ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋចំនួន១២គ្រួសារដែលរស់នៅក្នុងអគារចាស់ទ្រុឌទ្រោម១៣ល្វែង ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានព្រមចាកចេញជាបណ្ដើរៗហើយ តាមការណែនាំរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ ។
![Picture]()
ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ធ្នូ នេះ ខណៈដែលដឹកនាំសមត្ថកិច្ចចំរុះ អញ្ជើញទៅពិនិត្យការរៀបចំចាកចេញរបស់ប្រជាពលរដ្ឋទាំង១២គ្រួសារ រស់នៅក្នុងអគារចាស់ទ្រុឌទ្រោមទាំង១៣ល្វែង បានផ្ដល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរដែនដី នគររូបនីយកម្មនិងសំណង់ខេត្ត និងមន្ទីរវប្បធម៌វិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ព្រមទាំងរដ្ឋបាលខេត្តកំពង់ឆ្នាំងផង ប្រជាពលរដ្ឋដែលរស់នៅក្នុងអាគារចាស់ទ្រុឌទ្រោមបានព្រមចាក់ចេញជាបណ្ដើរៗហើយ ។
![Picture]()
ឯកឧត្តមបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលព្រមចាកចេញបានធ្វើលិខិតស្នើសុំទៅអាជ្ញាធរខេត្តស្ដីពីការចាកចេញរបស់ខ្លួន ។ពួកគាត់ទាំង១២គ្រួសារ សុទ្ធតែមានផ្ទះស្នាក់នៅជាបណ្ដោះអាសន្នរៀងខ្លួន លើកលែងតែ១គ្រួសារប៉ុណ្ណោះ ដែលពុំមានលទ្ធភាពមានផ្ទះស្នាក់នៅបណ្ដោះអាសន្ន ដោយរង់ចាំការវាយកំទេចអគារចាស់នឹងសាងសង់ថ្មីឡើងវិញ ។ ការស្នើសុំអោយចាកចេញរបស់អាជ្ញាធរខេត្តនិងមន្ទីរជំនាញ ព្រោះតែខ្លាចគ្រោះអាសន្នណាកើតឡើងជាយថាហេតុ ។
![Picture]()
ឯកឧត្តមអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា សំណង់អគារចាស់ដែលប្រជាពលរដ្ឋរស់នៅ គឺជារបស់ឯកជនពួកគាត់មិនមែនជារបស់រដ្ឋទេហេតុនេះសូមបងប្អូនកុំមានការព្រួយបារម្ភថារដ្ឋរឹបអូសយកអោយសោះ។ នៅក្នុងឱកាសនោះដែរលោកស្រី កែវ ពៅដែលជាអ្នករស់នៅក្នុងអគារទ្រុឌទ្រោម មានប្រសាសន៍ថា ការឱ្យចេញពីអគារចាស់ទ្រុឌទ្រោម ហើយវាយកម្ទេចចោលសាងសង់ថ្មី គឺជារឿងត្រឹមត្រូវ លោកស្រីមិនប្រកែកទេ។ នរណាក៏ចង់បានអគារថ្មីរស់នៅប្រកបដោយសុខសុវត្ថិភាពដែរ។
![Picture]()
ប៉ុន្តែកន្លងទៅ តាំងពីជំនាន់អភិបាលខេត្តចាស់ បើប្រជាពលរដ្ឋព្រមចាកចេញអាជ្ញាធរខេត្តសន្យាជួយធ្វើនេះជួយធ្វើនោះ គឺគ្មានលាយលាក់អក្សរឲ្យបានត្រឹមត្រូវទេ សន្យាតែមាត់ ដូច្នេះហើយទើបប្រជាពលរដ្ឋនៅតែមានការអល់អែកមិនចង់ហ៊ានចាកចេញទេ ។ហើយអភិបាលខេត្តថ្មីទោះបីសន្យាតែមាត់ក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋមានទំនុកចិត្តនិងព្រមចាកចេញ ដោយមិនអល់អែកឡើយ គឺសុំតែម្យ៉ាង ឲ្យអាជ្ញាធរខេត្តអនុវត្តតាមការសន្យារបស់ខ្លួនតែប៉ុណ្ណោះ ។
![Picture]()
សូមរំលឹកដែរថា អគា១៣ល្វែងនៅចំណុចផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង គឺជាអគារចាស់ទ្រុឌទ្រោមកសាងតាំងពីជំនាន់អាណានិគមបារាំងឆ្នាំ ១៩៣១មកម្ល៉េះ បើគិតមកដល់ពេលនេះជិត 100 ឆ្នាំហើយ មានសភាពទ្រុឌទ្រោមខ្លាំងណាស់សូម្បីតែសសរខ្លះក៏បានពុកផុយដាច់ដែកអស់ទៅហើយ ការដែលអាជ្ញាធរឲ្យចាកចេញពីដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ៕
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ