ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ឱ្យកម្ពុជាខ្ចី និងផ្តល់ជំនួយជាង ៣០០ លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ច

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាលើកញ្ចប់ ហិរញ្ញប្បទាន ៣៣២,0៥…

រាជធានីភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាលើកញ្ចប់ ហិរញ្ញប្បទាន ៣៣២,0៥ លានដុល្លារ លើគម្រោងចំនួនបីដើម្បី គាំទ្រដល់ការឆ្លើយតបរបស់កម្ពុជានឹងជំងឺកូវីដ ១៩ អភិវឌ្ឍវិស័យ ហិរញ្ញវត្ថុ កសាងហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង និងជួយកែលម្អបណ្តាញផ្លូវ ។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកស្តីទីប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី លោក Anthony Gill បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី និងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ (GMS) ចំនួន ៣0 លានដុល្លារ គម្រោងវិនិយោគទីក្រុងដែលអាចរស់នៅបាន ១៨0 លានដុល្លារ គម្រោងកែលម្អបណ្តាញផ្លូវថ្នល់ (ដំណាក់កាលទី ២) ៨២,0៥ លានដុល្លារ និងកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន ៤0 លាន នៅថ្ងៃទី ៨ ខែធ្នូនេះ ។

លោក Gill បានមានប្រសាសន៍ថា ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែងរបស់កម្ពុជា ADB ប្តេជ្ញាគាំទ្រលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ។ គម្រោងទាំងនេះនឹងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការកែលម្អសេវាថែទាំសុខភាព បរិយាប័ន្នហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុងនៅទីតាំងយុទ្ធសាស្ត្រមួយចំនួន និងបណ្តាញផ្លូវថ្នល់ ។

សូមជម្រាបថា គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ នឹងធ្វើឱ្យប្រសើរឡើងនូវសេវាមន្ទីរពិសោធន៍ និងការត្រួតពិនិត្យបង្ការការឆ្លងរោគតាមមន្ទីរពេទ្យខេត្ត និងស្រុកចំនួន ៨១ នៅទូទាំងប្រទេសកម្ពុជា ។ វានឹងជំរុញប្រព័ន្ធតាមដាន និងឆ្លើយតបជំងឺ ការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ ១៩ និងការតាមរកករណីឆ្លង ដោយភ្នាក់ងារសុខាភិបាល មជ្ឍិម ខេត្ត និងស្រុក ។

គម្រោងនេះក៏ត្រូវបានផ្តល់ជាមូលនិធិតាមរយៈជំនួយចំនួន ៥ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction ឬ JFPR) របស់រដ្ឋាភិបាលជប៉ុនផងដែរ ។ គម្រោងវិនិយោគទីក្រុងដែលអាចរស់នៅបាន នឹង ជួយផ្តល់សេវាគ្រប់គ្រងទឹកសំណល់ និងសំណល់រឹងកាន់តែប្រសើរ សម្រាប់ប្រជាពលរដ្ឋជាង ១៤ ម៉ឺននាក់ នៅក្រុងបាវិត កំពត និងប៉ោយប៉ែត ។

វានឹងជួយទីក្រុងទាំងបីកែលម្អប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូក្នុងទីក្រុង និងកាត់បន្ថយទឹកជំនន់ ។ ចំណែកគម្រោងកែលម្អបណ្តាញផ្លូវ នឹងស្តារឡើងវិញនូវផ្លូវជាតិ និងផ្លូវខេត្តប្រវែង ៤៨ គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង និងខេត្តកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមច្រករបៀងសេដ្ឋកិច្ច មហាអនុតំបន់មេគង្គ ភាគខាងត្បូង ។ គម្រោងនេះនឹងបញ្ចូលការរចនាដែលធន់នឹងគ្រោះមហន្តរាយ និងអាកាសធាតុ ហើយជួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការគ្រប់គ្រងផ្លូវថ្នល់ឱ្យបានកាន់តែប្រសើរ ។ កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន នឹងជួយរដ្ឋាភិបាលពង្រីកលទ្ធភាពទទួលបានឥណទាន ក្នុងចំណោមសហគ្រាសខ្នាតតូច និងមធ្យម អនុវត្តកំណែទម្រង់ដើម្បីជំរុញស្ថិរភាព ហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកហិរញ្ញវត្ថុ ។

ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តគម្រោងវិនិយោគសរុបមានតម្លៃ ២,០៨ ពាន់លានដុល្លារ នៅកម្ពុជា ។ ក្នុងឆ្នាំ ២០២០ ADB បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណង ៤៧៧,២ លានដុល្លារដល់កម្ពុជា និងផ្តល់បន្ថែមចំនួន ២៨១,៣ លានដុល្លារ តាមរយៈការផ្តល់សហហិរញ្ញប្បទាន ។ ទឹកប្រាក់បម្រុងពី ADB សម្រាប់ឆ្នាំ ២០២១-២០២៤ រួមមាន ប្រាក់កម្ចីសម្បទានចំនួន ១,៣៨ ពាន់លានដុល្លារ និងជំនួយឥតសំណង ៣៦,៨ លានដុល្លារ ត្រៀមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើបឡើងវិញពីជំងឺរាតត្បាត កូវីដ ១៩ របស់កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ