ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កង​​ធម្មជាតិ​ខេត្តតាកែវ​សម្បូរ​ជាង​ឆ្នាំ​មុន​ៗ តែ​ថ្លៃ​ជាង​រាល់​ឆ្នាំ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជា​រៀងរាល់ថ្ងៃ គេ​សង្កេត​ឃើញ​មាន​បងប្អូន​យើង​ពី​គ្រប់​ទិស​ទី​មក​ភ្លក្ស​រសជាតិ​បង្កង​បឹង​ធម្មជាតិ​ក្នុង​ខេត្តតាកែវ

ខេត្តតាកែវ ៖ ជា​រៀងរាល់ថ្ងៃ គេ​សង្កេត​ឃើញ​មាន​បងប្អូន​យើង​ពី​គ្រប់​ទិស​ទី​មក​ភ្លក្ស​រសជាតិ​បង្កង​បឹង​ធម្មជាតិ​ក្នុង​ខេត្តតាកែវ ខណៈ​រាជរដ្ឋាភិបាល​បាន​បើក​ប្រទេស​ឡើង​វិញ បន្ទាប់​ពី​បិទ​អស់​មួយ​រយៈពេល​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។
បើ​តាម​អាជីវករ​ម្នាក់​ឈ្មោះ ស្រី​នី ជា​អ្នកលក់​បង្កង​នៅ​ផ្សារណាត់ ក្នុង​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ បានឱ្យ​ដឹង​ថា ឆ្នាំ​នេះ​សម្បូរ​អ្នកលក់​បង្កង​ណាស់ មិន​តិច​ជាង​៣០​កន្លែង​ឡើយ ហើយ​១ភាគ​ធំ​ អាជីវករ​អ្នកលក់​បង្កង​ផង និង​មាន​កន្លែងអង្គុយ​ហូប​បង្កង​ថែម​ទៀត​ផង ដែល​ខុស​ពី​កន្លែងគាត់​គឺ​លក់​តែ​បង្កង​ទេ ដោយ​បោះ​ដុំ​និង​លក់រាយ​ជា​រៀងរាល់ថ្ងៃ ។

ស្ត្រី​អាជីវករ​រូប​នេះ​បន្ត​ទៀត​ថា នៅ​ឆ្នាំ​នេះ បង្កង​បឹង​ធម្មជាតិ​សម្បូរ​ជាង​ឆ្នាំ​មុន​ៗ គ្រាន់តែ​ថ្លៃ​ជាង​រាល់​ឆ្នាំ ហើយ​ជា​រៀងរាល់ថ្ងៃ​កន្លែង​លក់​បង្កង​របស់​គាត់​វិញ ជា​កន្លែង​លក់​បោះ​ដុំ​និង​លក់រាយ​ទាំង​បង្កង​បឹង​ធម្មជាតិ និង​បង្កង​ទន្លេ ដែល​នាំ​ចូល​មក​ពី​វៀតណាម ។

ស្រី​នី និយាយ​ថា នៅ​កន្លែង​របស់​គាត់​រាល់​ថ្ងៃនេះ មាន​លក់​បង្កង​ចេញ​ទៅ​តាម​ហាង ក៏​ដូច​ជា​ម៉ួ​យ​នៅ​ភ្នំពេញ​ដែរ គឺ​បង្កង​ធម្មជាតិ​លក់​ចេញ លេខ​១​ក្នុង​១​គីឡូក្រាម​៤៥​ដុល្លារ លេខ​២​ក្នុង​១​គីឡូក្រាម​៣៣​ដុល្លារ និង​លេខ​៣​ក្នុង​១​គីឡូក្រាម​២៥​ដុល្លារ ។ ចំណែក​បង្កង​ចិញ្ចឹម​ដែល​ដឹក​ចូល​ពី​វៀតណាម​វិញ លេខ​១​ក្នុង​១​គីឡូក្រាម​៣៥​ដុល្លារ លេខ​២​ក្នុង​១​គីឡូក្រាម​២៣​ដុល្លារ និង​លេខ​៣​ក្នុង​១​គីឡូក្រាម​១៧​ដុល្លារ ។

ស្ត្រី​អាជីវករ​លក់​បង្កង​រូប​នេះ បញ្ជាក់​ថា ចំពោះ​កន្លែង​របស់​គាត់​វិញ នៅ​ថ្ងៃ​ធម្មតា​លក់​ទាំងបង្កង​បឹង​ធម្មជាតិ និង​បង្កង​ចិញ្ចឹម​នាំ​ចូល​មក​ពី​វៀតណាម ដែល​ក្នុង​១​ថ្ងៃ​លក់​អស់ពី​៤០​គីឡូក្រាម​ទៅ​៥០​គីឡូក្រាម ។ ចំណែក​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​វិញ លក់​ចែកចាយ​តាម​ហាង​ផង និង​តាម​ម៉ូ​យ​នានា​ផង ដាច់​អស់​ចាប់ពី​៨០​គីឡូក្រាម​ទៅ​១០០​គីឡូក្រាម​ឯណោះ ប៉ុន្តែ​ទើបតែ​ឆ្នាំ​នេះ​ទេ ក្រោយ​ពី​សម្តេច​តេ​ជោ​ប្រកាស​បើក​ប្រទេស​ឡើង​វិញ បន្ទាប់​ពី​បិទ​ខ្ទប់​ដោយ​ជំងឺ​កូ​វី​ដ-១៩​នោះ ។

មន្ត្រី​ជលផល​ខេត្ត​បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ​សម្បូរ​បង្កង​បឹង​ធម្មជាតិ​ជាង​ឆ្នាំ​មុន​ៗ ដោយ​ក្នុង​១​ថ្ងៃ​សម្រាប់​ក្នុង​ខេត្ត អាច​ប្រមូល​បង្កង​បឹងធម្មជាតិ​លក់​ចែកចាយ​ប្រមាណ​ជាង​១០០​គីឡូក្រាម និង​បង្កង​ចិញ្ចឹម​ដែល​នាំ​ចូល​មក​ពី​វៀតណា​ម ប្រមាណ​ជា​៣៥០​ទៅ​ជាង​៤០០​គីឡូក្រាម ។ មក​ដល់​ខែធ្នូ ឆ្នាំ​២០២១​នេះ បង្កង​បឹង​ធម្មជាតិ​ជិត​អស់ហើយ គឺ​នៅ​តែ​បង្កង​ធម្មជាតិ​ដែល​គេ​កៀរ​សម្រាស់​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០២២​ប៉ុណ្ណោះ គឺ​ត្រូវ​អស់​រដូវ​កាល​បង្កង​បឹង​ធម្មជាតិ​ហើយ ។ រាល់​ការ​ដាក់​បង្កង​លក់​នៅ​តាម​ទូ​ទាំងអស់ គឺជា​បង្កង​ចិញ្ចឹម​ដែល​នាំ​ចូល​មក​ពី​វៀតណា​ម​ទេ សូម​បងប្អូន​កុំ​ចាញ់បោក​ក្រុម​អាជីវករ​ដែល​និយាយ​កុហក​ថា ជា​បង្កង​បឹង​ធម្មជាតិ​ឱ្យ​សោះ ។

មន្ត្រី​ជលផល​ខេត្ត​និយាយ​ទៀត​ថា ចំពោះ​ទូកដឹក​បង្កង​ចិញ្ចឹម​ចូល​មក​ពី​វៀតណាម​រាល់​ថ្ងៃនេះ ក្នុង​ទូក​១​គ្រឿង​ដែល​ដឹក​បង្កង​ចូល​មកនេះ ត្រូវ​បង់លុយ​ទៅ​ឱ្យ​មេ​ខ​ណ្ខ​រដ្ឋបាល​ជលផល​ខេត្ត​ចំនួន​១.០០០​ដុល្លារ ។

ចំណែក​លោក សៅ កុសល នាយ​ខ​ណ្ខ​រដ្ឋបាល​ជលផល​តាកែវ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​ទាក់ទង​សាកសួរ​បាន​ទេ ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​ហើយ​តែ​ពុំ​មាន​អ្នក​ទទួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ