ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រហើន​ណាស់ ! បា.ញ់​ប្លន់​ជិត​ប៉ុស្តិ៍​ប៉ូលិស

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ផ្ទះ​អ្នកលក់​ត្រី​នៅ​ស្រុក​ក្រឡាញ់​មួយ​រូប​ត្រូវ​បាន​ក្រុម​ចោរ​អាកា​បា.ញ់​​ប្លន់​យក​គ្រឿងអលង្ការ និង​លុយ​សរុប​ជាង​៦​ពាន់​ដុល្លារ រួច​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព

ខេត្តសៀមរាប ៖ ផ្ទះ​អ្នកលក់​ត្រី​នៅ​ស្រុក​ក្រឡាញ់​មួយ​រូប​ត្រូវ​បាន​ក្រុម​ចោរ​អាកា​បាញ់​​ប្លន់​យក​គ្រឿងអលង្ការ និង​លុយ​សរុប​ជាង​៦​ពាន់​ដុល្លារ រួច​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​ច្រាំង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ ។

លោក​វរសេនីយ៍ទោ ចាន់ សា​រ៉េ​ន អធិការ​នគរបាល​ស្រុក​ក្រឡាញ់ បាន​ប្រាប់​«​កោះសន្តិភាព​»​នៅ​រសៀល​ថ្ងៃ​ទី​២៤​ឧសភា​នេះ​ថា មុន​កើតហេតុ​មាន​ពលរដ្ឋ​រាយការណ៍​មក​ថា មាន​ករណី​ចោរប្លន់​ផ្ទះ​អ្នកលក់​ត្រី​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ លោក​បន្ត​ថា បន្ទាប់​ពី​បាន​ព័ត៌មាន​ភ្លាម​ៗ​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ក្រុង​-​ខេត្ត ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ រួច​ហៅ​ម្ចាស់ផ្ទះ​មក​ធ្វើការ​សួរនាំ ។

តាម​ការ​សាកសួរ ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ក្រុម​ជនសង្ស័យ​មាន​គ្នា​៣​នាក់ ស្លៀកពាក់​ស៊ី​វិល​១​នាក់ ស្លៀកពាក់​ខោអាវ​ទាហាន​២​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា​២​ដើម បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ ។ ជន​រង​គ្រោះ​ឈ្មោះ ពរ រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ច្រាំង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

លោក​អធិការ​បន្ត​ទៀត​ថា ក្នុង​អំពើ​ប្លន់​នេះ​ជនល្មើស​បាន​បាញ់​១​គ្រាប់​គម្រាម​ជន​រង​គ្រោះ តែ​មិន​បណ្តាល​ឱ្យ​រង​របួស​ទេ ។ លោក​បញ្ជាក់​ថា ចំពោះ​ទ្រព្យ​សប្ប​ត្តិ​ដែល​ក្រុម​ចោរប្លន់​ពី​ជន​រង​គ្រោះ​មាន ខ្សែដៃ​មាស​៥​ជី ខ្សែ​ក​មាស​១​តម្លឹង ប្រាក់​ថៃ​៥​ម៉ឺន​បាត ប្រាក់​ដុល្លារ​៥០០​ដុល្លារ ប្រាក់​រៀល​៦​លាន​រៀល ។

លោក​អធិការ​នគរបាល​ស្រុក​ក្រឡាញ់ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ពេល​នេះ​កម្លាំង​របស់​អធិការ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ខេត្តសៀមរាប កំពុង​ដុត​ដៃ ដុត​ជើង ស្វែងរក​មុខសញ្ញា​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឱ្យ​ខាង​តែ​បាន ៕