បឹងអភិរក្សមួយកន្លែងត្រូវបានគេរំលោភយកជាកម្មសិទ្ធិធ្វើស្រែប្រាំង
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ផ្ទៃដីបឹងអភិរក្សមួយកន្លែងស្ថិតនៅក្នុងភូមិពាមពពេច ឃុំកោះថ្កូវស្រុកជលគីរី ត្រូវបានគេរំលោភយកធ្វើកម្មសិទ្ធិធ្វើស្រែប្រាំង ដោយពុំមានអាជ្ញាធរឬសមត្ថកិច្ចជំនាញទប់ស្កាត់ឡើយ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្ទៃដីបឹងអភិរក្ស ឆ្នុកអណ្ដែង និងភ្លង ត្រូវបានគេរំលោភយកធ្វើកម្មសិទ្ធិ ដោយវាតដីកាប់ព្រៃ ធ្វើស្រែប្រាំងជារៀងរាល់ឆ្នាំពុំមានការទប់ស្កាត់ ពីមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធឡើយ ។

ជួបជាមួយក្រុមអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ នេះ លោក សូ ហេង អាយុ៦១ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិភ្លង ឃុំកោះថ្កូវ ស្រុកជលគិរី បានបញ្ជាក់ថា គាត់បានមកធ្វើដីស្រែប្រាំងទីនេះគឺជួលគេទេ គឺជួលដីពីលោកស្រី ចាន់ ណា នៅរាជធានីភ្នំពេញ ចំនួន 12 ហិកតា ក្នុងមួយហិកតាតម្លៃ 60 ម៉ឺនរៀលគាត់កុងត្រា3ឆ្នាំ ហើយឆ្នាំនេះគឺជាឆ្នាំទី 3 បញ្ចប់នៃកិច្ចកុងត្រា ។

ជុំវិញបញ្ហានេះលោកស្រី ចាន់ណា យើងមិនអាចសុំការបំភ្លឺបានទេ ប៉ុន្តែ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ចំពោះបឹងអភិរក្សគ្មានអ្នកណាប៉ះពាល់បានឡើយ។ រឿងនេះលោកមិនបានដឹងទេ លោកនឹងចាត់មន្ត្រីជំនាញចុះទៅពិនិត្យមើល ។

គួររំលឹកដែរថាគ្រាន់តែយើង លោក សូ ហេង ម្នាក់គាត់ជួលដីគេ 12 ហិកតា ប៉ុន្តែដីជុំវិញបឹងឆ្នុកអណ្ដែង ជាប់នឹងភ្លង ត្រូវបានគេរំលោភបំពានកាប់ព្រៃធ្វើដីស្រែប្រាំងអស់រាប់រយហិកតា។ ហេតុនេះគួរតែអាជ្ញាធរខេត្តនិងមន្ទីរជំនាញចុះពិនិត្យនិងដកហូតដីទាំងនោះទុកជាសម្បត្តិរដ្ឋវិញផង៕








ចែករំលែកព័តមាននេះ