រាជធានីភ្នំពេញ ៖ បើសិនមិនមានអ្វីប្រែប្រួលនោះទេ ត្រកូន ដែលក្រុមកសិករ នៅខេត្តបាតដំបងដាំដុះបែបសុវត្ថិភាពនោះ នឹងនាំចេញទៅកាន់ទីផ្សារសឹង្ហបុរីនៅប៉ុន្មានខែខាងមុខទៀតនេះ នៅក្នុងខណៈពេលនេះ ក្រុមកសិកដាំដុះ និងក្រុមហ៊ុននាំចេញបានឯកភាពគ្នារួចហើយ ។

ប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មតាសីសាមគ្គី លោក ណុប នុន បានឱ្យដឹងថា គម្រោងនាំចេញត្រកួនចិនទៅប្រទេសសឹង្ហបុរីនេះ លោកកំពុងសម្របសម្រូលពិសេសលើការដាំដុះក្នុងការផ្សារភ្ជាប់ពីសហគមន៍ទៅឈ្មួញ ។ លោកថា ការងារនេះបានជជែកគ្នាជាមួយខាងក្រុមហ៊ុននាំចេញមួយចំនួន ហើយការដែលគេមានគម្រោងនាំចេញត្រកួនទៅសិង្ហបុរីដោយសារសក្តានុពលនៃការដាំដុះនៅកម្ពុជាចំណាយថ្លៃដើមតិច ។

«ត្រកួនចិនក្រោមអាយុ ២០ ថ្ងៃ គឺយើងអាចដាំដុះបាន ហើយយើងនឹងសាកល្បងនាំចេញនៅពេលខាងមុខឆាប់ៗនេះ ។ គម្រោងនាំចេញត្រកួនចិនទៅសិង្ហបុរីនេះ ខាងដៃគូនាំចេញបានឯកភាពគ្នាហើយ ។ ដៃគូមានបទពិសោធន៍លើការនាំចេញទៅតាមបណ្តាប្រទេសផ្សេងៗ ប៉ុន្តែយើងផ្តោតទៅលើប្រទេសសិង្ហបុរីមុន» លោក ណុប នុន បញ្ជាក់ ។

ការដាំដុះត្រកួនចិនក្នុងមួយថ្ងៃខាងសហគមអាចប្រមូលផលបាន៣តោនសម្រាប់ធ្វើនាំចេញ ។ ចាប់ពីខែមករាដល់ខែមីនាឆ្នាំ២០២២ ខាងមុខគេនឹងដឹងលទ្ធផលថា គម្រោងនេះដើររួចក្នុងកម្រិតណាធ្វើបានកម្រិតណា ។ តាមប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មតាសីសាមគ្គី ក្រៅពីគារនាំចេញស្រស់ សមាគមអាចមានលទ្ធភាព សម្ងួតត្រកូនមុននាំចេញផងដែរ ៕
ចែករំលែកព័តមាននេះ