ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​ម្នាក់​ដួល​សន្លប់ ខណៈ​សមត្ថកិច្ច​ចាប់​ផាកពិន័យ​ផ្អើល​មុខទ្វារ​វត្ត​សំរោង​អណ្តែត

2 ឆ្នាំ មុន
  • ភ្នំពេញ

កម្មការិនី​ម្នាក់​បាន​ដួល​សន្លប់​នៅ​គោលដៅ​នគរបាល​ខណ្ឌ​សែន​សុខ ដែល​បាន​ដាក់​កម្លាំង​អនុវត្តន៍​ពង្រឹង​ច្បាប់​ចរាចរណ៍ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​៣​នាក់​អត់​ពាក់

រាជធានី​ភ្នំពេញ ៖ កម្មការិនី​ម្នាក់​បាន​ដួល​សន្លប់​នៅ​គោលដៅ​នគរបាល​ខណ្ឌ​សែន​សុខ ដែល​បាន​ដាក់​កម្លាំង​អនុវត្តន៍​ពង្រឹង​ច្បាប់​ចរាចរណ៍ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​៣​នាក់​អត់​ពាក់មួក ហើយ​ត្រូវ​នគរបាល​ហៅ​មក​ផាកពិន័យ​នោះ​។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ស្តុ​ប មុខ​ខ្លោងទ្វារវត្ត​សំរោង​អណ្តែត តាម​ផ្លូវ​ភ្នំពេញ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

នារី​ខាងលើ​រូប​នេះ​មានឈ្មោះ ណុ​ច អាយុ​២២​ឆ្នាំ ជា​កម្ម​ការី​នី​កាត់ដេរ នៅ​ម្តុំ​ព្រៃ​ទា ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំ​ពង​ស្ពឺ ១B.២៨២៣ រួម​ដំណើរ​ជាមួយ​បងប្អូន​ដែល​ជា​កម្ម​ការី​នី​២​ទៀត​។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​ជា​កម្មការិនី​ចំនួន​៣​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ ហើយ​នារី​ដែល​ដួល​សន្លប់​នោះ គឺ​ជិះ​កណ្តាល​អត់​ពាក់មួក​សុវត្ថិភាព ។ ហើយ​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​ស្តុ​ប គោលដៅ​នគរបាល​ខាងលើ​ក៏​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្ទាក់​ឃាត់​ទុក ដើម្បី​ធ្វើការ​ឆាក​ពិន័យ​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ​គេ​បានឃើញ​នារី​ដែល​ជា​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​បាន​សុំ​អង្វរ ដោយសារ​តែ​អត់​លុយ ព្រោះថា​មាន​លុយ​តែ​២​ម៉ឺន​រៀល​ក្នុង​ខ្លួន​តែ​ប៉ុណ្ណោះ​។ ហើយដោយ​សារ​តែ​នារី​ជា​កម្មការិនី​ដែល​អត់​ពាក់មួក​នោះ មិន​ស្រួលខ្លួន​ខ្សោយ​ដួល​សន្លប់​ទើបតែ​សុំ​ចេញពី​រោងចក្រ​មុន​ទៅ​ផ្ទះ ដោយ​ប្រញាប់​ពេក​ក៏​មិន​បាន​ពាក់មួក​សុវត្ថិភាព ។

បើ​តាម​កម្ម​ការី​នី​ជា​អ្នក​រួម​ដំណើរ បានអោយ​ដឹង​ថា ស្រី​ណុ​ច មិន​ស្រួលខ្លួន​២​ថ្ងៃ​មក​ហើយ​បន្ទាប់​ពី​ដាច់​ខ្សែ​កា​ថា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២១​នេះ ខណៈ​ពេល​កំពុងធ្វើការ ស្រី​ណុ​ច​ក៏​បាន​ដួល​សន្លប់ ហើយ​មិត្ត​រួមការ​ងារ​ក៏​បាន​នាំ​គ្នា​ជួយ​ទាញ​ដៃ​ទាញ​ជើង និង​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​ឱ្យ​បាន​ស្រួលខ្លួន​ឡើង​វិញ​បន្តិច ក៏​បាន​សុំ​ច្បាប់​ថៅកែ ដើម្បី​យក​ទៅ​ស្រុក​កំណើត ដោយ​មាន​ម្តាយមីង​ចាំ​ទទួល​នៅ​ព្រែក​ព្នៅ​។

កម្ម​ការី​នី​ខាងលើ​នេះ បានអោយ​ដឹង​ទៀត​ថា ដោយ​ប្រញាប់ប្រញាល់​ពេក ស្រី​ណុ​ច ក៏​អត់​បាន​ពាក់មួក​សុវត្ថិភាព ហើយ​ណាមួយ​មិន​ស្រួលខ្លួន​ផង ទើប​ពាក់មួក​មិនកើត ព្រមទាំង​បាន​ខ្លី​លុយ​គេ​ចំនួន​២​ម៉ឺន​រៀល​ដើម្បី​ជូន​ទៅ​ព្រែក​ព្នៅ រួច​ប្រគល់​អោយ​ម្តាយ​មីង​នាំ​ទៅ​ស្រុក លុះ​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក៏​ត្រូវ​នគរបាល​ហៅ​ផាកពិន័យ​តែ​ម្តង ។ ហើយ​នាង​ក៏ បាន​សុំ​អង្វរ ដោយ​សុំ​អោយ​២​ម៉ឺន​រៀល តែ​នគរបាល​មិន​ព្រម​។

កម្មការិនី​ខាងលើ​នេះ បាន​បន្ត​ទៀត​ថា ខណៈ​ពេល​នោះ​ដោយសារ​តែ​មិន​ស្រួលខ្លួន និង​ត្រូវ​នគរបាល​ឃាត់​មួយសន្ទុះ​ធំ​ទៀត ស្រី​ណុ​ច ក៏​បាន​ទន់​ជើង​ដួល​សន្លប់​ម្តងទៀត ទើប​នគរបាល​ព្រម​អោយទៅ​។

ចំណែក​នគរបាល​វិញ ក៏​បានអោយ​ដឹង​ដែរ​ថា នៅ​ពេល​ដែល​ឃាត់ខ្លួន​ធ្វើការ​ផាកពិន័យ​នោះ នាង​ប្រាប់​ថា មិន​ស្រួលខ្លួន និង​អត់​លុយ គាត់​ក៏​បាន​អោយទៅ​ហើយ ក្រោយមក​ក៏​បាន​ដួល​ប្រកាច់​តែ​ម្តង ។

បន្ទាប់​ពី​កម្មការិនី​ខាងលើ​នេះ​ដួល​សន្លប់ អ្នក​រត់​ម៉ូតូ​កង់​៣ ព្រមទាំង​បងប្អូន​មិត្ត​ភ​ក្កិ ក៏​បាន​ជួយ​ធ្វើ​ចលនា និង​បាន​លើកយក​ទៅ​ដាក់​លើ​ម៉ូតូ​កង់​៣ បាន​មួយសន្ទុះ រាង​ស្រួលខ្លួន​វិញ​ក៏​បាន​គ្រា​ឡើង​ម៉ូតូ​ជិះ រួច​បន្តដំណើរ​ទៅ​ព្រែក​ព្នៅ​បន្ត​ទៀត ដើម្បី​ប្រគល់​អោយ​ម្តាយមីង​នាំ​យក​ទៅ​ស្រុក​កំណើត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ