ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​នេសាទ​រីក​ដូច​ផ្សិត​ត្រូវ​ទឹកសន្សើម​នៅ​ក្នុង​ទឹកដី​ស្រុក​ស​ន្ទុ​ក​(វីដេអូ)

2 ឆ្នាំ មុន
  • កំពង់ធំ

សកម្មភាព​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ត្រូវ​បាន​ប្រភព​នានា​ឱ្យ​ដឹង​ថា កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ទឹកដី​ស្រុក​ស​ន្ទុ​ក ដែល​សូ​ម្បី​តែ

ខេត្តកំពង់ធំ ៖ សកម្មភាព​បទល្មើស​នេសាទ​គ្រប់​ប្រភេទ ត្រូវ​បាន​ប្រភព​នានា​ឱ្យ​ដឹង​ថា កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ទឹកដី​ស្រុក​ស​ន្ទុ​ក ដែល​សូ​ម្បី​តែ​កូន​ត្រី​តូច​ៗ​ក៏​ពុំ​អាច​រួច​ដែរ​។

អ្នក​ប្រព្រឹត្ត​បទល្មើស​នេសាទ​មួយ​ចំនួន បាន​ប្រើ​ប្រាស់​របាំង​ស្បៃ​មុង និងរ​បាំងសាច់​អួន​ក្រឡា​ញឹក​ដែល​ច្បាប់​ហាមឃាត់ មាន​ប្រវែង​​រាប់រយ​ម៉ែត្រ កន្លែង​ខ្លះ​រហូត​ដល់​រាប់​គីឡូម៉ែត្រ​ក៏​មាន ដោយ​ដាក់​កាត់​ស្ទឹង កាត់​បឹង កាត់​ព្រែក ដោយ​ពុំ​មាន​ឃើញ​អាជ្ញាធរ ឬ​មន្ត្រី​ជលផល​ធ្វើការ​បង្ក្រាប​ឡើយ ។

សកម្មភាព​បទល្មើស​នេសាទ​ទាំង​អស់នេះ ធ្វើ​ឲ្យ​មហាជន​ដែល​បានឃើញ​លើក​ឡើង​ថា ការដែល​ពួក​គេ​អាច​ប្រព្រឹត្ត​បទល្មើស​នេសាទ​​ដោយ​រលូន​ទៅ​បាន​ដោយ​គ្មាន​ការ​បង្ក្រាប​បែប​នេះ សង្ស័យ​ថា​ប្រហែលជា​មានការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ និង​សមត្ថ​កិច្ច​ជំនាញ​ហើយ​មើលទៅ បានជា​បណ្តែតបណ្តោយ​ឲ្យ​បទល្មើស​នេសាទ​គ្រប់​ប្រភេទ កើត​មាន​ពាសពេញ​ផ្ទៃ​ទឹក ក្នុងដែន​​សមត្ថ​កិច្ច​​របស់​ខ្លួន​យ៉ាង​ដូច្នេះ ។

រូបភាព​ទាំង​អស់នេះ គឺ​ក្រុម​អ្នក​សារព័ត៌មាន​ថត​បាន​កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២១ នៅ ចំណុច​បឹង​វៀន បឹង​កណ្ដោល បឹង​អន្លង់​ព្រីង បឹង​អាជ្ញា បឹង​លោក​ប្រ​ចៅ បឹង​ខ្វែក បឹង​ព្រោះ និង​បាំង​ធ្នស់ នៅ​ចំណុច​កោះ​ទ្វារ​ពីរ ដាក់​កាត់​ស្ទឹង កាត់​ព្រែក ជា​ច្រើន​កន្លែង ។

ពាក់ព័ន្ធ​នឹង​ករណី​បទល្មើស​នេសាទ​ខាងលើ​នេះ លោក កែវ សុខា នាយ​សង្កាត់​រដ្ឋបាល​ជលផល​ស​ន្ទុ​ក បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២១ ថា លោក​ជាប់​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ស្រុក ចាំ​ប្រជុំ​ចប់​លោក​ទូរស័ព្ទ​មក​វិញ ។

រីឯ​លោក គូ ប៊ុ​ន​ទឹង នាយ​ផ្នែក​រដ្ឋបាល​ជលផល​ប្រាសាទសំបូរព្រៃគុក ដែល​ទទួល​គ្រប់​គ្រង​សង្កាត់​ចំនួន​៥​រួម​មាន សង្កាត់​រដ្ឋបាល​ជល​ផលស​ន្ទុ​ក សង្កាត់​រដ្ឋបាល​ជលផល​បារាយណ៍ សង្កាត់​រដ្ឋបាល​ជលផល​តាំងគោក សង្កាត់​រដ្ឋ​បាល​ជលផល​ប្រាសាទ​សំបូរ និង​សង្កាត់​​រដ្ឋបាល​ជលផល​សណ្តាន់ បាន​ឲ្យ​ដឹង​ថា បទល្មើស​នេសាទ​ទាំងអស់​ខាងលើ​នេះ ទើបតែនឹង​កើត​មាន​ក្នុង​ពេល​ថ្មី​ៗ​នៅ​រដូវ​បើក​​នេសាទ​នេះ​ទេ ដោយសារ​តែ​កម្លាំង​ជលផល​ជាប់​មមាញឹក​ជា មួយ​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ដី​ព្រៃ​លិច​ទឹក ហើយ​ទឹក​ក៏​ទើប​តែ​ឡើង​បាន​បន្តិចបន្តួច​នៅ​ក្នុង​ខែតុលា​នេះ​ទេ ។ លោក​នឹង​ចាត់ការ​ជា​បន្ទាន់ បើ​កម្លាំង​ជំនាញ​ដក​មិន​បាន​ទេ លោក​នឹង​ប្រើ​កម្លាំង​សហ​គម​ន៍​រួម​គ្នា​ចុះ​បង្ក្រាប ។

លោក ជិន ស៊ី​ថា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ធំ ក៏​មាន​ប្រសាសន៍​មិន​ខុស​ពី​លោក គូ ប៊ុ​ន​ទឹង ប៉ុន្មាន​ដែរ​ថា នៅ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ លោក​នឹង​ប្រជុំ​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ឲ្យ​អស់ ទោះបីជា​កម្លាំង​របស់​ខណ្ឌ​ជាប់រវល់​ជាមួយ​ក្រុមការងារ​ចុះ​ជុំវិញ​ករណី​ដី​ព្រៃ​លិច​ទឹក​ក្តី ក៏​ត្រូវ​តែ​រក​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​ឲ្យ​បាន ។

ចំណែក​លោក ឡង គី​សឹង អភិបាលស្រុក​ស​ន្ទុ​ក និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយសារ​តែ​ទូរស័ព្ទ​របស់​លោក​ហៅ​ចូល​ជា​ច្រើន​ដង​តែ​ពុំ​អាច​ទាក់ទង​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ