ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង រន្ទះបា.ញ់​ងាប់​សត្វ​គោ​ចំនួន​៣​ក្បាល​

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង ត្រូវ​បាន​ភ្លៀង​លាយឡំ ដោយ​ខ្យល់​កន្ត្រាក់​បុក​ប៉ើង​ដំបូល​ខូចខាត​ធ្ងន់ធ្ងរ ក្នុង​នោះ​រលំ​ដួល​ទាំងស្រុង​

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង ត្រូវ​បាន​ភ្លៀង​លាយឡំ ដោយ​ខ្យល់​កន្ត្រាក់​បុក​ប៉ើង​ដំបូល​ខូចខាត​ធ្ងន់ធ្ងរ ក្នុង​នោះ​រលំ​ដួល​ទាំងស្រុង​ចំនួន​១​ខ្នង ស្ថិត​នៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ហើយ​ជាមួយ​គ្នា​នេះ​ដែរ លេច​ចេញ​នូវ​ផ្លេកបន្ទោរ​បង្ក​ទៅ​ជា​រន្ទះបាញ់​ដើមឈើ បណ្តាល​ឱ្យ​ងាប់​សត្វ​គោ​អស់​ចំនួន​៣​ក្បាល នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ តែ​សំណាងល្អ មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​នៅ​ក្បែរ​នោះ​ទទួល​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ឡើយ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ទាំង​ពីរ​ខាងលើ ។ ប្រភព​ព័ត៌មាន​ពី​លោក ជុំ វឿ​ន នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​កាច់ បានឱ្យ​ដឹង​ថា កាលពី​វេ លា​ម៉ោង​១២​ថ្ងៃត្រង់ គេ​សង្កេត​ឃើញ​ផ្ទៃមេឃ​ប្រែក្លាយ​ទៅ​ខ្មៅ​អួរ​អាប់ បង្ក​ជា​ភ្លៀង​លាយ​ដោយ​ខ្យល់​កន្ត្រាក់​បក់​បោក​មក​ពី​ទិស​ខាងលិច បណ្តាល​ឱ្យ​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ចំនួន​៣​ខ្នង ក្នុង​នោះ​ដួល​រលំ​ទាំងស្រុង​ចំនួន​១​ខ្នង តែ​មិន​បណ្តាល​ឱ្យ​រង​របួស​នោះ​ទេ​ដល់​មនុស្ស​ទេ ។

លោក​បាន​បន្ត​ទៀត​ថា ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ស្រាប់តែ​មាន​ផ្លេកបន្ទោរ និង​ផ្គរលាន់ បង្ក​ទៅ​ជា​រន្ទះបាញ់​ទៅ​លើ​ដើមឈើ​១​ដើម ដែល​អ្នក​ភូមិ​យក​គោ​ទៅ​ចង​នៅ​ក្បែរ​នោះ បណ្តាល​ឱ្យ​ងាប់​អស់​ចំនួន​៣​ក្បាល ព្រមទាំង​បាញ់​ចំ​បង្គោល​ខ្សែភ្លើង​១​ដើម ធ្វើ​ឱ្យ​ដាច់​ភ្លើង​អគ្គី​ស​នីមួយ​រយៈពេល​ផង​ដែរ ។ លោក​បញ្ជាក់​ទៀត​ថា ពេល​នោះ​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ បាន​រក​ឃើញ​កាំភ្លើង អាកា​ស្វាយ​បត់​ចាស់​ច្រេះ​ស៊ី​១​ដើម កប់​ក្នុង​ដី​នៅ​ក្បែរ​កន្លែង​នោះ​ដែរ ។

ក្រោយមក ខាង​អាជ្ញាធរ​ភូមិ ឃុំ ស្រុក បាន​ចុះ​ទៅ​ត្រួតពិនិត្យ ដល់​ផ្ទះ​ប្រជាពលរដ្ឋ និង​រាយការណ៍​ជូន​កាកបាទក្រហម​សាខា​ខេត្ត ដើម្បី​ងាយស្រួល រៀបចំ​ជា​អំណោយ​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​មួយ​នេះ ។ សូម​បញ្ជាក់​ថា បន្ទាប់​ពី​គ្រោះ​ធម្មជាតិ​រាំង​ស្ងួត ខ្វះខាត​ទឹក​ទទួលទាន និង​ប្រើប្រាស់ កាលពី​ថ្មី​ៗ​កន្លង​មក រហូត​មក​ដល់ ពេល​នេះ ក៏​ជួប​ប្រទះ​នឹង​បញ្ហា​គ្រោះ​ធម្មជាតិ​ដោយសារ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ ។ 

នៅ​ដើមឆ្នាំ​២០១៦​នេះ ក្នុង​ខេត្ត​ប៉ៃលិន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​៣​នាក់ ដោយសារ​តែ​រន្ទះបាញ់​ពេល​មេឃ​ភ្លៀង ។ ដូច្នេះ​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​ខេត្ត​នានា​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​មាន​ភ្លៀង​ឬ​ខ្យល់ ត្រូវ​ចូល​ជ្រក​នៅ​កន្លែង​មាន​សុវត្ថិភាព ដើម្បី​បង្ការ​បញ្ហា គ្រោះថ្នាក់ ដែល​អាច​បណ្តាល​ឱ្យ​បាត់បង់​អាយុជីវិត​ផង​ដែរ ៕