រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា នៅកម្ពុជា មានអ្នកប្រើប្រាស់ឡានទំនើបថ្លៃជាច្រើន ខណៈចំណូលពន្ធគយពីរថយន្តរួមចំំណែកប្រមាណ ៣៣ ភាគរយនៃចំណូលគយសរុប ។

ថ្លែងនៅពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចបានផ្តល់មតិ ដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាខាងគយ ដើម្បីឱ្យប្រសិទ្ធភាពការងារកាន់តែល្អនិងពង្រឹងខ្លួនកាន់តែខ្លាំងថែមទៀត ទាំងការងារប្រមូលចំណូលនិងការងារសម្រួលពាណិជ្ជកម្ម និងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ។
ជាមួយគ្នានោះ សម្តេចតេជោ បានផ្តល់អនុសាសន៍សំខាន់ៗជាច្រើន ក្នុងនោះអនុសាសន៍សំខាន់មួយ គឺ ត្រូវបន្តពង្រឹងប្រកបដោយប្រសិទ្ធភាព ទប់ស្កាត់បង្ការ និងបង្ក្រាប អំពើរត់គេចពន្ធ ដើម្បីរួមចំណែកបង្កើនចំណូលជូនរដ្ឋ ធានានូវការប្រកួតប្រជែង ដោយស្មើភាព សម្រាប់ធុរកិច្ច និងការលើកស្ទួយ អនុលោមភាព និងវប្បធម៌សារពើពន្ធនៅកម្ពុជា ។ ម៉្យាងទៀត ដើម្បីលុបបំបាត់ទាំងស្រុងនូវអំពើរត់គេចវេសពន្ធ គឺត្រូវពង្រឹងការអនុវត្តច្បាប់ លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងកិច្ចសហការពីភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជនផងដែរ ។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ត្រូវខិតខំយ៉ាងម៉េចឱ្យប្រទេសរបស់យើង កុំឱ្យមានទំនិញគេចពន្ធ ជាពិសេសគឺរថយន្ត និងម៉ូតូ ។ ព្រោះពន្ធពីរថយន្តនិងម៉ូតូ គឺស្មើនឹង ៣៣ ភាគរយនៃចំណូលគយ ដូច្នេះរថយន្តត្រូវតែបង់ពន្ធ ។
«ឡានខ្លះលេងថ្លៃ ៥០ម៉ឺន (ដុល្លារ) ពួកយើងហ៊ានជិះណា ។ ឡានមួយ ៥០ម៉ឺន (ដុល្លារ) ឡានមួយ ២០ ម៉ឺន (ដុល្លារ) ឡានមួយ ១០ ម៉ឺន (ដុល្លារ) ហ៊ានជិះ អ៊ីចឹងគឺត្រូវតែបង់ពន្ធ ។ បើមានលុយទិញឡានហើយ សុំលៃលុយសម្រាប់បង់ពន្ធផង» ។ អ៊ីចឹងត្រូវខិតខំមើលចំណុចនេះ ។

សម្តេចតេជោ បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យឡាន និងម៉ូតូ ដែលមិនបានបង់ពន្ធធ្វើចរាចរណ៍លើដងផ្លូវជាដាច់ខាត ក្រោយពេលអស់ឱសានវាទ ។

ទន្ទឹមនឹងនោះ សម្តេចបានថ្លែងថា គ្រប់ស្ថាប័នទាំងអស់ រួមសហការគ្នាដើម្បីប្រមូលចំណូល ព្រោះបើគ្មានកិច្ចសហការទេ គឺគយតែឯងធ្វើមិនបានទេ អ៊ីចឹងកម្លាំងនគរបាលយុត្តិធម៌ អាវុធហត្ថ និងកងទ័ព ក៏ត្រូវតែធ្វើដែរ រុញយ៉ាងណាត្រូវរកចំណូល និង ទប់ស្កាត់និងបង្ក្រាបនូវការគេចពន្ធនានា ព្រោះចំណូលពន្ធសំខាន់ណាស់ យកមកបើកប្រាក់ខែជូនមន្ត្រីរាជការគ្រប់ថ្នាក់ ។
បន្ថែមពីលើនេះសម្តេចក៏បានបញ្ជាក់ថា សម្តេចសោកស្តាយដែលមិនបានឡើងប្រាក់ខែជូនមន្ត្រីរាជការ ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ខាងមុខ ដោយសារតែបញ្ហាកូវីដ-១៩ ក៏ប៉ុន្តែបើសិនជាចំណូលមានការកើនឡើង នោះគ្រោងនឹងតំឡើងប្រាក់ខែនាឆ្នាំ ២០២៣ ខាងមុខ ៕
ចែករំលែកព័តមាននេះ