រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ ប្រមាណ ៥០នាក់ តំណាងអោយប្រជាពលរដ្ឋ ៣ភូមិ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បាននាំគ្នា លើកទៅសាលាសង្កាត់ព្រែកលៀប ដើម្បីអោយលោកចៅសង្កាត់ ជួយអន្តរាគមន៍ រឿងវិក្កយបត្រទឹកឡើងថ្លៃខុសប្រក្រតី។ ខ្លះ ធ្លាប់ប្រើអស់មិនដល់ ១០ម៉ឺនរៀលផង ក្នុងរយៈពេល ២ខែ ស្រាប់តែលើកនេះ ឡើងរហូតដល់ជាង ១លានរៀល។
ការតវ៉ានេះ បានផ្ទុះឡើង កាលពីវេលាម៉ោងប្រមាណជាង ២រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅស្នាក់ការសាលាសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋ បានលើកឡើងថា នៅពេលថ្មីៗនេះ ទឹកបានឡើងថ្លៃ ខុសប្រក្រតី ដែលពីមុន ខ្លះប្រើអស់ប្រមាណ ៤ ទៅ ៥ម៉ឺនរៀល ហើយមានជាង ១០ម៉ឺន ឬ២០ម៉ឺនរៀល ស្រាប់តែខែនេះ បានឡើងហួសហេតុ រហូតជាង ១លានរៀល។ នៅពេលដែលពួកគាត់ឡើងទៅតវ៉ានៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខាងរដ្ឋាករ លើកហេតុផលផ្សេងៗ និងជំរុញអោយពួកគាត់បង់ថ្លៃទឹក តាមវិក្កយបត្រ ដែលបានចេញនោះ។ បើអត់លុយបង់ គឺអាចបង់រំលោះ ក៏បានដែរ។
ស្ត្រីម្នាក់ ឈ្មោះ សុខ លីន ដែលបានលើកវិក្កយប័ត្រ អោយលោក ព្រាប មុន្នី ចៅសង្កាត់ព្រែកលៀប ពិនិត្យមើល បានដឹងថា ជាទូទៅ ទឹកគាត់ប្រើរយៈពេលប្រមាណ ២ខែ អស់ប្រមាណជាង ១០ម៉ឺន ទៅ ២០ម៉ឺនរៀល ស្រាប់តែ ខែនេះ ឡើងដល់ ៨៩១ ៤០០រៀល បូកទាំងជំពាក់មុន ២០១ ៣៥០រៀល សរុបទឹកប្រាក់ ដែលត្រូវបង់ ចំនួន ១ ០៩២ ៧៥០រៀល។ តាមពិត គាត់អត់ជំពាក់ពីមុនអ្វីនោះទេ។
ចំណែកឈ្មោះ ម៉ែន សំអេង បានអោយដឹងថា ទឹកធ្លាប់ប្រើ អស់ប្រមាណជិត ១០ម៉ឺនរៀល ស្រាប់តែ លើកនេះ ឡើងដល់ ១ ៥៦០៧០០រៀល។
នៅចំពោះមុខ លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំ រួមមាន៖ ១.សូមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោះស្រាយឡើងវិញ ចំពោះវិក្កយបត្រ ដែលបានចេញមកនេះ ពួកគាត់មិនអាចទទួលយកបាននោះទេ ២.សុំអោយ ការចុះមកយកតម្លៃទឹកអនុវត្តជារៀងរាល់ខែ មានន័យថា ១ខែ យកម្តងៗ ដូចខាងអគ្គិសនីកម្ពុជា និង៣. ក្នុងការរង់ចាំការដោះស្រាយ មិនត្រូវរ៉ូវគ្នា សំណូមពរ មិនអោយមានការផ្តាច់ទឹកនោះទេ។
ប្រជាពលរដ្ឋ ក៏បានបញ្ជាក់ថា បើសិនជាគ្មានការដោះស្រាយនោះទេ ពួកគាត់នឹងនាំគ្នា លើកទៅស្នាក់ការរដ្ឋាករទឹកក្រុងភ្នំពេញ ដើម្បីទទួចអោយមានការដោះស្រាយ ដែលអាចទទួលយកបាន។
លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប បានអោយដឹងថា ប្រជាពលរដ្ឋ ដែលមានប្រតិម្មតវ៉ាថ្លៃទឹក មាន ៣ភូមិ គឺភូមិគៀនឃ្លាំង ព្រែកលៀប និងភូមិខ្ទរ ដែលមានប្រជាពលរដ្ឋ ប្រមាណ ៦០០ ទៅ ៧០០គ្រួសារ ហើយលើកគ្នា មកសាលាសង្កាត់ តែតំណាងៗ ប្រមាណជិត ៥០នាក់តែប៉ុណ្ណោះ។
លោកចៅសង្កាត់ ក៏បានអោយដឹងថា ការយកថ្លៃទឹករយៈពេល ២ខែម្តង ឬខ្លះ ៣ខែម្តង បានធ្វើអោយបរិមាណទឹក ឡើងច្រើន ហើយតម្លៃទឹកក៏បានឡើង ដល់កំរិតខ្ពស់ ពី ៤០០រៀល រហូតដល់ជាង ២០០០រៀល ក្នុង ១ម៉ែត្រគីប។ មិនតែប៉ុណ្ណោះ បូកនឹងវិភាគទានលូទឹកស្អុយ ១០ភាគរយ ជាហេតុ ធ្វើអោយថ្លៃទឹកឡើងខ្ពស់ ដែលប្រជាពលរដ្ឋ លើកគ្នាមកតវ៉ាពេលនេះ។
លោកចៅសង្កាត់ បន្ថែមថា ការឡើងថ្លៃនោះ គឺចាប់តាំងពីមានការដោះដូរអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មកម្លេះ។
ទោះបីជាយ៉ាងណា កោះសន្តិភាព ពុំទទួលបានការបំភ្លឺណាមួយ ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅឡើយ ជុំវិញការឡើងថ្លៃទឹក នៅ ៣ភូមិ ក្នុងសង្កាត់ព្រែកលៀប ខណៈដែលនៅតំបន់ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ មិនទាន់មានការតវ៉ាករណីទឹកឡើងថ្លៃនៅឡើយទេ៕ ម៉េង ធា









ចែករំលែកព័តមាននេះ