ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ក្នុង​វិស័យ​កាត់ដេរ​អាច​ប្រឈម​បាត់បង់ ការងារ​ ៧០%​ នៅ​អនាគត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អង្គការ​អន្តរជាតិ​ខាង​ការងារ​វាយតម្លៃ​ថា ​វិស័យ​កាត់ដេរ​នឹង​អាច​បាត់បង់​ការងារ​រហូត​ដល់ ​៧០% ​នៅ​រយៈពេល​១០ ​ឆ្នាំ​ទៀត​បើសិន​មិន​មាន​គោលនយោបាយ​ច្បាស់លាស់​នោះ​ ។ លោក អាត់…

រាជធានី​ភ្នំពេញ​ ៖ អង្គការ​អន្តរជាតិ​ខាង​ការងារ​វាយតម្លៃ​ថា ​វិស័យ​កាត់ដេរ​នឹង​អាច​បាត់បង់​ការងារ​រហូត​ដល់ ​៧០% ​នៅ​រយៈពេល​១០ ​ឆ្នាំ​ទៀត​បើសិន​មិន​មាន​គោលនយោបាយ​ច្បាស់លាស់​នោះ​ ។ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​បានឱ្យ​ដឹង​ថា បើ​តាម​ការ​ប្រមើល​មើល​របស់​អង្គការ ​ILO កាលពី​ឆ្នាំ ​២០១៩ បញ្ជាក់​ថា បើ​សិន​កម្ពុជា​មិន​មាន​គោលនយោបាយ​ច្បាស់លាស់​សម្រាប់​វិស័យ​កាត់ដេរ​នោះ​ទេ កម្លាំង​ពលកម្ម​នៅ​ក្នុង​វិស័យ​នេះ នឹង​អាច​បាត់បង់​ការងារ​ពី ​៦០%​ ទៅ ៧០% ​ក្នុង​រយៈពេល ​១០ ​ឆ្នាំ​ខាង​មុខ ដោយសារ​តែ​ប​ដិ​វដ្ត​ន៍​ឧស្សាហកម្ម​ ៤.០​ ។ ឧស្សាហកម្ម​បច្ចេកវិទ្យា​ថ្មី​នេះ តម្រូវ​ឱ្យ​កា​រវិ​វត្ត​ធនធានមនុស្ស​ដើរ​ស្របគ្នា ​។ ​ជាង​នេះ​ទៅ​ទៀត​ការ​ធ្វើ​ទំនើប​កម្ម​និង​ការ​អភិវឌ្ឍ ទំនាក់ទំនង​ពាណិជ្ជកម្ម​ផ្សេង​ទៀត​ត្រូវធ្វើ​ឱ្យ​ស្របគ្នា​ផង​ដែរ ​។

«​ខ្ញុំ​គិត​ថា បើ​សិន​កម្ពុជា​មានការ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ​ដោយ​មាន​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់ កម្ពុជា​អាច​នឹង​រក្សា​បាន​នូវ​ស្ថិរភាព​នាំ​ចេញ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​វិស័យ​កាត់ដេរ​នេះ​បាន​ ។ ថ្ងៃ​អនាគត​កម្ពុជា​អាច​ផលិត​សម្លៀក​បំពាក់​ឬ​ម៉ូ​ដ​វិញ​ដូច​ជា​នៅ​ហុងកុង​និង​ប្រទេស​កូរ៉េ ដែល​កាលពី​មុនគេ​ជា​អ្នក​ដេរ តែ​មក​ដល់​ឥលូវ​នេះ​គេ​ក្លាយជា​អ្នក​ឌី​ហ្សា​ញ​ និង​ចេញ​ម៉ូ​ដ​សម្លៀក​បំពាក់​វិញ​» នេះ​ជា​ការ​បញ្ជាក់​របស់​លោក ​អាត់ ធន់​ ។

លោក​បណ្ឌិត ​ផា​ន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ថ្មី​ៗ​នេះ​បាន​លើក​ឡើង​ថា វិស័យ​កាត់ដេរ​ជា​វិស័យ​សំខាន់​មួយ​នៅ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ ។ អ្វី​ដែល​ជា​ចំណុច​ល្អ​របស់​កម្ពុ​ជានា​ពេល​នេះ គឺ​កម្មករ​កម្មការិនី បាន​ចាក់​វ៉ាកសាំង​ស្ទើរ​ទាំង​អស់ ខុស​ពី​ប្រទេស​មួយ​ចំនួន​ដែល​មានការ​ប្រឈម​ និង​មិន​ទាន់​បាន​គ្រប់គ្រង​បាន​ល្អ​ ។ លោក​បាន​បញ្ជាក់​ថា​ «​ដូចនេះ​ការ​បញ្ជា​ទិញ​បាន​បង្វិល​មក​ប្រទេស​កម្ពុជា​យើង ជា​ហេតុ​ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​ងើបឡើង​លឿន​នៅ​រយៈពេល​ចុង​ក្រោយ​នេះ ហើយ​ជា​ទិស​ដៅ​ទៅ​មុខ​សម្រាប់​ឆ្នាំ ​២០២២ វិស័យ​កាត់ដេរ​នេះ​នូវ​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ទាំង​រួម​ទាំង​ការ​បញ្ជា​ទិញ​»​ ។

មន្ត្រីជាន់ខ្ពស់​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​កំពុង​បាន​រៀបចំ​យុទ្ធសាស្ត្រ ឬ​ក្រប​ខណ្ឌ​គោលនយោបាយ​ពិតប្រាកដ​មួយ​សម្រាប់​ជំរុញ​វិស័យ ដែល​យុទ្ធសាស្ត្រ​នោះ​នឹង នឹង​ដាក់​ចេញ​ក្នុង​ពេល​ឆាប់​ៗ ​។

ឯកឧត្តម​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្លាប់​បាន​លើក​ឡើង​ថា ​កម្ពុជា​បាន​បន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ពីរ​ឆ្នាំ​ជាប់​គ្នា​នៅ​ក្នុង​ឆ្នាំ ​២០២០ និង​ឆ្នាំ ២០២១ ខណៈ​ប្រទេស​ក្នុង​តំបន់ និង​ប្រទេស​ប្រកួតប្រជែង​ជាមួយ​កម្ពុជា​បាន​ពន្យារពេល ឬ​មិន​បាន​ផ្តល់​ឱកាស​ឱ្យ​មានការ​ជជែក​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នោះ​ឡើយ នៅ​ក្នុងអំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ​។ ការ​ដំឡើង​នេះ បាន​បង្ហាញ​អំពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធានា និង​រក្សា​ស្ថិត​ភាព​ជីវភាព​របស់​កម្មករនិយោជិត ដោយ​ឈរ​លើ​អភិក្រម​នៃ​ការ​វាយតម្លៃ តុល្យភាព​រវាង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន ដល់​សង្គម​-​សេដ្ឋកិច្ច និង​ការងារ ទៅ​នឹង​និរន្តរភាព​នៃ​រោងចក្រ សហគ្រាស និង​ការ​ការពារ​ប្រាក់​ចំណូល​របស់​កម្មករនិយោជិត និង​គ្រួសារ ដែល​ស្រប​តាម​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ