ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦ខេត្ត នៅជុំវិញបឹងទន្លេសាប មានករណីទន្ទ្រាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កា.ប់ដីខុស​ច្បាប់ សរុបជាង ២១០០០ហិកតា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ​​បេសកកម្ម​អន្តរក្រសួង ដឹកនាំ​ដោយ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះ​ពិនិត្យ…

ភ្នំពេញ​៖ ​​បេសកកម្ម​អន្តរក្រសួង ដឹកនាំ​ដោយ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះ​ពិនិត្យ ស្រាវជ្រាវ​ករណី​ទន្ទ្រាន ឈូសឆាយ​ដីព្រៃ​លិច​ទឹក និង​កាប់​កាប់​ដី​ខុសច្បាប់ បានរកឃើញថា​ យ៉ាងហោចណាស់​ មានផ្ទៃដីព្រៃលិចទឹក​ជាង ២១១៩០​ហិកតា នៅ ៦​ខេត្ត ជុំវិញ​បឹង​ទន្លេសាប រួមមាន​៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ​។ ក្រុមការងារ​អន្តរក្រសួង បានចាប់ផ្តើម​ការងារ​ចុះ​ត្រួតពិនិត្យ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១​។​

​តាមរយៈ​របាយការណ៍ ដែល​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​ចុះ​ធ្វើការ​ផ្ទាល់​ជាមួយ​លោក ជា សុផារ៉ា និង​ក្រុមការងារ​អន្តរក្រសួង បាន​បង្ហាញថា នៅ​ខេត្តកំពង់ធំ មាន​ករណី​កាប់​ទន្ទ្រាន ឈូសឆាយ​ដីព្រៃ​លិច​ទឹក និង​កាន់កាប់​ដី​ខុសច្បាប់ មាន​ចំនួន ៤០ ករណី លើ​ផ្ទៃដី​ចំនួន ៣ ៥៦៦.៥៦១ ហិកតា​។ នៅ​ខេត្តកំពង់ឆ្នាំង ចំនួន ២១០០.៦៦០ ហិកតា​។ ខេត្តបាត់ដំបង ៣៧៦៨,៤​ហិកតា​។ ក្នុង​ខេត្តពោធិ៍សាត់ មាន​ចំនួន ៤,៤៣៤.០៧​ហិកតា​។ ខេត្តបន្ទាយមានជ័យ ចំនួន ៥ ៣៥០​ហិកតា​។ ខេត្តសៀមរាប ចំនួន ១,៩៧០.៨២២ ហិកតា​។​

​បន្ទាប់ពី​កិច្ចប្រជុំ​ក្នុង​បណ្តា​ខេត្ត​និ​មួយៗ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធាន​អង្គប្រជុំ បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន​ចំណុច ជូន​រដ្ឋបាលខេត្ត រួមមាន៖ ដកហូត​ដី ពី​អ្នកមានអំណាច និង​ប្រជាជន​ចូល​ទន្ទ្រាន និង​កាន់កាប់​ទាំងអស់នោះ មកវិញ​ជាបន្ទាន់​។ ខេត្ត​និ​មួយៗ ក៏ត្រូវ​ចេញ​លិខិត​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ឃុំ ត្រូវ​បញ្ឈប់​ការពិនិត្យ​បញ្ជា​ក់លើ​លិខិត​សុំ​កាន់កាប់​ដី និង​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី ក្នុង​ដែន​ព្រៃ​លិច​ទឹក ព្រមទាំង​ចេញ​លិខិត​បដិសេធ​លើ​រាល់​លិខិត ដែល​បាន​ចេញរួច​ពី​ពេលមុន ជាដើម​។​

 សូម​រម្លឹកថា កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារ​ជា​សំឡេង ដោយ​បញ្ជា​ឲ្យ​អភិបាលខេត្ត ជាប់​បឹង​ទន្លេសាប រួមមាន​៖ ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ រួមទាំង​គណៈកម្មការ​សូ​រិ​យោ​ដី​ថ្នាក់ជាតិ ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ​ដទៃទៀត ត្រូវធ្វើ​សកម្មភាព​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ការកាប់​រាន​ព្រៃ​លិច​ទឹក ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ នៅ​តំបន់​បឹង​ទន្លេសាប​។

​ចំពោះមុខ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​ដកហូត​នូវ​ដីព្រៃ​លិច​ទឹក នៅ​បឹង​ទន្លេសាប ដែល​អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឈឿន រំលោភ​យក​ជាង ២០០០​ហិកតា ផងដែរ​។​

​បន្ថែម​លើ​បទបញ្ជា​ឲ្យ​អភិបាលខេត្ត​ជាប់​បឹង​ទន្លេសាប និង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​បទល្មើស​កាប់​រា​ន​ដីព្រៃ​លិច​ទឹក នៅ​តំបន់​បឹង​ទន្លេសាប សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាស​ព្រមាន​ឲ្យ​មន្ត្រី​ខិលខូច​ទាំងអស់ ចេញ​សារភាព​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ មន្ត្រី និង​អ្នកពាក់ព័ន្ធ​ទាំងនោះ នឹងត្រូវ​ដកហូត រឹបអូស​ទ្រព្យ ព្រមទាំង​ចាប់ខ្លួន បើសិនជា​ពាក់ព័ន្ធ​នឹង​បទល្មើស កាប់​រាន​ព្រៃ យក​ដី​តំបន់​លិច​ទឹក​បឹង​ទន្លេសាប ធ្វើ​កម្មសិទ្ធិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ