ប្រទេសឥណ្ឌូណេស៊ី ៖ ភ្នំភ្លើង SEMERU នៅលើកោះជ្វា ជាកោះមានប្រជាជនច្រើនជាងគេ របស់ឥណ្ឌូណេស៊ី បានផ្ទុះកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ។ ហើយបណ្ដារូបភាពផ្សាយតាមបណ្ដាញសង្គម បង្ហាញអ្នកភូមិជាច្រើនពាន់នាក់កំពុងរត់ភៀសខ្លួនចេញពីផ្ទះសម្បែង និងមានពពកផ្សែង ព្រមទាំងផេះហុយឡើងលើមេឃយ៉ាងខ្មួលខ្មាញ់ផងដែរ។
មកទល់ពេលនេះ នៅមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់នៅឡើយ។ តែបើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិឥណ្ឌូណេស៊ីបានឱ្យដឹងថា បណ្ដាអ្នកជួយសង្គ្រោះ បានជម្លៀសប្រជាជនចេញ ពេលមានការហូរកំអែរភ្នំភ្លើង ចូលដល់ភូមិរបស់ពួកគេ ហើយក៏បានបំផ្លាញស្ពានមួយក្នុងតំបន់ LUMAJANG ផងដែរ។ ចំណែកតំបន់ជាច្រើនទៀត គ្របដណ្ដប់ទៅដោយផេះភ្នំភ្លើងយ៉ាងក្រាស់ ហើយបណ្ដាជម្រកត្រូវបានកសាងនៅតាមមូលដ្ឋានជាច្រើននៅ LUMAJANG។ ម្យ៉ាងវិញទៀត អាជ្ញាធរមូលដ្ឋាន ក៏បានបង្កើតបរិវេណសន្តិសុខ រង្វង់៥គីឡូម៉ែត្រជុំវិញភ្នំភ្លើងនេះទៀតផង។
នេះមិនមែនជាលើកដំបូងទេ ដែលភ្នំភ្លើងនោះមានសកម្មភាព បង្កើតភាពជ្រួលច្របល់ ព្រោះថា កាលពីខែមករា កន្លងទៅ ភ្នំភ្លើង SEMERU ដែលមានកម្ពស់៣.៦៧៦ម៉ែត្រ ក៏ធ្លាប់បានជះផ្សែង និងធូលីទៅលើអាកាសផងដែរ។ រួចកាលពីខែធ្នូ ឆ្នាំ២០២០ ភ្នំភ្លើងនេះ បានផ្ទុះនាំឲ្យមានការជម្លៀសមនុស្សចេញ៥០០នាក់។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី ស្ថិតនៅលើខ្សែក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិកនោះ មានភ្នំភ្លើងដល់ទៅប្រមាណជា៥០០ ក្នុងនោះ១២៦ជាភ្នំភ្លើងសកម្ម។ ចំណែកប្រជាជនឥណ្ឌូណេស៊ី តែងតែប្រឈមមុខនឹងពពកផ្សែង និងផេះ ដូចកាលពីខែសីហា កន្លងទៅ ផេះបានជះចេញពីភ្នំភ្លើង SINABUNG និងមានការហូរកំអែរដូចកាលពីខែសីហា ចេញពីកំពូលភ្នំភ្លើង MERAPI៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ