ខេត្តកណ្តាល៖ អ្នកភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ដែលកំពុងប្រឈមមុខនឹងទឹកជំនន់លិចភូមិ មិនហូរទៅណានោះ បានប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា មូលហេតុដែលនាំឱ្យមានជំនន់ទឹកភ្លៀងលិចផ្លូវ លិចផ្ទះសម្បែង និងលិចដំណាំរបស់ពួកគាត់ បណ្តាលឱ្យខូចខាតនោះ គឺដោយសារមានបុគ្គលមួយចំនួន ចាក់ដីលុបបិទជិតប្រឡាយរំដោះទឹកសាធារណៈ ហើយសាងសង់សំណង់រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ប្រឡាយនេះ នៅខាងក្រោយភូមិ មានទទឹង ៣ម៉ែត្រ កន្លែងខ្លះ ៤ ទៅ ៥ម៉ែត្រ និងមានបណ្តោយជិត ១គីឡូម៉ែត្រ។ ពីដើម ប្រឡាយនេះ មានជម្រៅជ្រៅគួរសម និងមានផ្លូវ សម្រាប់ដើរ និងផ្លូវរទេះគោ នៅសងខាង តាមខ្នងប្រឡាយ ហើយក៏មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជាប្រព័ន្ធរំដោះទឹក ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង កុំឱ្យជន់លិចភូមិគគីរធំទាំងមូល ដោយហូរចេញទៅទន្លេមេគង្គ។
ប៉ុន្តែចាប់តាំងពីគេចាក់ដីលុបធ្វើរបងថ្មបិទជិត ប្រព័ន្ធរំដោះទឹកនេះមក ជំនន់ទឹកភ្លៀងបានជន់លិច ២ ទៅ ៣ឆ្នាំបន្តបន្ទាប់គ្នា គ្រាន់តែឆ្នាំមុនៗ លិចរាក់ តែឆ្នាំនេះ លិចជ្រៅ ចាប់តាំងពីខែកញ្ញាមក មានកន្លែងខ្លះលិចត្រឹមជង្គង់ និងកន្លែងខ្លះទៀត លិចលើចង្កេះឯណោះ។
អ្នកភូមិបានសម្តែងការព្រួយបារម្ភ ព្រោះតែប្រឈមនឹង៖ ១-ទឹកធុំក្លិនស្អុយសាយភាយបង្កការប៉ះពាល់ដល់សុខភាព ពិសេសមនុស្សចាស់និងក្មេង។ ២-ខ្លាចក្មេងតូចៗលង់ទឹកពេលឪពុកម្តាយជាប់រវល់ការងារ។ ៣-ខ្លាចពស់មានពិសចូលផ្ទះចឹកមនុស្សស្លាប់។ ៤-ខូចខាតដំណាំ ជួបការលំបាកក្នុងជីវភាពគ្រួសារ។ ៥-ពិបាកចិញ្ចឹមសត្វពាហន:ផ្សេងៗ។
ដូច្នេះ ពួកគាត់ស្នើសុំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាជួយដោះស្រាយបើកឱ្យមានប្រឡាយរំដោះទឹកដូចដើមវិញឱ្យបានឆាប់រហ័ស ឆាប់រីងទឹក ដើម្បីឱ្យពួកគាត់ចាប់ផ្តើមប្រកបមុខរបរលក់ដូរឬបង្កបង្កើនផលចិញ្ចឹមជីវិត។ ពិសេស ឆាប់គោកផ្លូវលំ ក្នុងភូមិងាយស្រួលឱ្យសិស្សទៅរៀនសូត្រ និងព្រះសង្ឃនិមន្តបិណ្ឌបាត ក៏ដូចជា ពលរដ្ឋទូទៅបានធ្វើដំណើរផង។
អ្នកភូមិនិយាយទៀតថា រឿងអ្នករំលោភយកដីប្រឡាយនេះ គឺពួកគាត់ធ្លាប់បានជម្រាបប្រាប់អាជ្ញាធរភូមិ ឃុំ និងស្រុក ក្នុងវេទិកាសាធារណៈនៅវត្តគគីរធំ ហៅវត្តចាស់ ជារឿយៗរួចមកហើយដែរ តែហាក់បីដូចជាគ្មានដំណោះស្រាយឱ្យមានប្រសិទ្ធភាពសោះឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ចាន់ ធូ មេឃុំគគីរធំ បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា ពីមុនដាក់គ្រឿងចក្រទៅធ្វើម្តងហើយ តែធ្លាក់ភ្លៀងជាប់គ្រឿងចក្រធ្វើការមិនកើត ។ អាជ្ញាធរបានសម្របសម្រួលជាមួយអ្នកចាក់ដីធ្វើរបងយកដីប្រឡាយព្រមព្រៀងគ្នាអស់ហើយ ចាំតែពេលរាំងភ្លៀងនឹងចុះធ្វើ តែប្រឡាយមិនបានតាមទំហំប្រឡាយដើមទេ ព្រោះយើងលៃទុកធ្វើផ្លូវសងខាងប្រឡាយផងសម្រាប់ពួកគាត់ធ្វើដំណើរ៕














ចែករំលែកព័តមាននេះ