រាជធានីភ្នំពេញ ៖ កម្មវិធីប្រកួតប្រដាល់នៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ីថ្ងៃសៅរ៍-អាទិត្យ ទី២១-២២ ឧសភា ចុងសប្ដាហ៍នេះ សម្រាប់ថ្ងៃសៅរ៍ មាន៤គូ និងថ្ងៃអាទិត្យ មាន៦គូ ក្នុងនោះគូអន្តរជាតិកម្ពុជា-ថៃមានចំនួន៤គូ គឺថ្ងៃសៅរ៍២គូ និងថ្ងៃអាទិត្យ២គូ ។
សម្រាប់គូអន្តរជាតិកម្ពុជា-ថៃ ថ្ងៃសៅរ៍ មានកីឡាករ ឡោ សំណាង មកពីក្លិបកងពលតូចលេខ៨ភ្នំទ្រព្យ ជួបប្រកួតជាមួយកីឡាករថៃឈ្មោះ ឡាំងសួនឆ័យ គៀតប្រះសានឆ័យ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម និងកីឡាករ ឡៅ ចិត្រា មកពីក្លិបកងទ័ពឆត្រយោង៩១១ ប្រកួតជាមួយកីឡាករថៃដូចគ្នាឈ្មោះ អេលាន ស.វីរ៉ាវណ្ណ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ តាមការឱ្យដឹងកីឡាករថៃទាំង២រូបនេះ មិនធ្លាប់មកប្រកួតនៅស្រុកខ្មែរទេទើបគ្មានអ្នកណាដឹងពីប្រវត្តិប្រកួតរបស់ពួកគេច្បាស់លាស់ គឺគ្រាន់តែដឹងថា ពួកគេគឺជាជើងខ្លាំងមានប្រវត្តិប្រកួតនៅលើសង្វៀនយ៉ាងជោកជាំ ។ ឡាំងសួនឆ័យ គៀតប្រះសានឆ័យ ដែលត្រូវជួបប្រកួតជាមួយឡោ សំណាង ក្នុងពេលនេះ ធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់មិនតិចនាក់ឡើយ បានន័យថា ថ្វីដៃប្រកួតរបស់គេពិតជាខ្លាំងមិនធម្មតា ។
ចំណែក ឡោ សំណាង បើធ្វើការប្រៀបធៀបទៅលើល្បិចប្រយុទ្ធពីមុនមកនិងឥឡូវនេះវិញគឺខុសគ្នាឆ្ងាយណាស់ ។ ពីមុនគេជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមិនងាយរកគូប្រកួតបានឡើយ ប៉ុន្តែឥឡូវភាពខ្លាំងក្លាមានការធ្លាក់ចុះជាងមុនព្រោះតែវ័យរបស់គេរាងជ្រេបន្តិចទៅហើយ ឯកម្លាំងក៏កាន់តែចុះខ្សោយជាងមុនដែរ ។ ដូច្នេះសម្រាប់ការប្រកួតលើកនេះឡោ សំណាង មិនហ៊ានធានាថា អាចទប់ទល់ជាមួយកីឡាករថៃ រូបនេះបានប៉ុន្មានទឹកនោះទេ ។
ឡៅ ចិត្រា ជាអ្នកប្រដាល់ស្រករក្រោយដែលទើបចូលប្រឡូកនៅលើសង្វៀនបានតែប៉ុន្មានឆ្នាំនេះប៉ុណ្ណោះ ប៉ុន្តែថ្វីដៃរបស់គេពិតជាមិនអន់ឡើយ ។ បើនិយាយពីល្បិចប្រយុទ្ធវិញ មិនចាញ់អ្នកប្រដាល់ជើងចាស់ ប៉ុន្តែដោយសារតែមិនធ្លាប់ស្គាល់ប្រវត្តិគូប្រកួតពីមុនមកនោះ គេក៏មិនហ៊ានសន្យាទុកមុនពីរឿងចាញ់ឈ្នះនោះដែរ ។ ដូច្នេះ មានតែរង់ចាំមើលការប្រកួតជាក់ស្ដែងប៉ុណ្ណោះទើបអាចដឹងបាន ។
នៅលើសង្វៀនដដែល កីឡាករ អេ ប្រេស៊ីល មកពីក្លិបអេភូថងកីឡា ត្រូវបានផ្គូផ្គងឱ្យជួបប្រកួតជាមួយកីឡាករអាមេរិកឈ្មោះ Wong Justin និងគូចុងក្រោយកីឡាករ កុយ ចាន់តូ មកពីក្លិបគីសែមានរិទ្ធ ប្រកួតជាមួយកីឡាករ យស់ សំអាល់ មកពីក្លិបឃ្លាំងមឿងកីឡា ។
ដោយឡែក គូអន្តរជាតិនៅថ្ងៃអាទិត្យ តម្រូវទៅលើកីឡាការិនី អេ យ៉ានុត មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយ កីឡាការិនីថៃឈ្មោះ ផនស្នេហ៍ ស៊ីតប៉ាធីម ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ខណៈចៅ រស់ មកពីក្លិបសុភានូមានជ័យ ប្រកួតជាមួយកីឡាករថៃឈ្មោះ ខសក្តិធី ស វីរ៉ាវ៉ាន់ ដែលគូនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥២គីឡូក្រាម ។ រវាង អេ យ៉ានុត និងផនស្នេហ៍ ស៊ីតប៉ាធីម ធ្លាប់ជួបគ្នាម្ដងរួចមកហើយកាលពីប៉ុន្មានខែមុននៅលើសង្វៀនខេត្តសៀមរាប ដែលកាលណោះ អេ យ៉ានុត បានត្រឹមតែយកឈ្នះដោយពិន្ទុទាំងវេទនាបំផុត។ ដូច្នេះសម្រាប់ការប្រកួតលើកនេះ មិនដឹងថា អេ យ៉ានុត មានសំណាងយកឈ្នះដូចមុនទៀតឬអត់នោះទេ ។ លោក អេ ភូថង ដែលត្រូវជាឪពុក និងជាគ្រូបង្ហាត់ទៀតផងនោះបានប្រាប់ថា ជាច្រើនសប្ដាហ៍មកនេះ អេ យ៉ានុត ព្យាយាមហ្វឹកហាត់មិនហ៊ានធ្វេសប្រហែសឡើយ ដូច្នេះការជួបគ្នាលើកនេះអាចមានសង្ឃឹមឈ្នះច្រើន ។
ចំណែកការជួបគ្នារវាង ចៅ រស់ និង ខសក្ដិធី ស.វីរ៉ាវ៉ាន់វិញ ក៏អត់ទាន់មានអ្នកណាហ៊ានអះអាងទុកមុនថាយ៉ាងណានោះដែរ ព្រោះគូនេះមិនស្គាល់ពីប្រវត្តិគ្នាច្បាស់លាស់ ។ ចាំមើល រវាងចៅ រស់ និងកីឡាករថៃអ្នកណាខ្លាំងជាងអ្នកណា?
រីឯគូប្រកួតមិត្តភាពរវាងកីឡាករកម្ពុជានិងកម្ពុជាវិញ មាន សុខ ឌឿន មកពីក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយ ឡុង សុធាមកពីក្លិបខ្លារខិនមានរិទ្ធ ។ ខុន លីហ៊ុយ មកពីក្លិបកងពលតូចអន្តរាគមន៍លេខ៨ភ្នំទ្រព្យ ប្រកួតជាមួយ សុន ធារិទ្ធ មកពីក្លិបកុសលកីឡា ។ សេក រាំបូរ មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ប្រកួតជាមួយ ចាន់ សច្ចា មកពីក្លិបតាព្រហ្មមានជ័យ និងនួន វិចិត្រ មកពីក្លិបកុលបុត្រគុនខ្មែរ ប្រកួតជាមួយឡុង បញ្ញា មកពីក្លិបខ្លារខិនមានរិទ្ធ ៕
ចែករំលែកព័តមាននេះ