ពលរដ្ឋនាំគ្នាដាក់បណ្ដឹងទៅសាលាឃុំ ករណីលក់បឹងត្រពាំងគោឈ្មោល
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋជាង១០គ្រួសារនៅភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានសម្ដែងការខកចិត្តជាខ្លាំង ក្រោយពេលមកទទួលការដោះស្រាយពីអាជ្ញាធរឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បែរជាលើកពេលទៅវិញ។ ហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០២១។
ប្រជាពលរដ្ឋជាម្ចាស់បណ្ដឹងបានរៀបរាប់ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន និងបង្ហាញត្រពាំងគោឈ្មោល ជាបឹងសាធារណៈដែលត្រូវគេលក់នោះថា បឹងត្រពាំងគោឈ្មោល មានទំហំប្រមាណជិតមួយហិកតា គឺជាត្រពាំងសាធារណៈដែលប្រជាពលរដ្ឋក្នុងភូមិធ្លាប់បានអាស្រ័យផលតាំងពីបុរាណរហូតមក ដោយបូមទឹកដាក់ស្រែ និងជាត្រពាំងទឹកដែលសត្វគោក្របីក្នុងភូ មិផឹកទឹក ជាពិសេសនៅរដូវប្រាំង។

ពលរដ្ឋបន្តថា ស្រាប់តែនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ មានលិខិតលក់ទិញត្រពាំងនេះ គឺអ្នកលក់ឈ្មោះ លោកប្រាក់ សំអូប និងលោកស្រី សុខ សួរ មានទីលំនៅភូមិថ្មកែវ ឃុំស្វាយ ជ្រុំ ស្រុករលាប្អៀរ បានលក់ទៅឱ្យលោក ម៉ៅ សំអាត ទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលមានទំហំដី ២២.៧២៥ ម៉ែត្រការ៉េ ខណៈដែលដីត្រពាំងគោឈ្មោលនេះ មានទំហំតែជិត១ហិកតាតែប៉ុណ្ណោះ គឺការលក់ទិញនេះ រំលោ.ភយកទាំងដឺស្រែរបស់ប្រជាពលរដ្ឋជាង១ហិកតាដែលមានប័ណ្ណកម្មសិទ្ធិនៅជុំវិញបឹង ហើយប្រជាពលរដ្ឋជាម្ចាស់ស្រែកំពុងតែប្ដឹងនៅតុលាការខេត្តហើយ ។

ដោយឡែកនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះដែរ គេពិនិត្យឃើញដើមឈូកក្នុងត្រពាំងនេះផ្នែកត្បូងបានងា.ប់អស់មួយចំនួន ដោយមិនដឹងថា គេបាញ់ថ្នាំ ឬកា.ប់ដើមផ្ដាច់ពីក្នុងទឹកនោះទេ ។ ករណីខាងលើនេះ ប្រជាពលរដ្ឋជាម្ចាស់បណ្ដឹង និងដែលសុទ្ធតែជាអ្នកមានដើមកំណើតនៅភូមិកំពង់រាំង សំណូមពរលោកមេឃុំស្វាយជ្រុំ មោឃៈភាពលិខិតទិញលក់ខាងលើនេះចោល ដោយសូមរក្សាទុកត្រពាំងនេះជាទ្រព្យសម្បត្តិសាធារណៈសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអាស្រ័យផលដូចដើមវិញ ។
ប្រជាពលរដ្ឋម្ចាស់បណ្តឹងនៅក្នុងភូមិកំពង់រាំង បានឲ្យដឹងថា កន្លងមក ពួកគាត់ក៏បានដាក់បណ្ដឹងទៅឯកឧត្តមអភិបាលខេត្តជាង៣ខែមកហើយដែរ ប៉ុន្តែអាជ្ញាធរខេត្ត មិនទាន់បានដោះស្រាយ ដូចនេះពួកគាត់សុំសំណូមពរអាជ្ញាធរស្រុក និងខេត្ត មេត្តាជួយពន្លឿនការដោះស្រាយករណីខាងលើនេះ និងស្នើសុំចាត់វិធានការដល់អ្នកលក់ អ្នកទិញត្រពាំងសាធារណៈរបស់រដ្ឋតាមផ្លូវច្បាប់។

ទាក់ទងនឹងករណីខាងលើនេះ លោ ក យីភួន មេឃុំស្វាយជ្រុំ នៅរសៀលថ្ងៃទី២១ខែធ្នូនេះ ក៏បានបញ្ជាក់តាមទូរស័ព្ទថា ព្រឹកមិញ លោកជាប់ទៅប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីទទួលយកអាវរងាមកចែកជូនប្រជាពលរដ្ឋ ទើបលើកការប្រជុំដោះស្រាយរឿងនេះទៅថ្ងៃក្រោយ ។
ដោយឡែក ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្ត បានបញ្ជាក់ដែរថា ការងារខាងលើនេះ ឯកឧត្តមបានបញ្ជូនឯកសារជូនឯកឧត្តម សាន់យូ អភិបាលរងខេត្តរួចហើយនៅព្រឹកនេះ អោយជួយដោះស្រាយ ព្រោះថាកន្លងមក ឯកឧត្តមមានកិច្ចការច្រើនមិនបានដោះស្រាយ ៕




















ចែករំលែកព័តមាននេះ