ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លែង​ស្នាម​មេដៃ​បង្កើត​គណបក្ស​បេះដូង​ជាតិ ឡើងដល់​តុលាការ ថ្ងៃ​១៦​ធ្នូ តុលាការ​កោះហៅ ចូល​បំភ្លឺ​!

3 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ យ៉ាងហោចណាស់ មាន​បុរស​ស្ត្រី ២​នាក់ នៅ​ខេត្តសៀមរាប និង​នៅ​ខេត្តព្រៃវែង ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា បង្គាប់​ឲ្យ​ចូល​បំភ្លឺ នៅ​ព្រឹក​ថ្ងៃទី​១៦…

​ភ្នំពេញ​៖ យ៉ាងហោចណាស់ មាន​បុរស​ស្ត្រី ២​នាក់ នៅ​ខេត្តសៀមរាប និង​នៅ​ខេត្តព្រៃវែង ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា បង្គាប់​ឲ្យ​ចូល​បំភ្លឺ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ស្នាម​មេដៃ បង្កើត​គណបក្ស​បេះដូង​ជាតិ​។ ដីកាកោះ​នោះ ចេញ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១ ដោយ​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ សំណុំរឿង​ក្តី​នេះ ចុះ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២១​។​

​តាម​ដីកា បុរស​ស្ត្រី​២​នាក់ ដែល​តុលា​ការកោះហៅ​ឲ្យ​ចូល​បំភ្លឺ​នោះ មាន​ស្ត្រី​ឈ្មោះ ស៊ីម ធាំ អាយុ ៦១​ឆ្នាំ នៅ​ភូមិ​ត្រាវ​បាក់ ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ រីឯ​បុរស ឈ្មោះ ជា អ៊ា​ន អាយុ ៦២​ឆ្នាំ នៅ​ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​

​អ្នក​ទាំង ២ ត្រូវបាន​គេ​អះអាងថា ជា​អ្នកគាំទ្រ​គណបក្ស​បេះដូង​ជាតិ ដែល​បាន​ផ្តិតមេដៃ បង្កើត​គណបក្ស​បេះដូង​ជាតិ​។

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១ លោក សៀម ភ្លុក តំណាង​គណបក្ស​បេះដូង​ជាតិ បានដាក់​លិខិត ស្នើសុំ​ក្រសួងមហាផ្ទៃ ដើម្បី​បង្កើត​គណបក្ស​បេះដូង​ជាតិ​។ នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ សម្តេច​ក្រឡាហោម ស ខេង បានចេញ​លិខិត អនុញ្ញាតឱ្យ​បង្កើត “​គណបក្ស​បេះដូង​ជាតិ​”​។

​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លិខិត ជម្រាប​ទៅ​លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ដោយ​រម្លឹក​ជា​លើក​ទី​ពីរ ចំពោះ “​គណបក្ស​បេះដូង​ជាតិ​” ដើម្បី​ឲ្យ​កែសម្រួល​ខ្លឹមសារ នៃ​លក្ខន្តិកៈ​គណបក្ស ដែល​បានដាក់​មកកាន់​ក្រសួងមហាផ្ទៃ រួមទាំង​បំពេញ​លក្ខខណ្ឌ​នានា ក្នុងការ​ចុះបញ្ជី​គណបក្ស ដោយ​ស្របច្បាប់ នៅ​ក្រសួងមហាផ្ទៃ​។ ប៉ុន្តែ​គណបក្ស​នេះ មិន​អនុវត្តតាម​លិខិត​ជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ ឡើយ​។ 

​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​ក្រឡាហោម ស ខេង បានចេញ​លិខិត ជម្រាបជូន​លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ដោយ​ក្រសួងមហាផ្ទៃ សម្រេច​បដិសេធ​ក្នុង​ការសុំ​ចុះបញ្ជី​របស់​គណបក្ស​បេះដូង​ជាតិ​។ មូលហេតុ ក្រសួងមហាផ្ទៃ លើកឡើងថា ដោយសារតែ​ការ​ផ្តិត​ស្នាម​មេដៃ​របស់​សមាជិក​គណ​បក្ស​បេះដូង​ជាតិ ដើម្បី​គាំទ្រ​ក្នុង​ការសុំ​ចុះបញ្ជី​មាន​ចេតនា​ទុច្ចរិត ដោយ​មានការ​ផ្តិត​ស្នាម​មេដៃ​ជំនួស ការ​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្តិត​ធ្វើ​ឲ្យ​ខូចគុណភាព ដើម្បី​បង្កើន​បរិមាណ​ចំនួន​សមាជិក ព្រមទាំង​ខ្លឹមសារ​ប្រការ​មួយចំនួន នៃ​លក្ខន្តិកៈ​គណបក្ស​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ផងដែរ​។​

​ចុងក្រោយ​នេះ ក្រសួងមហាផ្ទៃ បានសម្រេច​ប្តឹង​តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ទៅ​តុលាការ ដោយសារតែ​ស្នាម​ដៃ ដែល​ផ្តិត​ក្នុង​បែបបទ​ចុះបញ្ជី​គណបក្ស នៅ​ក្រសួងមហាផ្ទៃ គឺមាន​ភាពមិនប្រក្រតី​។ អគ្គស្នងការ​នគរបាល​ជាតិ បាន​បើក​ការស៊ើបអង្កេត​លើ​ស្នាម​មេដៃ​ជិត ៥​ពាន់​ស្នាម​មេដៃ ដែល​ភ្ជាប់​ក្នុង​សំណុំ​ឯកសារ​របស់​គណបក្ស​បេះដូង​ជាតិ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ