ឆេះរោងត្រីឆ្អើរ ជាង ១០០០ចង្កាក់ និងទូកង ២គ្រឿង នៅឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ រោងត្រីឆ្អើរ ទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ រួមនឹងទូកង ៣គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង ១២ និង ១០ នាទី រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខវត្តសំរោង ស្ថិតក្នុងភូមិសំរោង ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា រោងត្រីឆ្អើរខាងលើ មានម្ចាស់ឈ្មោះ លី រុន និងប្រពន្ធ ឈ្មោះ ស៊ីម អ៊ូរ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបានបន្តថា មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យកើតឡើង មកពីម្ចាស់ត្រីឆ្អើរ ប្រហែស និងបាន ដុតភ្លើងខ្លាំងពេក ទើបបណ្តាលឱ្យឆាបឆេះទាំងត្រីឆ្អើរ និងទាំងរោង ពន្លត់មិនទាន់។ ចំពោះការខូចខាត មានរោត្រីឆ្អើរ ៥ គុណនឹង ៧ម៉ែត្រ ឆេះទាំងស្រុង ត្រីឆ្អើរជាង ១ពាន់ចង្កាក់ និងទូកង ២គ្រឿង ដែលគេដាក់ត្រាំទឹក នៅក្បែរនោះ ឆេះអស់មួយកំណាត់មួយៗ។
ក្នុងហេតុការណ៍នោះដែរ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត បានអន្តរាគមន៍ ជួយបាញ់ពន្លត់អស់ចំនួន ៣ឡានផងដែរ។ ក្រោយកើតពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ត្រីឆ្អើរខាងលើ យកទៅសាកសួរ។
សូមរំលឹកថា កាលពីដើមខែធ្នូនេះ ក៏មានហេតុការាណ៍ឆេះរោងត្រីឆ្អើរមួយកន្លែង នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដែលអស់ទឹកប្រាក់ប្រមាណ ៣ម៉ឺនដុល្លារផងដែរ៕ ពៅ សុខហ៊ាន









ចែករំលែកព័តមាននេះ