ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យំលែងចេញទឹកភ្នែក ពលរដ្ឋដាំដំណាំមៀនប៉ៃលិន ហៅតាង៉ែន ត្អូញត្អែរ ខណៈតម្លៃទីផ្សារធ្លាក់ចុះខ្លាំង

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២១​នេះ ក្រោយ​ពី​សង្កេត​ឃើញ​តម្លៃ​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន ហៅ​តា​ង៉ែ​ន​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ស្ទើរ​ហៅ​លែង​ឮ​ធ្វើ​ឱ្យ​កសិករ​ម្នាក់​ៗ ដែល​និយម​ដាំ​ដំណាំ​ប្រភេទ​នេះ នាំ​គ្នា​លំបាក​ចិត្ត…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២១​នេះ ក្រោយ​ពី​សង្កេត​ឃើញ​តម្លៃ​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន ហៅ​តា​ង៉ែ​ន​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ស្ទើរ​ហៅ​លែង​ឮ​ធ្វើ​ឱ្យ​កសិករ​ម្នាក់​ៗ ដែល​និយម​ដាំ​ដំណាំ​ប្រភេទ​នេះ នាំ​គ្នា​លំបាក​ចិត្ត ដោយ​និយាយ​ត្អូញត្អែរ​ទាំង​ទឹកមុខ​ក្រៀមក្រំ មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​ប្រឈម​នឹង​ភាព​ខ្វះខាត ខណៈ​អ្នកខ្លះ​ចង់​កាប់​ដើម​មៀន​ចោល ងាក​បែរ​ទៅ​ដាំ​ដំណាំ​ប្រភេទ​ផ្សេង អ្នកខ្លះ​ទៀត​លែង​ចង់​តុបតែង​ដើម​ដាក់​អ័រម៉ូន​បញ្ជា​ឱ្យ​ផ្លែ​បន្ត​ទៀត ។

បើ​តាម​បុរស​ម្នាក់ ឈ្មោះ លន វ៉ា​ន់​ស៊ី រស់នៅ​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ទាំង​សម្តី​អួល​ដើម​កថា ៖ លោក​បាន​ដាំ​ដំណាំ​មៀន​ប៉ៃលិន ហៅ​តា​ង៉ែ​ន ចំនួន​៣០០​ដើម នៅ​លើ​ផ្ទៃដី​ចំនួន​២​ហិ​កតា អស់​រយ​:​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​ប្រមូល​ផល​លក់​បាន​ចំនួន​៨​ឆ្នាំ​មក​ដែរ ។

លោក​បាន​បន្ត​រៀបរាប់​ទាំង​ទឹកមុខ​ស្រពោន​ថា កាលពី​ចាប់ផ្តើម​ដាំ​ដំណាំ​មៀន​នេះ ជា​លើក​ដំបូង គឺ​ទីផ្សារ​ផ្លែ​មៀន ឈ្មួញ​ទិញ​១​គីឡូក្រាម តម្លៃ​ចាប់ពី​៣៥​ទៅ​៤០​បាត (​ប្រាក់​ថៃ​) ជាង​៤០០០​រៀល ។ ប៉ុន្តែ ក្រោយ​ៗ​មករ​ហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ តម្លៃ​ទីផ្សារ​ផ្លែ​ឈើ​មៀន​ប៉ៃលិន​បាន​ធ្លាក់​បន្តិច​ម្តង​ៗ ជា​លំដាប់ រហូត​ដល់​កាលពី​ឆ្នាំ​២០២០ លោក​ប្រមូល​ផល​លក់​បាន​ត្រឹមតែ ១​គីឡូ ក្រាម​តម្លៃ​២០​បាត (​ប្រាក់​ថៃ​) ជាង​២០០០​រៀល ហើយ​កសិផល​ផ្លែ​ឈើ​មួយ​នេះ​ក៏​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​ឡើង​ៗ រហូត​មក​ដល់​ចុងឆ្នាំ​២០២១​នេះ ឈ្មួញ​ហ៊ាន​ទិញ​ត្រឹមតែ​១​គីឡូក្រាម តម្លៃ​១០០០​រៀល ទៅ​១៣០០​រៀល​ប៉ុណ្ណោះ ។

លោក​បញ្ជាក់​ទៀត​ថា តម្លៃ​ទីផ្សារ​ថ្នាំ និង​ជី​កសិកម្ម កាន់តែ​ឡើង​ខ្ពស់ ពោល គឺ​មិន​សមតុល្យ​ជាមួយនឹង​តម្លៃ​កសិផល​របស់​ពួក​គាត់​នោះ​ឡើយ ដោយ​ឆ្នាំ​មុន​សម្ភារ​កសិកម្ម ជី​១​កា​រ៉ុ​ង ឈ្មួញ​លក់​តម្លៃ​៩៥០ ទៅ​១២០០​បាត (​ប្រាក់​ថៃ​) លុះ​កសិផល​កាន់តែ​ធ្លាក់​ចុះ​បែប​នេះ​ធ្វើ​ឱ្យ​លោក​ស្ទើរតែ​បោះបង់​មុខរបរ​មួយ​នេះ​ចោល ។

លោក​ក៏​សូម​លើក​ម្រាមដៃ​អំពាវនាវ​ដល់​ខាង​មន្ទីរ​កសិកម្ម និង​មន្ទីរ​ពាណិជ្ជកម្ម​ក៏​ដូច​ជា ថ្នាក់លើ​ឱ្យ​ជួយ​រក​ទីផ្សារ​ដែល​មាន​តុល្យភាព​ជាមួយនឹង​កសិផល​ដែល​ខ្លួន​ផលិត​បាន ពោល គឺ​សូម​ឱ្យ​កសិផល​ផ្លែ​មៀន​ប៉ៃលិន​ឡើងថ្លៃ​ដូច​ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​មក​លក់ដូរ​ជូន​ប្រជា​កសិករ​ផង​ដែរ ដើម្បី​ឱ្យ​ពួក​គាត់​មាន​ថវិកា​សល់​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។

លើស​ពី​នេះ​លោក​ក៏​ជួបនឹង​បញ្ហា ប្រឈម​នឹង​សត្វល្អិត​ស៊ី​បំផ្លាញ តែ​សួរនាំ​ទៅ​ខាង​អ្នកលក់​ថ្នាំ​កសិកម្ម គេ​ប្រាប់​ពី​របៀប​ប្រើប្រាស់​ថ្នាំ​កម្ចាត់ ខណៈ​មិន​ធ្លាប់​ឃើញ​ខាង​មន្ទីរ​កសិកម្ម​ចុះ​ពិនិត្យ​មើល​ចំការ​របស់​ខ្លួន​នោះ​ឡើយ ។

ចំណែក ខាង​សហគមន៍​មៀន​ប៉ៃលិន ហាក់ដូចជា អត់​មានដំណើរ​ការ​ផ្នែក​ជួយ​រក​ទីផ្សារ​កសិផល​ជូន​ប្រជាពលរដ្ឋ​នោះ​ដែរ ដោយ​គ្រាន់តែ​មាន​លក់​ថ្នាំ​កម្ចាត់​សត្វល្អិត និង​លក់​ជីគីមី​សម្រាប់​យក​ទៅ​ស្រោច​ដំណាំ ដោយ​ថ្នាំ និង​ជី ដែល​គេ​នាំ​ចូល​មក គឺ​មាន​តម្លៃ​ខ្ពស់ ហើយ​ពេល​ខ្លះ​ខាង​លោក​ក៏​ចូល​ទៅ​ទិញ​ផ្ទាល់​ពី​ប្រទេស​ថៃ​យក​មក​ប្រើប្រាស់​ខ្លួនឯង​ផង​ដែរ ។

បើ​តាម​ការ​រៀបរាប់​របស់​កសិករ​ផ្សេង​ៗ​ទៀត រស់នៅ​ក្នុង​ក្រុងប៉ៃលិន ក៏​បាន​រអ៊ូរទាំ​នឹង​តម្លៃ​ទីផ្សារ​ធ្លាក់​ចុះ​នេះ​ដែរ ដោយ​ម្នាក់​ៗ យំ​លែង​ចេញ​ទឹកភ្នែក ខណៈ​អ្នកខ្លះ​និយាយ​ថា បើ​ហ៊ាន​ធ្វើការ​ដាំ​ដំណាំ​ប្រភេទ​នេះ​កាន់តែ​ច្រើន នឹង​កាន់តែ​ជំពាក់​គេ​លើស​ដើម មិន​អាច​គេច​ផុត​ពី​ភាព​ក្រីក្រ​នោះ​ទេ ហើយ​មើលទៅ​ពួក​គាត់​នឹង​ឈប់​ដាំ​ដំណាំ​ប្រភេទ​នេះ​ជា​បណ្តើរ​ៗ ដោយ​ងាក​ទៅ​ដាំពោត ឬ​ដំឡូង​មី​ជំនួស​វិញ ព្រោះ​នៅ​ឆ្នាំ​នេះ​ហាក់ដូចជា មានការ​ឡើងថ្លៃ​ខ្ពស់​ជាង​រាល់​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ