អត្ថាធិប្បាយ៖ សម្តេចតេជោ ហ៊ុន សែន និងការស្វែងរកដំណោះស្រាយឱ្យមីយ៉ាន់ម៉ា
- ភ្នំពេញ
ភ្នំពេញ៖ មិនទាន់ក្លាយជាប្រធានអាស៊ានពេញលេញ នៅឆ្នាំ២០២២ ទេ ប៉ុន្តែកម្ពុជា តាមរយៈសម្តេចតេជោ ហ៊ុន សែន ដែលមានរហ័ស្សនាមថា បុរសខ្លាំង…
ភ្នំពេញ៖ មិនទាន់ក្លាយជាប្រធានអាស៊ានពេញលេញ នៅឆ្នាំ២០២២ ទេ ប៉ុន្តែកម្ពុជា តាមរយៈសម្តេចតេជោ ហ៊ុន សែន ដែលមានរហ័ស្សនាមថា បុរសខ្លាំង…
ភ្នំពេញ៖ មិនទាន់ក្លាយជាប្រធានអាស៊ានពេញលេញ នៅឆ្នាំ២០២២ ទេ ប៉ុន្តែកម្ពុជា តាមរយៈសម្តេចតេជោ ហ៊ុន សែន ដែលមានរហ័ស្សនាមថា បុរសខ្លាំង បានចាប់ផ្តើមតួនាទីជាប្រធានអាស៊ាន ជាបណ្តើរៗ ហើយបញ្ហាសំខាន់ចំពោះមុខ និងដំបូងគេ គឺការស្វែងរកដំណោះស្រាយឲ្យមីយ៉ាន់ម៉ា ដើម្បីបានចូលរួមប្រជុំកំពូលអាស៊ាន ឲ្យគ្រប់កូរ៉ុម កុងសង់ស៊ីស ១០ប្រទេសឡើងវិញ។
តាមបទពិសោធន៍កន្លងមក ក្នុងការចរចាស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការដឹកនាំអភិវឌ្ឍន៍ប្រទេស គឺសម្តេចតេជោ ហ៊ុន សែន ពិតជាអាចធ្វើបាន ក្នុងការសម្របសម្រួល ដើម្បីនាំមីយ៉ាន់ម៉ា ចូលតុប្រជុំកំពូលអាស៊ានឡើងវិញ ដោយឈរលើគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោផ្ទាល់តែម្តង។
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា សម្តេចបានអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា មកធ្វើទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ស្វែងរកដំណោះស្រាយឱ្យមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំអាស៊ានឡើងវិញ។ សម្តេច ក៏ត្រៀមខ្លួនជាស្រេច ដើម្បីទៅទស្សនកិច្ច នៅមីយ៉ាន់ម៉ា ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា បើសិនមិនអាចទៅក្នុងនាមជាប្រធានអាស៊ានបានទេ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចកំពុងពិនិត្យមើល ហើយក្នុងជំនួបតាមប្រព័ន្ធវិដេអូ សម្តេចក៏បាននិយាយជាមួយនាយករដ្ឋមន្ត្រីជប៉ុន។ សម្តេច ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរបស់ឥណ្ឌូនេស៊ី ដោយផ្ទាល់នៅកម្ពុជា កាលពីថ្ងៃទី១ធ្នូ ថាតើយើងគួរទុកស្ថានភាពអាស៊ាន៩ ឬអាស៊ាន ១០? ព្រោះកន្លងទៅ ប្រជុំអាស៊ាន គឺមានអាស៊ានតែ៩ ទេ។
សម្តេចតេជោ បានលើកឡើងថា «នេះជាចំណោទបញ្ហា តើយើងសុខចិត្តបំផ្លាញផ្ទះរបស់ខ្លួន ដើម្បីតម្រូវចិត្តដៃគូទេ?នេះជាសញ្ញាសួរ ដែលត្រូវយកចិត្តទុកដាក់។ អាស៊ានមិនមែនជាអង្គការសហប្រជាជាតិទេ មិនអាចយកអាស៊ានទៅប្រៀបធៀបជាមួយអង្គការសហប្រជាជាតិទេ។ ប៉ុន្តែអាស៊ានអត់មានទេ។ អាស៊ាន គឺអនុវត្តទៅតាមគោលការណ៍កុងសង់ស៊ីស ហើយកុងសង់ស៊ីស ត្រូវមាន ១០ប្រទេស តែបើមានតែត្រឹម ៩ ចុះបើអត់មានមួយ តើវាយ៉ាងម៉េច?»។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបន្តថា «តើយើងគួរពង្រឹងផ្ទះខ្លួនឯង? ផ្ទះវាមានជើងសសរ ១០ ឥឡូវសសរមួយបាក់។ តើទុកឲ្យវាបាត់អញ្ចឹង ដើម្បីបំពេញចិត្តដៃគូខាងក្រៅ ឬក៏ត្រូវរៀបចំផ្ទះខ្លួនឯង បើផ្ទះខ្លួនឯង រៀបចំមិនបាន អ្វីទៅ ដែលហៅថា សាមគ្គីភាព ក្នុងអាស៊ាន ឬមជ្ឈភាពរបស់អាស៊ាន? នេះជាចំណោទបញ្ហា ដែលខ្ញុំលើកជាមួយនាយករដ្ឋមន្ត្រីជប៉ុន ហើយខ្ញុំលើកជាមួយលោកជំទាវរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី»។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងប្រទេសព្រុយណេ កាលពីខែវិច្ឆិកា ថ្នាក់ដឹកនាំអាស៊ាន បានឯកភាពមិនអញ្ជើញ មេដឹកនាំមីយ៉ាន់ម៉ា ឱ្យចូលរួមកិច្ចប្រជុំនោះទេ តែបានអនុញ្ញាត ឱ្យតំណាងមិនមែនមន្ត្រីរដ្ឋាភិបាល មកចូលរួមបាន។ ប៉ុន្តែរដ្ឋាភិបាលមីយ៉ាន់ម៉ា មិនបញ្ជូនមន្ត្រីទៅចូលរួមប្រជុំ ដែលធ្វើតាមវិដេអូ កាលពីវិច្ឆិកាឡើយ។
មែនទែនទៅ មូលហេតុសំខាន់ ដែលអាស៊ាន ដែលមានប្រទេសព្រុយណេ ជាប្រធាន មិនអញ្ជើញឲ្យមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកនេះ ដោយសារតែមេដឹកនាំយោធាមីយ៉ាម៉ា ដឹកនាំដោយលោកឧត្តមសេនីយ៍ មីន អ៊ុងលាំង មិនធ្វើតាមការសន្យា ក្រោយពីបានធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដណ្តើមអំណាចពីលោកស្រី អ៊ុង ស៊ានស៊ូជី ហើយចាប់លោកស្រី រួមទាំងសកម្មជននយោបាយជាច្រើនទៀត ឃុំឃាំង និងកាត់ទោស។ ក្នុងនោះ ក៏មានបាតុកម្មតវ៉ាជាហូរហែ ចាប់តាំងពីក្រុមយោធា ធ្វើរដ្ឋប្រហារ ឡើងកាន់អំណាច បណ្តាលឲ្យស្លាប់ និងរបួសបាតុករជាច្រើន។
កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មេដឹកនាំអាស៊ាន បានចូលរួមកិច្ចប្រជុំពិសេស នៅប្រទេសឥណ្ឌូនេស៊ី ដោយមានទាំងការចូលរួមពីឧត្តមសេនីយ៍យោធាភូមា លោក មីន អ៊ុងលាំង អគ្គមេបញ្ជាការកងទ័ពជាតិភូមា ដើម្បីព្យាយាមរកផ្លូវ ជួយដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា។
កិច្ចប្រជុំកាលណោះ បានសម្រេចនូវប៉ុន្មានចំណុច ដើម្បីឲ្យមេរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា អនុវត្ត ក្នុងបំណង ជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ទោះបីអាស៊ាន មានទម្លាប់ មិនលូកដៃចូលកិច្ចការផ្ទៃក្នុងនៃប្រទេសសមាជិកនីមួយៗ ក៏ដោយ។ ប៉ុន្តែមកដល់ខែវិច្ឆិកា ឆ្នាំ២០២១ ដំណោះស្រាយទាំងប៉ុន្មានចំណុចរបស់អាស៊ាន លើបញ្ហាមីយ៉ាន់ម៉ា មិនត្រូវបានមេបញ្ជាការកងទ័ព មីន អ៊ុងលាំង យកទៅអនុវត្ត និងដោះស្រាយ ដើម្បីសម្រាលស្ថានការណ៍ឡើយ ខណៈដែលលោកស្រី អ៊ុង សានស៊ូជី ក៏បន្តជាប់ឃុំឃាំង និងត្រូវតុលាការកាត់ទោសក្នុងសំណុំរឿងជាច្រើន។
យ៉ាងណាក៏ដោយចុះ យើងដឹងរួចមកហើយថា សម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក ក្នុងការបង្រួបបង្រួមជាតិ ឆ្លងកាត់ការចរចា ពិសេសពាក់ព័ន្ធការចរចា ដើម្បីបញ្ចប់សង្គ្រាម នៅកម្ពុជា តាំងពីចរចាជាមួយសម្តេចព្រះ នរោត្តម សីហនុ ឈានទៅដល់ត្រីភាគី ដើម្បីចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ រួមទាំងចរចាជាមួយក្រុមខ្មែរក្រហម ឈានដល់ការផ្តាច់ឫសគល់ទាំងស្រុងរបស់ក្រុមខ្មែរក្រហម នៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ រួមទាំងការចរចាដោះស្រាយវិបត្តិនយោបាយជាច្រើនទៀត តាំងពីជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច និងចុងក្រោយជាមួយអតីតគណបក្សសង្គ្រោះជាតិ ជាដើម។
សម្តេចតេជោ ក៏បានទម្លាយរឿងមួយជាសាធារណៈ ពាក់ព័ន្ធប្រវត្តិនៃការចរចាទាំងឡាយ នៅក្នុងប្រទេសកម្ពុជា មុនឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចចរចាទាំងឡាយ មិនដែលសម្រេចបានលទ្ធផល តាមការជជែកពិភាក្សាផ្លូវការ (លើតុ) នោះទេ ពោលភាគច្រើន លទ្ធផលដែលសម្រេចបាន គឺកើតចេញពីការចរចាក្រៅផ្លូវការ ដែលសម្ដេចហៅថា ជាការងារក្រោមតុ។
និយាយពីវិបត្តិនៅមីយ៉ាន់ម៉ា ឬភូមា ជាជម្លោះជាតិសាសន៍រួមជាតិ ហើយក៏មានជនជាតិភាគតិចច្រើនអម្បូរថែមទៀត។ ប៉ុន្តែមិនថា ជាតិសាសន៍ណា ឬជាតិសាសន៍ណា ហើយសូម្បីតែរវាងក្រុមឧត្តមសេនីយ៍យោធា តាំងពីលោក ថេន សេន បន្តដល់លោក មីន អ៊ុងលាំង ក៏ដូចជា ក្រុមប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី អ៊ុង ស៊ានស៊ូជី គឺធ្វើនយោបាយ ក៏ដើម្បីតែជាតិមាតុភូមិ និងដើម្បីប្រជាជន នៅមីយ៉ាន់ម៉ា ដែលជាគោលដៅរួម។ ចុះពេលនេះ ប្រទេសកើតលុកយុគ វឹកវរ សហគមន៍អន្តរជាតិថ្កោលទោស ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ហើយចុងក្រោយនេះ អាស៊ាន ក៏លែងឲ្យចូលរួមប្រជុំថែមទៀត តើឈ្លោះគ្នា ដើម្បីអ្វី? យកអំណាចមកដើម្បីអ្វី? បើប្រទេសវឹកវរ រកសុខមិនឃើញ តើអាចដឹកនាំ និងអភិវឌ្ឍន៍ប្រទេសតាមវិធីណា?
ជម្លោះផ្ទៃក្នុងរវាងជាតិសាសន៍ឯង រវាងាខ្មែរ និងខ្មែរ តាំងពីសម័យកាលបុរាណ បន្តដល់រដ្ឋប្រហារ ថ្ងៃ១៨មីនា ឆ្នាំ១៩៧០ ក្រោយមក ក៏ខ្មែរក្រហម វាយដណ្តើមកាន់កាប់កម្ពុជា នៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥។ នៅខ្មែរក្រហម កាន់អំណាច ក៏ខ្មែរមិនបានសុខឡើយ។ ច្បាំងគ្នាឯងផង សម្លាប់ជាតិសាសន៍ឯងផង។ រហូតដល់ដួលរលំ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ ក៏នៅតែប្រយុទ្ធបង្ហូរឈាមខ្មែរគ្នាឯង ហើយឈានដល់ចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរៀបចំការបោះឆ្នោត ឆ្នាំ១៩៩៣ ក៏មិនស្ងប់។ ក្រោយមក ខ្មែរក្រហម វិលទៅតស៊ូក្នុងព្រៃវិញ ក៏នៅតែមានការប្រយុទ្ធគ្នា រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបសម្តេចតេជោ ហ៊ុន សែន បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅកម្ពុជា តាមរយៈការរំលាយអង្គការចាត់តាំងខ្មែរក្រហម ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេច។
ប្រវត្តិសាស្ត្រកម្ពុជាទាំងអស់ ដែលសម្តេចតេជោ ហ៊ុន សែន បានចូលរួមចរចា និងដឹកនាំប្រទេស ឈានដល់សុខសន្តិភាព និងការអភិវឌ្ឍន៍ ដូចសព្វថ្ងៃនេះ ច្បាស់ណាស់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាមេដឹកនាំអាស៊ាន នៅឆ្នាំ២០០២ ឆ្នាំ២០១២ និងលើកទី៣ នៅឆ្នាំ២០២២ អាចនឹងស្វែងរកដំណោះស្រាយដល់មីយ៉ាន់ម៉ា។ នោះគឺបើថា មិនបានបញ្ចប់ជម្លោះផ្ទៃក្នុងមីយ៉ាន់ម៉ាទាំងស្រុង ក៏យ៉ាងហោចណាស់ បុរសខ្លាំងកម្ពុជា នឹងនាំមីយ៉ាន់ម៉ា វិលចូលតុប្រជុំកំពូលអាស៊ានឡើងវិញ នៅឆ្នាំ២០២២ ជាមិនខាន។
ប៉ុន្តែមីយ៉ាន់ម៉ាខ្លួនឯង ក៏ត្រូវជួយខ្លួនឯងដែរ។ មានតែការចរចា និងការរួបរួម ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនមីយ៉ាន់ម៉ា ជាធំប៉ុណ្ណោះ ទើបទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍ ហើយកម្ពុជា អាចជាគំរូមួយ សម្រាប់មីយ៉ាន់ម៉ា ក្នុងការសាកល្បងដោះស្រាយវិបត្តិផ្ទៃក្នុងរបស់ខ្លួន តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន៕
ចែករំលែកព័តមាននេះ