រាជធានីភ្នំពេញ ៖ វិនិយោគិនជនជាតិចិន បានមកទស្សនិកិច្ចសិក្សាស្វែងយល់ពីសក្ដានុពលប្រទេសកម្ពុជា និងគ្រោងសាងសង់ទីក្រុងទំនើបដ៏ធំមួយ ដែលអាចឲ្យប្រជាជនរស់នៅបានប្រមាណ២លាននាក់ ឬប្រហាក់ប្រហែលនឹងទីក្រុងភ្នំពេញដែរ ។ នេះបើយោងតាមការថ្លែងក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយវិនិយោគិនចិនរូបនេះ។ យ៉ាងណាក៏ដោយ អ្នកវិភាគ និងប្រឹក្សាយោបល់ក្នុងវិស័យអចលនទ្រព្យកម្ពុជា ហាក់ដូចជាមិនសូវជឿជាក់លើគម្រោងដ៏ធំមួយនេះនៅឡើយទេ ដោយសារតែគម្រោងនេះវាមានវិសាលភាពធំធេងពេក ។
លោក យ៉ាង កូវឆាំង នាយកក្រុមហ៊ុន Country Golden Holding របស់ប្រទេសចិន បានមកទស្សនកិច្ចនៅប្រទេសកម្ពុជា និងបានជួបសំណេះសំណាលជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី ២៦ ឧសភា ២០១៦ ។
មានប្រសាសន៍នៅក្នុងជំនួបនោះ លោក យ៉ាង កូវឆាំង បានជម្រាបជូនសម្ដេចថា ៖ « នេះជាលើកដំបូងដែលលោកមកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីសិក្សាស្រាវជ្រាវ និងពិនិត្យលទ្ធភាពដើម្បីវិនិយោគការសាងសង់ទីក្រុងទំនើបមួយនៅក្នុងប្រទេសកម្ពុជា ដែលទីក្រុងនេះនឹងអាចឲ្យមនុស្សរស់នៅបានប្រមាណ២លាននាក់ » ។
លោកបន្ដថា ៖ «ក្រុមហ៊ុនរបស់លោកមានថវិកាប្រមាណ៥ពាន់លានដុល្លារអាមេរិកក្នុងការវិនិយោគ ហើយសព្វថ្ងៃនេះ ក្រុមហ៊ុន Country Golden Holidngs បាននិងកំពុងវិនិយោគនៅប្រទេសម៉ាឡេស៊ី ក្នុងការសាងសង់ ទីក្រុងទំនើបមួយ ដែលអាចឲ្យមនុស្សស្នាក់នៅប្រមាណ២លាននាក់ ហើយទីក្រុងនោះកំពុងសាងសង់នៅជាប់ព្រំប្រទល់រវាងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងដែរ » ។
លោកបន្តថា ដោយទទួលបានភាពជោគជ័យ និងគាំទ្រសម្រាប់គំរោងអភិវឌ្ឍន៍ទីក្រុងទំនើបបែបនេះ ទើបក្រុមហ៊ុនរបស់លោកមានបំណងសាងសង់ទីក្រុងនេះមួយទៀតនៅក្នុងប្រទេសកម្ពុជា ។ ក្នុងន័យនេះ លោកយ៉ាង បានសុំអនុសាសន៍ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យលទ្ធភាពសាង់សង់ទីក្រុងដូចគ្នានឹងនៅប្រទេសម៉ាឡេស៊ីនេះ នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយរំដោះចរាចរណ៍នៅក្នុងទីក្រុងផង និងសាងសង់ទីក្រុងថ្មីមួយដែលលក្ខណៈទំនើប និងមានសោភ័ណភាពល្អផង ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការស្វាគមន៍ចំពោះការសិក្សាស្វែងយល់ការវិនិយោគបង្កើតទីក្រុងមួយដ៏ទំនើបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនោះសម្តេចបានផ្តល់អនុសាសន៍ឲ្យលោកយ៉ាង កូវឆាំង ធ្វើការសិក្សាលើគម្រោងប្លង់មេ របស់ទីក្រុងភ្នំពេញ ដើម្បីស្វែងយល់តំបន់ណា ដែលអាចសង់សង់ទីក្រុងបាន និងតំបន់ណាមិនអាចសាងសង់បាន ដោយសម្តេច សូមឲ្យលោកយ៉ាង កូវឆាំង ធ្វើការពិភាក្សាលម្អិតជាមួយមន្ត្រីនៃស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងសិក្សាឲ្យបានលម្អិត មុននឹងធ្វើការវិនិយោគ ព្រោះវាគឺជាការវិនិយោគដ៏ធំមួយ ដែលអាចជួយរួមចំណែក ជំរុញកំណើននៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ។
ដោយឡែក ពាក់ព័ន្ធនឹងគម្រោងនេះដែរ លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហាក់ដូចជាមិនសូវជឿជាក់ទៅលើគម្រោងសាងសង់ទីក្រុងទំនើបដែលអាចឲ្យមនុស្សរស់នៅរហូតដល់២លាននាក់ប៉ុន្មាននោះទេ ។
លោកគីម ហ៊ាង មានប្រសាសន៍ប្រាប់កោះសន្ដិភាពថា ៖ « ខ្ញុំអត់ជឿ ! សង់ទីក្រុងឲ្យមនុស្សរស់នៅ២លាននាក់ ? សព្វថ្ងៃនេះទីក្រុងភ្នំពេញ មានមនុស្សរស់នៅតែប្រមាណ៣លាននាក់ហ្នឹង ហើយគាត់ចង់សង់ទីក្រុងឲ្យមនុស្សរស់នៅ២លាននាក់ តើយកមនុស្សពីណាមកដាក់ » ។
លោកបន្តថា ការសាងសង់ទីក្រុងដែលឲ្យមនុស្សរស់នៅ២លាននាក់ មិនអាចកើតឡើងបានភ្លាមៗនោះទេ ។ បើសិនជាសិក្សាពីឥឡូវទៅ វានឹងអាចកើតមាននៅ១០ទៅ២០ឆ្នាំក្រោយ ។ ម្យ៉ាងទៀត វាក៏ពិបាករកមនុស្សមករស់នៅឲ្យបាន២លាននាក់ណាស់ ព្រោះក្នុងប្រទេសកម្ពុជា មួយខេត្តមានប្រជាជនប្រមាណតែ១លាននាក់ ឬមិនដល់១លាននាក់ផង រឿងអីដែលទីក្រុងមួយ២លាននាក់ ។ គម្រោងនេះវាអាចកើតឡើងនៅពេលទីក្រុងភ្នំពេញ មានមនុស្សចាប់ពី១០លាននាក់ឡើងទៅ ហើយគម្រោងនេះក៏វាលឿនពេកដែរ ។
ទោះបីយ៉ាងណាក៏ដោយ លោក គីម ហ៊ាង បានបន្ថែមថា បើសិនជាគម្រោងនេះកើតមានឡើងនៅពេលឆាប់ៗ សូមឲ្យមានការសិក្សាឲ្យបានច្បាស់លាស់ពីគុណសម្បត្តិ និងគុណវិបត្តិ។ បើគម្រោងនេះកើតឡើងមែន ពលរដ្ឋដែលជាម្ចាស់ដី អាចនឹងសប្បាយចិត្ត ព្រោះលក់ដីបានលុយច្រើន តែបន្ទាប់ពីបានលុយចាយនោះ ក្រោយមកអាចនឹងទឹកភ្នែក ព្រោះអស់ដី អត់កន្លែងរស់នៅ ឬអត់ការងារច្បាស់លាស់ជាដើម។
ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញទស្សនៈផ្ទាល់ខ្លួនពីទីតាំងដែលសមស្របគួរសាងសង់គម្រោងដ៏ធំនេះផងដែរ ដោយលោកបន្ថែមថា ៖ « តាមទស្សនៈខ្ញុំ ទីតាំងដែលស័ក្តិសមសម្រាប់សាងសង់គម្រោងទីក្រុងទំនើបនេះអាចនៅចន្លោះផ្លូវជាតិលេខ៣ និងលេខ៤ ព្រោះទីតាំងនោះនៅទូលាយ ហើយស្ថានភាពដីក៏វាអំណោយផលសម្រាប់សាងសង់ ម្យ៉ាងទៀត វាក៏នៅមិនឆ្ងាយពីក្រុងភ្នំពេញប៉ុន្មានដែរ » ។
គួរបញ្ជាក់ថា គម្រោងសាងសង់ទីក្រុងទំនើបរបស់ចិននៅកម្ពុជានេះ នៅមិនទាន់ដឹងថា នឹងសាងសង់នៅទីតាំងណាពិតប្រាកដ ហើយនឹងត្រូវលេចរូបរាងពិតប្រាកដ ឬយ៉ាងណានោះទេ ព្រោះថាវិនិយោគិតចិនរូបនេះ ទើបតែមានបំណងមកសិក្សា និងស្វែងយល់ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ គម្រោងទីក្រុងរណបបៃតងដំបូងគេនៅកម្ពុជាដែលវិនិយោគដោយវិនិយោគិនសិង្ហបុរី បាននិងកំពុងសាងសង់ជាបណ្ដើរៗហើយ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ហើយក៏មិនទាន់ដឹងថា គម្រោងទីក្រុងរណបនោះ ទទួលបានជោគជ័យកម្រិតណាដែរ ៕
ចែករំលែកព័តមាននេះ