ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនអាមេរិកមួយចង់វិនិយោគលើការដាំឈើប្រេងខ្យល់ និងអាកាស្យា នៅកម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអាមេរិកបានកំពុងសិក្សាពីលទ្ធភាពនៅក្នុងការវិនិយោគដាំដើមឈើ ប្រេងខ្យល់ និងអាកាស្យា នៅកម្ពុជាដើម្បីធ្វើការកែច្នៃ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ ។ លោក Paul Kambur នាយកក្រុមហ៊ុន បាយអូថេរ៉ា ឃែភីថល បានប្រាប់ពីគម្រោងវិនិយោគនេះទៅលោករដ្ឋមន្រ្តីក្រសួងកសិកមម្ម កាលពីដើមធ្នូនេះ ។ 

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍ចំពោះគោលបំណងអំពីការវិនិយោគដាំឈើអាកាស្យា និងប្រេងខ្យល់នេះ ។ លោករដ្ឋមន្រ្តីស្នើឲ្យក្រុមហ៊ុនអាចស្វែងរកដៃគូវិនិយោគជាមួយក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ជាពិសេសក្រុមហ៊ុនក្នុងស្រុក ដើម្បីប្រើប្រាស់ដីឲ្យអស់សក្តានុពល បង្កើនផលិតភាពផលិតកម្មឧស្សាហកម្មឈើដាំ បង្កើតការងារសម្រាប់ពលរដ្ឋនៅមូលដ្ឋានផ្ទាល់ និងទទួលបានប្រយោជន៍ទាំងរដ្ឋ និងឯកជន ។

លោក វេង សាខុន បញ្ជាក់ថាបើមិនដូច្នេះ ផ្លូវមួយទៀតគឺក្រុមហ៊ុន ធ្វើការសហការវិនិយោគលើការដាំឈើឡើង នៅតាមស្ថានីយ៍ផ្សព្វផ្សាយ និងដាំឈើឡើងវិញ ជាមួយរដ្ឋបាលព្រៃឈើ ។ ទោះរើសជម្រើមួយណាក៍ដោយលោករដ្ឋមន្រ្តីបានស្នើនាយកក្រុមហ៊ុន បាយអូថេរ៉ា ឃែភីថល ធ្វើការពិភាក្សាលម្អិតបន្ថែមជាមួយរដ្ឋបាលព្រៃឈើ លើការងារបច្ចេកទេស និងនីតិវិធី ហើយបទដ្ឋានគិតិយុត្ត ដែលមានការពាក់ព័ន្ធ ។ 

កម្ពុជាលើកទឹកចិត្តឲ្យមានការចូលរួមដាំឈើដោយវិស័យឯកជនជាកត្តាចាំបាច់ក្នុងការជំរុញការសម្រេចបានគោលដៅយុទ្ធសាស្ត្រជាតិលើវិស័យព្រៃឈើ ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព តាមរយៈកំណែទម្រង់វិស័យព្រៃឈើ ដើម្បីផ្តល់ជាប្រយោជន៍ពិតប្រាកដសម្រាប់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ។ ធនធានឈើ ដែលបានមកពីចម្ការឈើដាំ នៅមានកម្រិតទាប ដែលនាំឲ្យមានកង្វះខាត ឈើដាំសម្រាប់ផ្គត់ផ្គង់ច្រវាក់ផលិតកម្ម ក្នុងរោងចក្រកែច្នៃផលឈើ ជាហេតុធ្វើឲ្យកម្ពុជានាំចូលនូវវត្ថុធាតុដើមឈើពីក្រៅសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ។ 

កន្លងមករដ្ឋមន្រ្តីក្រសួងកសិកម្មបានឲ្យដឹងថា មានដំាឈើផលិតកម្មលើផ្ទៃដីសរុបជាង ៨៤ ០០០ ហិកតា ស្ថិតនៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង ឧត្តរមានជ័យ មណ្ឌលគីរី និងដាំឈើដៃគូជាលក្ខណៈគ្រួសារចំនួន ៣ ទីតាំង លើផ្ទៃដីសរុប ៩ ៨០០ ហិកតា នៅខេត្តបន្ទាយមានជ័យ ។

ក្រុមហ៊ុនស៊ីងបាយអូថេក (ខេមបូឌា) ជាក្រុមហ៊ុនឯកជនដ៏ធំមួយ បានទទួលបានសិទ្ធិជាដៃគូររបស់ក្រសួងកសិកម្ម ដាំដុះឈើលើផ្ទៃដីសរុបជាង ៣៤ ០០០ ហិកតា ក្នុងនោះមានដើមប្រេងខ្យល់ និងអាកាស្យាជាង ១១ ០០០ ហិកតា នៅឆ្នាំ ២០២១ និងគ្រោងដាំឲ្យដល់ ២ ម៉ឺនហិកតា នៅឆ្នាំ ២០២៤ ខណៈដែលវិសាលភាពក្រុមហ៊ុនគ្រោងដាំឈើឲ្យបាន ៨០ ០០០ ហិកតា នៅឆ្នាំ ២០២៥ ៕