រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ក្រសួងទេសចរណ៍បានបង្ហាញថា រយៈពេល៣ខែដើមឆ្នាំ២០១៦ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១.៣៤២.៤៧៧នាក់ កើនឡើង២,៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥ ក្នុងនោះ តាមអាកាសមានចំនួន៧៨៥.០៣៧នាក់ ស្មើនឹង៥៨,៥% នៃចំនួនសរុបកើនឡើង៧% ។
តាមរបាយការណ៍ភ្ញៀវទេសចរអន្តរជាតិ ដែលចូលតាមច្រកសំខាន់រួមមាន៖ ច្រកភ្នំពេញមានចំនួន ៣០៣.២៨១នាក់ ស្មើនឹង ២២,៦% នៃចំនួនសរុបកើនឡើង១១,៣% ។ តាមច្រកសៀមរាប មានចំនួន៤៧៩.៣៩៥នាក់ ស្មើនឹង៣៥,៧% នៃចំនួនសរុប កើនឡើង៤%។ តាមច្រកកងកេងមានចំនួន ២.៣៦១នាក់ ស្មើនឹង០,២% នៃចំនួនសរុប ។
ចំណែកតាមផ្លូវគោក មានចំនួន៤៩៣.០៦៥នាក់ ស្មើនឹង៣៦,៧% នៃចំនួនសរុបថយចុះ៦,៨% ។ តាមផ្លូវទឹកមានចំនួន ៦៤,៣៨៤នាក់ ស្មើនឹង៤,៨%នៃចំនួន សរុបកើនឡើង៤១,៧% ។
ដោយឡែកចំនួនទេសចរណ៍មកទស្សនានៅខែមីនា ឆ្នាំ២០១៦ មានចំនួន៤២៧.៩២៣នាក់ កើនឡើង២,៦% ធៀបនឹងខែមីនា ឆ្នាំ២០១៥ ក្នុងនោះតាមផ្លូវអាកាសមានចំនួន ២៤៤.៥៥៩នាក់ ស្មើនឹង៥៧,២% នៃចំនួនសរុបកើនឡើង៦,៦%។
របាយការណ៍ដដែលបានបញ្ជាក់ថា ទីផ្សារទេសចរណ៍សំខាន់ៗទាំង១០មកកម្ពុជា ក្នុងរយៈពេល៣ខែដើមឆ្នាំនេះមាន៖ វៀតណាម ចំនួន២១៧.៨៦៤នាក់ , ចិនចំនួន២១៧.២១៣នាក់, កូរ៉េចំនួន១៣១.៥៤៨នាក់, ថៃចំនួន៨៥.៦៥៩នាក់, អាមេរិកចំនួន ៧៥.៧០៦នាក់, ឡាវចំនួន៥៨.៧៩០នាក់, ជប៉ុនចំនួន៥៥.៧៥៩នាក់, អង់គ្លេសចំនួន៥១,៥៨៥នាក់, បារាំងចំនួន៤៨.៦៧៨នាក់ និងប្រទេសអាល្លឺម៉ង់ចំនួន៤៦.៨៤០នាក់ ។
ចែករំលែកព័តមាននេះ