ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​បន្ទប់ទឹក ជើង​សើម​ជាន់​ខ្សែរ​ភ្លើង​ឆក់​ស្លា.ប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងដែក​ម្នាក់ បាន​ចូល​ទៅ​បត់ជើង នៅ​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ​មេជាង របស់​ខ្លួន លុះ​ពេល​ចេញ​មក​វិញ ដោយសារ​ជើង​សើម

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងដែក​ម្នាក់ បាន​ចូល​ទៅ​បត់ជើង នៅ​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ​មេជាង របស់​ខ្លួន លុះ​ពេល​ចេញ​មក​វិញ ដោយសារ​ជើង​សើម ហើយ​បាន​ដើរ​ជាន់​ខ្សែភ្លើង ដែល​រាយ​នៅ​លើ​សាប ដោយ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ មិន​លើក​ឲ្យ​ផុត​ពី​ដី​ឲ្យ​បាន​ត្រឹមត្រូវ ក៏​បាន​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត ឆក់​ជន​រង​គ្រោះ​ខាង លើ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។ ប៉ុន្តែ​សាច់ញាតិ​មិន​អស់ចិត្ត នឹក​ស្មានថា​មិន​ទាន់​ស្លាប់ ក៏​បាន​ដឹក​ទៅ​កាន់ មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ពេល​ទៅ​ដល់ គ្រូពេទ្យ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ទើប​ដឹក​ត្រឡប់​មក​ផ្ទះ​វិញ​។

ហេតុ​ការ​ណ៏​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ក្នុងផ្ទះ​ថៅកែ​ជាងដែក ស្ថិត​នៅ​តាម​ផ្លូវលំ​ក្រុម​ទី​៥ ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ យុវជន​រង​គ្រោះ ឈ្មោះ ចាន់ ទ្រា អាយុ​២៣​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ យុវជន​រង​គ្រោះ បាន​ធ្វើការ​ផ្សា​ដែក​ជា​ធម្មតា ខណៈនោះ​បាន​ឈឺ​បត់ជើង ក៏​បាន​ចូល​ទៅ​បត់ជើង នៅ​ក្នុង​បន្ទប់ទឹក​នោះ លុះ​ពេល​បត់ជើង​រួច ចេញ​មក​វិញ ដោយ​ជើង​ទទេ អត់​មាន​ពាក់​ស្បែកជើង​ឡើយ​។ ជន​រង​គ្រោះ​បាន​ដើរ​ជាន់​ខ្សែភ្លើង ដែល​ម្ចាស់ផ្ទះ និង​ជា​ថៅកែ​ជាងដែក​រាយ​ដាក់ នៅ​លើ​សាប​គ្មាន​សណ្ដាប់ធ្នាប់ និង​ធ្វេសប្រហែស ហើយដោយ​សារ​ជើង​របស់​គេ​សើម បាន​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ដួល​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។

សមត្ថកិច្ច​និយាយ​បន្ត​ថា ខ្សែភ្លើង​នោះ​អត់​មាន​ដាច់​រលាត់​នោះ​ទេ រឿង​អី​ត្រូវ​ឆក់​ទៅ​កើត ពេល​នេះ​មានការ​សង្ស័យ​ថា អាច​មាន​ដែក​ប៉ះ​ចំ​មុខតំណ​ខ្សែភ្លើង ជើង​ជន​រង​គ្រោះ​សើម ដើរ​ជាន់​ដែក​ដែល​ឆ្លង​ចរន្ត​ភ្លើង ទើប​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​។ នេះ​គឺជា​ធ្វេសប្រហែស របស់​ម្ចាស់ផ្ទះ​ដែល​ជា​ថៅកែ ខ្សែភ្លើង​មិន​បាន​លើក​ឲ្យ​ផុត​ពី​ដី​ទេ ដាក់​រាយ​ប៉ាយ​នៅ​លើ​សាប ហើយ​ក៏​មាន​ដែក ស្ថិត​នៅ​ទីនោះ​រញ៉េរញ៉ៃ​ផង​ដែរ មិន​បាន​រៀបចំ​ឲ្យ​បាន​របៀប ទើប​បណ្ដាល​ឲ្យ​ឆក់​ជាង​ស្លាប់​បែប​នេះ​៕