​នៅ​ឆ្នាំ​២០០៨ លោក​ទទួលបាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ Bristol នៃ​ចក្រភព​អង់គ្លេស​។​

​នៅ​ឆ្នាំ​២០០៨ លោក ហ៊ុន ម៉ា​ណែ​ត ជា​មេបញ្ជាការ​អង្គភាព​ពិសេស​ប្រឆាំង​អំពើ​ភេរវកម្ម ហើយ​ក្រោយមក ក៏​បន្ថែម​តួនាទី​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក​។ រហូតដល់​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង ជា​មេបញ្ជាការ​កងទ័ពជើងគោក ជំនួស​លោក មាស សុភា​។ ក្រោយមក លោក ហ៊ុន ម៉ា​ណែ​ត ក៏ត្រូវ​បាន​បន្ថែម​តួនាទី ជា​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​។​

​នៅក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ មកដល់​ខែធ្នូ ឆ្នាំ​២០២១ នេះ លោក ហ៊ុន ម៉ា​ណែ​ត គឺជា​អនុប្រធាន​នៃ​«​គណៈ​ចលនា​មហាជន​» ជា​ប្រធាន​ចលនា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ក្មេង​ជាងគេ ក្នុង​គណៈអចិន្ត្រៃយ៍ ដែលមាន​សមាសភាព ៣៦​រូប​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ