ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បាន​ធ្វើស្រែ​រួចលើ​​ដី​ព្រៃ​លិច​ទឹក អាច​ចូល​បាច​ជី​​ដាក់​ទឹក​ថែ​ទាំ​​បាន តែ​​សន្យា​ត្រូវ​ប្រគល់​​រដ្ឋ​វិញ ​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ដែល​បាន​បង្កបង្កើន​ផល​លើ​ផ្ទៃដី​ព្រៃ​លិច​ទឹក ដែល​ត្រូវ​បាន​រដ្ឋ​ដកហូត​មក​វិញ​ អាច​ចូល​បាចទឹក ដាក់​ជី ថែ​​រហូត​ចាំ​ប្រមូល​ផល​បាន តែ​ត្រូវធ្វើ​កិច្ចសន្យា​បញ្ឈប់​ ក្រោយ​ពេល​ប្រមូល​ផល​រួច​ គឺ​មិន​អនុញ្ញាត​ឱ្យ​ចូល​បង្កបង្កើន​ផល​ទៀត​ទេ​។ ​នេះ​ជា​ការ​បញ្ជាក់​របស់ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​ បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី ៣ ខែធ្នូ ឆ្នាំ​២០២១​នេះ ។

ឯកឧត្តមអភិបាលខេត្ត​កំពង់ឆ្នាំងបាន​បញ្ជា​ក់ថា យោង​តាម​ការ​ឯកភាព​ពី​ថ្នាក់​ជាតិ ដែល​មាន​អន្តរក្រសួង គឺ​បាន​សម្រេច អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ដែល​បាន​បង្កបង្កើន​ផល​ហើយ លើ​ផ្ទៃដី​ដែល​ត្រូវ​បាន​ដកហូត​មក​វិញ ក្នុងភូមិ​សាស្ត្រ​ព្រៃ​លិច​ទឹក អាច​ចូល​ដាក់​ជី ដាក់​ទឹក​ថែទាំ និង រង់ចាំ​ប្រមូល​ផល​បាន តែ​ត្រូវ​មាន​កិច្ចសន្យា គឺ​ក្រោយ​ពី​ប្រមូល​ផល​ស្រូវ ដែល​បាន​ធ្វើ​រួច​ហើយ ត្រូវ​បញ្ឈប់ និង​ប្រគល់​មក​រដ្ឋ​វិញ ដើម្បី​ឈូស​លប់​ភ្លឺ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​បន្ត​ទៀត​ទេ ។

ជាមួយ​គ្នា​នេះ​ ក៏​មិន​អនុញ្ញាត​ឱ្យ​មានការ​សង់រោង​ចូល​ទៅ​ស្នាក់​នៅ​នោះ​ដែរ គឺ​គ្រាន់តែ​ឲ្យ​ទៅ​មើលថែ​ប៉ុណ្ណោះ ល្ងាច​ឡើង​ត្រូវ​ឱ្យ​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ហើយ ប្រជាពលរដ្ឋ​ទាំងនោះ​ក៏​ត្រូវ តែ​មាន​កិច្ចសន្យា​ផ្តិត​មេដៃ​ជា​លាយលក្ខណ៍អក្សរ​ផង​ដែរ ដើម្បី​ឈាន​ដល់​ការ​គ្មាន​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹកជា​បន្ត​ទៀត ។ សម្រាប់​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​បង្កបង្កើន​ផល ព្រោះ​ដី​ដែល​ខ្លួន​កាន់កាប់​នៅ​លិច​ទឹក នៅឡើយ គឺ​មិន​អនុញ្ញាត​ឲ្យ​ចូល​បង្កបង្កើន​ផល​ជា​ដាច់ខាត ។​និយាយ​ជា​រួម គឺ​ឱ្យ​តែ​អ្នក​បាន​ធ្វើ​ស្រូវ ពង្រោះ​ហើយ​តែ​ប៉ុណ្ណោះ ។

ដោយឡែក​ តាម​ការ​បញ្ជាក់​ពី លោក ចេ​ង ចាន់​ដូ​ណា អភិបាល​ស្ដីទី​ស្រុក​កំពង់លែង ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ថ្ងៃនេះ អាជ្ញាធរ​ខេត្ត ពិតជា​បាន​ទៅ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​បង្កបង្កើត​ផល​លើ​ផ្ទៃដី​ត្រូវ​បាន​ដកហូត គឺ​ឲ្យ​ចូល​ដាក់​ទឹក​បាច​ជី​នឹង​រង់ចាំ​ប្រមូល​ផល​ពិតមែន ។ ដែល​នេះ​ជា​ការ​គិតគូ​ដល់​ប្រជាពលរដ្ឋ អាច​និយាយ​បាន​ថា​ធូរស្រាល​ខ្លះ សម្រាប់​ថ្លៃ​ចំណាយ ទិញ​ប្រេង​បូមទឹក ដាក់​ជី ក្នុង​រយៈកាល​កន្លង​មក ។

សូម​បញ្ជាក់​ថា​៖ ចាប់តាំងពី​បទបញ្ជា​យ៉ាង​តឹង​រឹង របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ស្តី​ពី​ការ​ដកហូត​ត្រឡប់​មក​វិញ នៅ​ដី​ព្រៃ​លិច​ទឹក ដែល​រុករាន​ទន្ទ្រាន​ដោយ​ខុសច្បាប់ អាជ្ញាធរ​ខេត្ត បាន​សហការ​ជាមួយ​អន្តរក្រសួង និង​មន្ទីរ​ពាក់​ពាក់​ព​ន្ឋ័ បាន​ដក​ដី​ព្រៃ​លិច​ទឹក​មក​វិញ ចំនួន​២០៥៨​ហិ​កតា ដែល​មនុស្ស​១៣​នាក់​ព្រម​ចេញ​មុខ​សារភាព ប្រគល់​ដី​ទាំងនោះ​មក​រដ្ឋ​វិញ​ដោយ​គ្មាន​លក្ខណ​៕ ​