ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WB ៖​ បើ​ការ​រស់នៅ​ជាមួយ​កូ​វី​ដ​ ១៩ ​របស់​កម្ពុជា​មិន​ជោគជ័យកំណើនសេដ្ឋកិច្ច​នឹង​មាន​ហានិភ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ផលិតផល​សរុប​ក្នុងស្រុក​ (​ផ​.​ស​.​ស​) ​របស់​កម្ពុជា​ ត្រូវ​បាន​ព្យាករ​ថា​ នឹង​មាន​កំណើន​ត្រឹមតែ ២,២ ​ភាគរយ ប៉ុណ្ណោះ​នៅ​ក្នុងឆ្នាំនេះ…

រាជធានី​ភ្នំពេញ ​៖ ​ផលិតផល​សរុប​ក្នុងស្រុក​ (​ផ​.​ស​.​ស​) ​របស់​កម្ពុជា​ ត្រូវ​បាន​ព្យាករ​ថា​ នឹង​មាន​កំណើន​ត្រឹមតែ ២,២ ​ភាគរយ ប៉ុណ្ណោះ​នៅ​ក្នុងឆ្នាំនេះ ដោយសារ​វិស័យ​សេវាកម្ម រួម​មាន ៖ ​វិស័យ​ទេសចរណ៍​, វិស័យ​សំណង់ និង​អចលនទ្រព្យ នៅ​មាន​កំណើន​យឺត​។ ទន្ទឹម​គ្នា​នេះ វិស័យ​ជា​ប្រពៃណី​ក្នុង​ការ​ជំរុញ​កំណើន ជា​ពិសេស​ឧស្សាហកម្ម​កាត់ដេរ​, ទំនិញ​ធ្វើ​ដំណើរ និង​ស្បែកជើង និង​ឧស្សាហកម្ម​ផលិត​កង់ រួម​ទាំង​វិស័យ​កសិកម្ម​ផង នៅ​តែ​បន្ត​ដើរតួ​ក្នុង​ការ​ទ្រទ្រង់​ដល់​ការ​ស្តារ​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ​ពី​វិបត្តិ​កូ​វី​ដ​-១៩​ ។

តាម​រយៈ​របាយការណ៍​ថ្មី​មួយ​ក្រោម​ចំណងជើង​ថា​ «​រស់​ជាមួយ​កូ​វី​ដ​-១៩» ធនាគារ​ពី​ភព​លោក​និយាយ​ថា ​ថ្វី​ដ្បិតតែ​ការ​ផលិត​សម្រាប់​ការ​នាំ​ចេញ​បាន​រើប​ឡើង​វិញ ហើយ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​មានការ​កើនឡើង​ពិតមែន​ក៏​ដោយ ឱនភាព​ផ្នែក​ពាណិជ្ជកម្ម​បាន​រីក​ទំហំ​កាន់តែ​ធំ​គួរ​ឱ្យ​កត់សម្គាល់ ដោយសារ​មានការ​កើនឡើង​នៃ​ការ​នាំ​ចូល​មុខទំនិញ​មួយ​ចំនួន ជា​ពិសេស​មាស សម្រាប់​យក​មក​ធ្វើ​ជា​សញ្ជ័យធន (​ការ​សន្សំ​)​ ។

សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​ ៩ ​ធ្នូ ​ឆ្នាំ ​២០២១ ​របស់​ធនាគារ​ពិភព​ ​លោក​លោកស្រី ម៉ា​រី​យ៉ា​ម សាលី​ម ប្រធាន​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា បាន​និយាយ​ថា ​«​យើង​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា ពេល​នេះ​កម្ពុជា​កំពុង​តែ​រស់នៅ​ជាមួយ​ជំងឺ​កូ​វី​ដ​-១៩ ប្រជាជន​ចំនួន​ច្រើន​លើសលប់​បាន​ចាក់​វ៉ាក់សាំង​ការពារ​រួច ហើយ​រដ្ឋាភិបាល​ក៏​បាន​ចាប់ផ្តើម​បើក​ប្រទេស​ឱ្យ​ដំណើរការ​ឡើង​វិញ​សឹងតែ​គ្រប់​ផ្នែក​ហើយ​ដែរ ដោយ​បន្ត​អនុវត្ត​វិធានការ​ការពារ​សុខភាព​ដែល​មាន​ជា​ធរមាន​ស្រាប់ ​។

​ធនាគារពិភពលោក នៅពេល​នេះ​យើង​កំពុង​តែ​រៀបចំ​ធ្វើការ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​បំពេញ​កិច្ច និង​បទ​ពិសោធន៍ ដែល​នឹង​អាច​ឱ្យ​យើង​ពង្រឹង​នឹង​សម្រប​ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​កម្ពុជា​ឱ្យ​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ខិត ខំ​ស្តារ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​មាន​ភាពស្វិតស្វាញ បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ខ្លាំង​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩»​ ។

តាម​ការ​ព្យាករ​ទុក​សម្រាប់​ពេល​ខាង​មុខ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​បន្ត​ងើបឡើង​វិញ​បន្ទាប់​ពី​វិធានការ​រឹតត្បិត​ពាក់ព័ន្ធ​នឹង​កូ​វី​ដ​-១៩ ​ត្រូវ​បាន​ដក​ចេញ​ ។ នៅ​ក្នុង​ឆ្នាំ ​២០២២ សេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ទុក​ថា ​នឹង​សម្រេច​បាន​កំណើន ៤,៥% ប៉ុន្តែ​ដំណើរ​រើប​ឡើង​វិញ​នេះ​នឹង​ជួប​ហានិភ័យ​ទៅ​វិញ​ប្រសិនបើ​មានការ​សាយ​ភាព​នៃ​វីរុស​នេះ​ជា​ថ្មី​ម្តងទៀត ​។

ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​កម្លាំង​ស្ទុះ​ងើបឡើង​វិញ របាយការណ៍​នេះ​បាន​ផ្តល់​អនុសាសន៍​ថា កម្ពុជា​ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់​នូវ​ផ្នែក​សំខាន់​ៗ​មួយ​ចំនួន ក្នុង​នោះ​មានការ​ដាក់​ចេញ​នូវ​វិធាន​និង​បទ​ប្បញ្ញត្តិ​ច្បាស់លាស់​ស្តី​ពី​ការ​រៀន​រស់​ជាមួយ​កូ​វី​ដ​-១៩ ​ស្រប​តាមគន្លង​ប្រក្រតី​ភាព​ថ្មី​ វិធានការ​ផ្នែក​បទ​ប្បញ្ញត្តិ​ និង​ផ្នែក​សារពើពន្ធ​ដែល​ជួយ​ដល់​ការ​រស់រាន​ឡើង​វិញ​របស់​វិស័យ​ទេសចរណ៍​, និង​ការ​ដាក់​ចេញ​ជា​បន្ទាន់​នូវ​បទ​ប្បញ្ញត្តិ​នានា​សម្រាប់​អនុវត្ត​ច្បាប់​និ​យោគ​ថ្មី​ ។

របាយការណ៍​នេះ​បាន​បន្ថែម​ទៀត​ថា កាលណា​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​លេច​ចេញ​ជា​រូបរាង​ហើយ កម្ពុជា​អាច​ចាប់ផ្តើម​រៀបចំ​កែសម្រួល​លំហ​សារពើពន្ធ​របស់​ខ្លួន​ឡើង​វិញ ហើយ​ជាមួយ​គ្នា​នោះ បន្ត​តាមដាន​មើល​លើ​គុណភាព​របស់​ធនធាន និង​បង្កើន​ភាព​ទុកចិត្ត​លើ​ប្រព័ន្ធ​ធនាគារ​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ