ពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន និយាយយ៉ាងណាខ្លះ ក្រោយដីព្រៃលិចទឹក ត្រូវបានដកហូត?
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំច្រណូក ស្រុកកំពង់លែង បានសម្ដែងទឹកចិត្តសប្បាយរីករាយ នៅពេលដែលអាជ្ញាធរខេត្តទៅប្រកាសអនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលបានបង្កបង្កើនផលលើទឹកដីព្រៃលិចទឹក ត្រូវបានរដ្ឋដកហូត និងមានឱកាសបានចូលបង្កបង្កើនផលក្នុងមួយរដូវ ទម្រាំដល់ប្រមូលផលរួចហើយ នឹងត្រូវប្រគល់ជូនរដ្ឋវិញ។ សេចក្តីប្រកាសនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ដោយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង។
ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មានដីធ្វើស្រែលើដីព្រៃលិចទឹកដែលត្រូវបានដកហូតដោយរដ្ឋវិញ ។ នៅមុនពេលរដ្ឋប្រកាសដកហូតដីព្រៃលិចទឹកវិញ ពួកគាត់ម្នាក់ៗខ្លះបានចូលបង្ករបង្កើនផលដូចរាល់ឆ្នាំ ដោយខ្លះស្រូវពង្រោះលូតលាស់ជាង៣-៤តឹក ដោយបូមទឹកដាក់ស្រែ បាចជី ខ្លះទើបព្រោះស្រូវពូជ ខ្លះបានត្រាំស្រូវពូជដុះពេញការ៉ុង ចំណែកខ្លះទៀត ដែលមានដីស្រែឆ្ងាយ និងទឹកកំពុងនៅជ្រៅ ពួកគាត់បានប្រើមធ្យោបាយ ដឹកពូជស្រូវ ដឹកជី យកទៅដាក់ដល់ដីស្រែជាមុន ដើម្បីត្រៀមទឹកស្រកបានចូលទៅធ្វើស្រែតែម្តង នេះដោយសារពេលទឹកស្រក គ្មានផ្លូវធ្វើដំណើរ ម៉្លោះហើយពេលទឹកនៅជ្រៅពួកគាត់ដឹកសម្ភារៈទាំងនោះទៅដាក់មុន ។ ទាំងអស់នេះ សុទ្ឋតែបានចំណាយថវិកាច្រើនណាស់ក្នុងមួយគ្រួសារៗ ។
មេឃុំច្រណូក ស្រុកកំពង់លែង លោក ឈុំ ជាង បានដឹងថា ក្នុងឃុំច្រណូកមាន៤ភូមិ គឺភូមិឯលិច ភូមិកណ្ដាល ភូមិធ្លក និងភូមិកង្កែប ។ ប្រជាពលរដ្ឋដែលមានផ្ទៃដីបង្កបង្កើនផលលើដីព្រៃលិចទឹក ដែលរដ្ឋបានដកហូតវិញ មានជាង១ពាន់ហិកតា ។
ដោយសារសន្ទុះនៃការធ្វើស្រូវប្រាំងកាលពីឆ្នាំកន្លងទៅបានផលច្រើន ធ្វើឱ្យជីវភាពពួកគាត់មានជីវភាពធូធារ មួយកម្រឹត ។ហេតុនេះហើយទើបឆ្នាំនេះម្នាក់ៗបានសម្រុកធ្វើស្រែប្រាំងខ្លាំងជាងមុន។ អ្នកខ្លះខ្វះខាតទន់បានខ្ចីលុយធនាគារ រាប់ពាន់រាប់ម៉ឺនដុលា្ល ក្នុងម្នាក់ៗ មានដល់២ម៉ឺនដុល្លា ដើម្បីយកប្រាក់មកធ្វើស្រែ ។ គាត់និយាយបែបនេះ ព្រោះគាត់ជាអ្នកចុះហត្ថលេខាឡើងចុកដៃលើលិខិតខ្ចីប្រាក់ពីធនាគារ។ តែពេលនេះ ទាំងប្រជាពលរដ្ឋ ទាំងគាត់ជាអ្នកអាជ្ញាធរ ពិតជាត្រេកអរខ្លាំងណាស់ ដែលរដ្ឋបានអនុញ្ញាត្តិ ឱ្យប្រជាពលរដ្ឋបានចូលបង្កបង្កើនផលមួយរដូវវិញ យ៉ាងហោចណាស់ ពេលប្រមូលផល រួចពួកគាត់អាចយកមកទូរទាត់ថ្លៃចំណាយបានដែរ ហើយមិនយូទេតែត្រឹម៣ខែរួចហើយ ពួកគាត់ជាប្រជាពលរដ្ឋ នឹងព្រមប្រគល់ដីជូនរដ្ឋវិញ។
នាថ្ងៃនោះដែរ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានប្រកាសប្រាប់ដល់ប្រជាពលរដ្ឋ ក្នុងឃុំច្រណូកថា ដោយសារសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានចូលបង្កបង្កើនផលហើយ ខ្លះបានព្រោះ ខ្លះបម្រុងព្រោះ ដោយបានចំណាយដើមទុនច្រើន ។ ដោយមើលឃើញស្ថានភាពបែបនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យបងប្អូន ចូលធ្វើស្រែមួយរដូវ ពេលប្រមូលផលរួចបងប្អូន នឹងត្រូវប្រគល់ដីព្រៃទាំងនោះមករដ្ឋគ្រប់គ្រងវិញ ។ចំពោះដីដែលដកហូត អាជ្ញាធរខេត្តបានរៀបចំដាំកូនឈើព្រៃលិចទឹកវិញ ដែលតាមគម្រោងនឹងដាំចំនួន២០ម៉ឺនដើម សង្ឃឹមថាៈមិនប៉ុន្មានឆ្នាំខាងមុខព្រៃលិចទឹកនឹងដុះដូចដើមវិញជាពុំខាន ដែលវានឹងផ្តល់សារៈសំខាន់ដល់យើងគ្រប់គ្នា ។
គួររំលឹកដែរថា ក្រោយពីបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដីពីការដកហូតមកវិញនូវដីព្រៃលិចទឹក អាជ្ញាធរខេត្តកំពង់ឆ្នាំង បានសហការជាមួយថ្នាក់ ជាតិដែលមានអន្តរក្រសួង ដកហូតដីដែលបានកាប់ទន្ទ្រាន មកចំនួន២០៥៨ហិកតា ពីមនុស១៣ នាក់ ដែលបានសារភាពប្រគល់ជូនដីជូនរដ្ឋវិញដោយគ្មានលក្ខខណ្ឌ ៕



















ចែករំលែកព័តមាននេះ