ចាប់ពីថ្ងៃនេះ! ត្រីប្រហុកចាប់ផ្តើមត្រូវជាបណ្តើរៗហើយ បងប្អូនរួសរាន់ធ្វើប្រហុក
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ចូលដល់ខ្នើតខែមិគសិរ ចាប់ពីថ្ងៃទី១១ ដល់១២ ខែធ្នូនេះ ត្រីប្រហុកបានចាប់ផ្ដើមត្រូវជាបណ្ដើរៗហើយ មន្ត្រីជំនាញអំពាវនាវឲ្យប្រជាពលរដ្ឋរួសរាន់ទៅទិញត្រីធ្វើប្រហុក នៅតាមគោលដៅមួយចំនួនដូចជាឆ្នុកទ្រូស្រុកបរិបូណ៌ និងកំពង់ប្រសាទ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ត្រីចាប់ផ្ដើមត្រូវចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូនេះហើយ នឹងបន្តត្រូវរហូតដល់ផុតខ្នើត ប្រសិនបើមេឃនៅតែស្រឡះល្អ។
លោកបានបញ្ចាក់ទៀតថា នៅឃុំឆ្នុកទ្រូស្រុកបរិបូណ៌ឯណោះ គឺអ្នកនេសាទបានបណ្ដែតម៉ោងក្រឡាធំ ដើម្បីចាប់ ត្រីចង្កែង ត្រីឆ្កោក ជាដើមមិនសូវមានអ្នកចាប់ត្រី រៀល ត្រីលេញនោះទេ ចំណែកឯនៅកំពង់ប្រសាទ ក្នុងឃុំសែប ស្រុកកំពុងតែឡាច គឺមានការបណ្ដែតមោង ចាប់ត្រីរៀល និងត្រីលិញ ដែលអ្នកនេសាទកំពុងតែចាប់បានច្រើនជាបណ្ដើរៗ ដោយហេតុនេះ លោកសូមអំពាវនាវប្រជាពលរដ្ឋដែលមានបំណងធ្វើត្រីប្រហុក សូមអញ្ជើញទៅទិញត្រីធ្វើប្រហុកនៅកំពង់ប្រាសាទ ស្រុកកំពង់ត្រឡាច និងនៅឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ។
យ៉ាងនេះក្តី លោកបានបញ្ជាក់ថា តម្លៃត្រីនៅថ្ងៃទី១២ ខែធ្នូនេះ ត្រីរៀល ត្រីលេញ មងក្រឡា២ហ៊ុន ទៅ២ហ៊ុនកន្លះ មានតម្លៃពី១២០០ ទៅ ២០០០ រៀលចំណែកត្រីចង្កែង មានតម្លៃពី៤ពាន់ ទៅ៦រៀល ។ ដោយឡែកត្រីឆ្កោកលេខ១ ដែលមានទម្ងន់ចាប់ពី១គីឡូកន្លះឡើង តម្លៃ៣ម៉ឺនរៀល ត្រីឆ្កោកលេខ២ មានទម្ងន់ពី១គីឡូ ដល់១គីឡូកន្លះ មានតម្លៃ២ម៉ឺនរៀល និងត្រីឆ្កោកលេខ៣ ចាប់ពី១ គីឡូចុះក្រោមថ្លៃ ៨ពាន់ទៅ១ម៉ឺនរៀល ។ ជាចុងក្រោយលោកក៏បានបញ្ជាក់ដែរថា ប្រសិនបើត្រីនៅបន្តត្រូវ តម្លៃត្រីនឹងចុះថោកជាងនេះ ៕











ចែករំលែកព័តមាននេះ