ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​មាន​ក្រុមហ៊ុន​ចំនួន​84 បាន​ចុះបញ្ជី​វិនិយោគ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ជា​តំបន់​ដែល​មានការ​វិនិយោគ​ដ៏​ធំ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ភាគច្រើន​សម្បូរ​ដោយ​វិនិយោគិន​ក្រៅប្រទេស​មក​បណ្ដាក់ទុន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ។

រាជធានី​ភ្នំពេញ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ជា​តំបន់​ដែល​មានការ​វិនិយោគ​ដ៏​ធំ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ភាគច្រើន​សម្បូរ​ដោយ​វិនិយោគិន​ក្រៅប្រទេស​មក​បណ្ដាក់ទុន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ។ ជាមួយ​គ្នា​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក៏​បាន​ផ្ដល់​ការងារ​ជូន​ដល់​កម្មករ​-​កម្មការិនី​កម្ពុជា​រាប់​ម៉ឺន​នាក់​ផង​ដែរ និង​ទទួល​បាន​ប្រាក់​ចំណូល​តាម​ស្ដង់ដា​រាជរដ្ឋាភិបាល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

តាម​ប្រសាសន៍​របស់​លោក​ជំទាវ​ឧកញ៉ា លឹ​ម ឈី​វ​ហូ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន​ភ្នំពេញ អេសអុ​ី​ហ្សិត បាន​ឲ្យ​ដឹង​ថា ៖ « សព្វ​ថ្ងៃនេះ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ចំនួន​៨៤​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​ដែល​កំពុង​តែ​ដំណើរការ​វិនិយោគ​របស់​ខ្លួន មាន​ចំនួន​ប្រមាណ​៧០​ក្រុមហ៊ុន គឺ​នៅ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​ដែល​កំពុង​រៀបចំ​ដំណើរការ​អភិវឌ្ឍន៍​បន្តបន្ទាប់​ទៀត » ។

« ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ភាគច្រើន​ជា​ក្រុមហ៊ុន​វិនិយោគ​មក​ពី​បរទេស និង​មាន​ក្រុមហ៊ុន​ក្នុងស្រុក​តិចតួច​ប៉ុណ្ណោះ » ។ នេះ​បើ​តាម​លោក​ជំទាវ​ឧកញ៉ា​បាន​បញ្ជាក់ ។

លោក​ជំទាវ​ឧកញ៉ា​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ « ក្រុមហ៊ុន​វិនិយោគ​នៅ​ក្នុង​នោះ គឺ​បរទេស​សឹងតែ​ទាំងអស់ ។ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល​មាន​ទំហំ​ដី​ប្រមាណ​៣៥៣​ហិ​កតា​ត្រូវ​បាន​អភិវឌ្ឍន៍ និង​វិនិយោគ​ដោយ​ក្រុម​ហ៊ុ​នានា​មក​ពី​បរទេស និង​កម្ពុជា​ផង​នោះ​អស់​ប្រមាណ​៨០%​ហើយ នៅ​សល់​តែ​២០%​ទៀត​ប៉ុណ្ណោះ ដែល​មិន​ទាន់​បាន​វិនិយោគ តែ​ក៏​កំពុង​រៀបចំ​ការ​វិនិយោគ​ជា​បណ្ដើរ​ៗ​ផង​ដែរ » ។

បើ​តាម​លោក​ជំទាវ​ឧកញ៉ា ធ្លាប់​បាន​មាន ប្រសាសន៍​កន្លង​មក​ថា ៖ « តំបន់​សេដ្ឋកិច្ច ពិសេស​ភ្នំពេញ បាន​ផ្ដល់​ការងារ​ជូន​កម្មករ​-កម្មការិនី​ខ្មែរ​យើង​ប្រមាណ​ជិត ២​ម៉ឺន​នាក់ ដោយ​ម្នាក់​ៗ​ទទួល​បាន​ប្រាក់បៀវត្ស​ទៅ​តាម​ស្តង់ដា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយសារ​តែ​ក្រុមហ៊ុន​ដែល​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ គឺជា​ក្រុមហ៊ុន​អន្តរជាតិ​។ ដូចនេះ ពួក​គេ​វិនិយោគ​នៅ​ប្រទេស​ណា តែងតែ​អនុវត្ត​ទៅ​តាម​ច្បាប់​ការងារ និង​ច្បាប់​ផ្សេង​ៗ​ទៀត​របស់​ប្រទេស​នោះ » ។

លោក​ជំទាវ​ឧកញ៉ា​លើក​ឡើង​ថា ៖ « នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​កម្មករ​-​កម្មការិនី​កំពុង​តែ​បំពេញការងារ​ចំនួន​១៩.៨៣៧​នាក់ (​តួលេខ​គិត​នៅ​ដើម​ខែមេសា ឆ្នាំ​២០១៦) ហើយ​ប្រាក់ខែ​ដែល​ពួក​គេ​ទទួល​បាន គឺ​ទៅ​តាម​ស្តង់ដា​របស់​រាជរដ្ឋាភិបាល ដែល​អប្បបរមា​ចំនួន​១២៨​ដុល្លារ​អា​មេ​រិ​ក បូក​រួម​ជាមួយ​ប្រាក់​បន្ថែម​ផ្សេង​ៗ​ទៀត គឺ​ក្នុង​ម្នាក់​ៗ​អាច​ទទួល​បាន​២០០​ដុល្លារ​អា​មេ​រិ​ក រហូត​ដល់​៤០០​ដុល្លារ​អា​មេ​រិ​ក​ឯណោះ » ។

គួរ​បញ្ជាក់​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​មាន​ចម្ងាយ​ប្រមាណ​១៨​គីឡូម៉ែត្រ​ពី​កណ្ដាល​រាជធានី​ភ្នំពេញ និង​ប្រមាណ​៨​គីឡូម៉ែត្រ​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ។ សព្វ​ថ្ងៃនេះ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក៏​បាន​បោះផ្សាយ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ផង​ដែរ ដើម្បី​ជំរុញ​ឱ្យ​វិស័យ​មូល​ប​ត្រ​កម្ពុជា ដែល​ជា​វិស័យ​ក្មេងខ្ចី​មួយ​ឱ្យ​ដំណើរការ​បាន​ល្អ​ប្រសើរ ដូច​បណ្ដា​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​អាស៊ាន និង​ពិភពលោក​ជាដើម ៕