ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ពេល​នេះ​កំពុង​រង​ការ​វាយប្រហារ​លើ​រណសិរ្ស​ជា​ច្រើន

7 ឆ្នាំ មុន

ការ​វាយ​កម្ចាត់​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចេញពី​ទីក្រុង​រ៉ា​កា ក្រុង​ហ្វា​ល់​លូ​ចា និង​ក្រុង​ម៉ូ​ស​ស៊ុ​ល គឺជា​ទិស​ដៅ​របស់​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ ដោយ​សហរដ្ឋ​អា​េ​ម​រិ​ក តែ​ដោយ​ពឹងផ្អែក​ខ្លាំង​លើ​កងទ័ព​ស៊ី​រី

ការ​វាយ​កម្ចាត់​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចេញពី​ទីក្រុង​រ៉ា​កា ក្រុង​ហ្វា​ល់​លូ​ចា និង​ក្រុង​ម៉ូ​ស​ស៊ុ​ល គឺជា​ទិស​ដៅ​របស់​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ ដោយ​សហរដ្ឋ​អា​មេ​រិ​ក តែ​ដោយ​ពឹងផ្អែក​ខ្លាំង​លើ​កងទ័ព​ស៊ី​រី និង​កងទ័ព​អីុ​រ៉ា​ក់ ក្នុង​ការ​តស៊ូ​ប្រឆាំង​ក្រុម​នេះ ។

រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ប្រឈម​មុខ​នឹង​ការ​វាយលុក​របស់​កងទ័ព​រដ្ឋាភិបាល និង​កងកម្លាំង​មិនមែន​រដ្ឋាភិបាល​នៅ​អីុរ៉ា​ក់ និង​នៅ​ស៊ី​រី ពួក​ជី​ហា​ដ​បាន​បាត់បង់​ដែនដី​កាន់កាប់​កាន់តែ​ច្រើន ក៏​ប៉ុន្តែ​ពុំ​ព្រម​ទម្លាក់អាវុធ​ចុះ​ឡើយ រួច​ដោយ​ប្រមូល​ជន​ស៊ី​វិល​ជា​ច្រើន​ពាន់​នាក់​ធ្វើ​ជា​ចំណាប់ខ្មាំង ។

នៅ​ក្រុង​ហ្វា​ល់​លូ​ចា ពួក​ជី​ហា​ដ បាន​ប្រើ​ខែល​មនុស្ស​ទប់ទល់​ការ​វាយលុក ។ ទីក្រុង​នេះ​ជាទី​ក្រុង​ដំបូង​គេ​ធ្លាក់​ក្នុង​ដៃ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ខែមករា ឆ្នាំ​២០១៤ ។ នា​ថ្ងៃ​ទី​៣០ ឧសភា កងកម្លាំង​ពិសេស​អីុ​រ៉ា​ក់បាន​លុក​ចូល​ទីក្រុង​ស្ថិត​នៅ​ចម្ងាយ​៥០​គីឡូម៉ែត្រ ពី​ទីក្រុង​បា​ដា​ដ​នេះ ។

ឧត្តមសេនីយ៍​អាប់​ដែល​វ៉ា​ហាប អាល់​សា​អា​ឌី មេបញ្ជាការ​ប្រតិបត្តិការ​គូសបញ្ជាក់​ថា កងទ័ព​អីុ​រ៉ា​ក់​វាយលុក​ចូល​ទីក្រុង​ហ្វា​ល់​លូ​ចា ជាមួយ​ការ​ជួយ​ទ្រទ្រង់​តាម​អាកាស​របស់​ក្រុមចម្រុះ​អន្តរជាតិ និង​របស់​កងទ័ពអាកាស​អីុ​រ៉ា​ក់ ព្រមទាំង​ការ​ជួយ​ទ្រទ្រង់​របស់​កងកាំភ្លើងធំ និង​កងរថក្រោះ​ផង​ដែរ ។ ពួក​ជីវពល​ស៊ី​អីុ​ត​ក៏​ចូលរួម​ក្នុង​ការ​វាយលុក​នេះ​ដែរ។

ទោះបី​យ៉ាងណា នា​ថ្ងៃ​ទី​៣១ ឧសភា កងទ័ព​អីុ​រ៉ា​ក់​ជួប​ប្រទះ​នឹង​ការ​តស៊ូ​ទប់ទល់​ខ្លាំងក្លា​របស់​ពួក​ជី​ហា​ដ​ក្នុង​ការ​រុលទៅមុខ ខណៈ​វាសនា​ជន​ស៊ី​វិល​ជា​ច្រើន​សិប​ពាន់​នាក់​ញ៉ាំង​​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។ តាំងពី​ចាប់ផ្តើម​វាយលុក​ពី​ថ្ងៃ​ទី​២៣ ឧសភា មក ប្រជាជន​ច្រើន​ពាន់​នាក់​អាច​រត់​ភៀសខ្លួន​ចេញពី​តំបន់​ជាយក្រុង​ហ្វា​ល់​លូ​ចា​នានា ក៏​ប៉ុន្តែ​ប្រជាជន​ប្រមាណ​៥០.០០០​នាក់ ជាប់​នៅ​កណ្តាល​ក្រុង ។ ពួក​ជន​ស៊ី​វិល​ត្រូវ​បាន​ពួក​ជី​ហា​ដ​ប្រើ​ជា​ខែល​មនុស្ស ។

ចំណែក​កងកម្លាំង​ពួក​ឃើ​ត​អីុ​រ៉ា​ក់​ចាប់ពី​ថ្ងៃ​ទី​៣០ ឧសភា មក បាន​ធ្វើ​ប្រតិបត្តិការ​វាយលុក​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ភាគ​ខាងជើង​អីុ​រ៉ា​ក់ ក្រោយ​ការ​វាយ​យក​បាន​ភូមិ​៩​ពី​ពួក​ជី​ហា​ដ ។ ក្រុមប្រឹក្សាសន្តិសុខ​តំបន់​ស្វយ័ត​ឃើ​ត​ឌី​ស្ថាន​អីុ​រ៉ា​ក់​គូសបញ្ជាក់​ថា ប្រតិបត្តិការ​នៅ​ភាគ​ខាងកើត​ក្រុង​ម៉ូ​ស​ស៊ុ​ល សម្រេច​បាន​គោលដៅ​គន្លឹះ​របស់​ខ្លួន ដោយ​ដណ្តើម​យក​បាន​ភូមិ​៩​ត្រួតត្រា​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០១៤ មក ។ ពួក​យុទ្ធ​ជន​ឃើ​ត​អុ​ី​រ៉ា​ក់​ប្រមាណ​ជា​៥.៥០០​នាក់ គាំទ្រ​ដោយ​កង​យន្តហោះ​ក្រុមចម្រុះ​អន្តរជាតិ​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​វាយលុក​លើ​តំបន់​ក្រុង​ម៉ូ​ស​ស៊ុ​ល ។

រួច​នៅ​ប្រទេស​ស៊ី​រី មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នានា​រវាង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី FDS ប្រឆាំង​ពួក​ជី​ហា​ដ​នៅ​ភាគ​ខាងជើង​ខេត្ត​រ៉ា​កា ពេល​ការ​វាយលុក​នៅ​ទីនោះ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៨ ក្រោម​ការ​ជួយ​ទ្រទ្រង់​របស់​ក្រុមចម្រុះ​អន្តរជាតិ ។

ខេត្ត​រ៉ា​កា ដែល​ទីប្រជុំ​ខេត្ត​នេះ​មានឈ្មោះ​ដូច​គ្នា​ជាទី​តាំង​សំខាន់​របស់​ពួក​ជី​ហា​ដ ហើយ​មួ​​យ​ភាគ​ធំ​នៃ​ខេត្ត​នេះ​ស្ថិត​ក្នុង​ដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ ក៏​ប៉ុន្តែ​កងកម្លាំង​របស់ FDS អាច​វាយ​ដណ្តើម​បាន​ភូមិ​ចំនួន​១២ និង​ចម្ការ​មួយ​រយៈពេល​៣៦​ម៉ោង​ចុង​ក្រោយ​នេះ នៅ​ភាគ​ខាងជើង​ខេត្ត ។ រួច​កាលពី​ថ្ងៃ​ទី​២៩ ឧសភា កងទ័ព​ស៊ី​រី​ជាមួយ​ការ​ជួយ​គាំទ្រ​តាម​អាកាស​របស់​រុ​ស្ស៊ី​វាយ​រំដោះ​បាន​ភូមិ​មួយ​ក្នុង​ខេត្ត​ហូ​ម ៕