ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រួយ​បារម្ភ! ខណៈ​ក្រុមជម្រើសជាតិកម្ពុជា​ចេញប្រកួត​ចំ​ខែ​ធ្លាក់​ខ្យល់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ចេញដំណើរ​ហើយ កាល​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១ ​នេះ ទៅ​ប្រទេស​សិង្ហ​

រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ចេញដំណើរ​ហើយ កាល​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១ ​នេះ ទៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ចូលរួម​ប្រកួតប្រជែង​ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ AFF Suzuki Cup 2020 បន្ទាប់​ពី​ក្រុម​កម្ពុជា​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុងស្រុក​បាន​១​ស​ប្តា​ហ៍​កន្លង​មក​។ អ្វី​ដែល​មានការ​បារម្ភ គឺ​ការ​ចេញ​ប្រកួត​របស់​ពួក​គេ​ត្រូវ​ចំ​ខែត្រជាក់ ខណៈ​ដែល​នៅ​សិង្ហ​បុរី គឺជា​ប្រទេស​ជាប់​សមុទ្រ រឹតតែ​ត្រជាក់ ដែល​តម្រូវ​អោយ​កីឡាករ​ទាំងអស់​យកចិត្តទុកដាក់​អោយ​ខ្លាំង​លើ​សុខភាព​។

ព្រឹត្តិការណ៍ AFF SUZUKI CUP 2020 វគ្គ​ចែក​ពូ​ល​នេះ មាន​១០​ក្រុម និង​បែងចែក​ជា​ពីរ​ពូ​ល ដោយ​ពូ​ល​A រួម​មាន​៖ ម្ចាស់ផ្ទះ​សិង្ហ​បុរី​, ថៃ​, មី​យ៉ា​ន់​ម៉ា​, ហ្វ៊ី​លី​ពី​ន និង​ក្រុម​ទី​ម័​រ​ខាងកើត ខណៈ​ពូ​ល B មាន​ដូច​ជា ក្រុម​កម្ពុជា​, ម៉ា​ឡេ​ស៊ី​, ឥណ្ឌូ​ណេ​ស៊ី​, ឡាវ​, និង​ក្រុម​វៀតណាម ដែល​ជា​ក្រុម​ការពារ​ម្ចាស់​ដំណែង​ជើងឯក​ឆ្នាំ​២០១៨​។ សម្រាប់​៤​ប្រកួត​របស់​កម្ពុជា គឺ​ត្រូវ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម​ម៉ា​ឡេ​ស៊ី មុនគេ នា​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២១ បន្ទាប់​មក ប៉ះ​ជាមួយ​ក្រុម​ឥណ្ឌូ​ណេ​ស៊ី នា​ថ្ងៃ​ទី​៩ ខែធ្នូ​, បន្ត​ប៉ះ​ជាមួយ​ក្រុម​ឡាវ នា​ថ្ងៃ​ទី​១៥ ខែធ្នូ និង​១​ប្រកួត​ចុង​ក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​B គឺ​ប៉ះ​ជាមួយ​ក្រុម​វៀតណាម នា​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១​។

លោក ភា សុ​ភ័​ក្ត្រា គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បញ្ជាក់​ថា នៅ​ក្នុង​ការ​ហ្វឹកហាត់​ក្នុងស្រុក​គឺ​កីឡាករ​ទាំងអស់ បាន​ព្យាយាម​ធ្វើ​បាន​ល្អ ហើយ​យើង​នឹង​បន្ត​ហ្វឹកហាត់​ដោយ​ផ្ទាល់​ជាមួយ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បន្ថែម​ទៀត នៅ​ពេល​ទៅ​ដល់​ប្រទេស​សិង្ហ​បុរី​។ យ៉ាងណាមិញ​ លោក​ថា​ការ​ចេញ​ប្រកួត​លើក​នេះ កីឡាករ​ទាំង​មិនមែន​ត្រូវ​ប្រឹង​តែ​បង្កើន​សមត្ថភាព​តែ​ម្យ៉ាង​ទេ គឺ​ត្រូវ​យកចិត្ត​ទុក​រឿង​សុខភាព​ប្រឆាំង​នឹង​ខែត្រជាក់​នេះ​មួយទៀត​។ លោក​បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​ថា «​នៅ​ក្នុង​រយៈពេល​៤​ថ្ងៃ មុន​ជំនួប​បើក​ឆាក​របស់​កម្ពុជា ជាមួយ ម៉ា​ឡេ​ស៊ី យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង យើង​នឹង​រៀបចំ​ឲ្យ​បាន​ល្អ​សម្រាប់​ការ​ត្រៀម​កម្មវិធី​ហ្វឹកហាត់ និង​ត្រៀម​ការ​ប្រកួត​បន្តបន្ទាប់​។ ជា​ទូទៅ ក្រុម​គ្រូបង្វឹក បាន​សិក្សា​ស្វែង​យល់​បច្ចេកទេស​របស់​ក្រុម​នានា​ដែល​ត្រូវ​ប្រកួត​ជាមួយ​កម្ពុជា​»​។

លោក​បន្ថែម​ទៀត​ថា «​គ្រូបង្វឹក​ទាំងអស់ តែងតែ​ប្រាថ្នា​ចង់បាន ក៏​ដូច​ជា​មាន​មហិច្ឆតា ឬ​ឆន្ទៈ​ជាមួយ​ក្រុម​ទាំងមូល ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​កម្រិត​ណាមួយ​។ សម្រាប់​គូប្រជែង​ទាំង​៤ នៅ​ក្នុង​ពូ​ល B ជាមួយ​ក្រុម​កម្ពុជា ខ្ញុំ​គិត​ថា ក្រុម​ទាំង​អស់នោះ សុទ្ធសឹងតែ​ជា​ក្រុម​រៀបចំ​ខ្លួន​បាន​ល្អ និង​ជា​ក្រុម​ខ្លាំង​ៗ នៅ​ក្នុង​ពូ​ល​នេះ​»​។

ងាក​មក​ការ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​វិញ គ្រូ​ជំនួយ​រូប​នេះ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​ទាំងអស់ ដោយ​ពួក​គាត់​បាន​ព្យាយាម​ស្វែង​យល់​អំពី​របៀបរបប​នៃ​ការ​ហ្វឹកហាត់ និង​កលល្បិច​នៃ​ការ​លេង​។ ជា​រួម គឺ​ទាំង​កីឡាករ​ជើង​ចាស់ និង​កីឡាករ​ថ្មី​ៗ ដែល​ចូលរួម​ក្នុង​ក្រុម​ជម្រើសជាតិ​នា​ពេល​នេះ គឺ​ពួក​គាត់​ធ្វើ​បាន​ល្អ​ច្រើន ដើម្បី​ប្រជែង​ដំណែង​ក្នុង​បេក្ខភាព​ជម្រើស​១១​នាក់​ដំបូង​។ «​នៅ​ក្នុង​បាល់ទាត់ យើង​មិន​អាច​និយាយ​រឿង​វ័យ​នោះ​ទេ ពោល​គឺ​និយាយ​អំពី​សមត្ថភាព​នៃ​ការ​លេង ដោយ​ត្រូវ​ផ្សារ​ភ្ជាប់​ជាមួយ​គុណសម្បត្តិ​ផ្សេង​ទៀត រួម​ទាំង​បទ​ពិសោធន៍ អ្នកដឹកនាំ​លេង អ្នក​ដែល​ពូកែ​លើកទឹកចិត្ត​ក្រុម​ជាដើម ដែល​ទាំង​អស់នេះ ជា​អ្វី​ដែល​យើង​ចង់បាន​ចូលរួម​ក្នុង​ក្រុម ដែល​ហៅ​ថៅ​គុណ​ផល​របស់​ក្រុម ដែល​មិន​អាច​អត់​បាន​»​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍ AFF SUZUKI CUP 2020 នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២២ នៅ​ប្រទេស​សិង្ហ​បុរី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ