ពេលស្នេហាដំបូង អូនជាស្រីស្លូតបូតរាបសាគួរស្រឡាញ់ ។ ប៉ុន្តែ ក្រោយពេលការហើយ អូនក្លាយជាសត្វខ្លាគួរឱ្យខ្លាច ។ នេះជាអារម្មណ៍របស់មនុស្សប្រុសជាច្រើន បន្ទាប់ពីពួកគេបានរស់នៅជាមួយប្រពន្ធជាច្រើនឆ្នាំមក ។ តើការពិតដូច្នេះមែនឬ?
បុរសជាច្រើនមានទស្សន:បែបនេះ ក៏ដោយសារតែប្រពន្ធរបស់ពួកគេ មានការហួងហែងខ្លាំង និងកាចជាងពេលដែលទើបស្គាល់គ្នា ឬក៏នៅពេលដែលនៅជាគូសង្សារ ។ មានមនុស្សប្រុសជាច្រើន ត្រូវស្ត្រីជាប្រពន្ធទូរស័ព្ទរកដេញដោល ពេលដែលបុរសជាប្តីដើរកម្សាន្តនៅខាងក្រៅផ្ទះ ។ តាមពិតទៅ សម្រាប់ស្ត្រីជាប្រពន្ធ ការទូរស័ព្ទនោះ ក៏ព្រោះតែពួកគេមានការព្រួយបារម្ភខ្លាំងពីប្តីដោយខ្លាចប្តីស្រវឹង ហើយបើកបរ ឬក៏ខ្លាចស្វាមីខិលខូចមានស្រីខាងក្រៅផ្ទះ ។
បុរសជាប្តី ត្រូវទទួលស្គាល់ថា ជាទូទៅប្រពន្ធ មានការខ្វល់ខ្វាយច្រើនអំពីប្តី ដែលនៅខាងក្រៅផ្ទះ ដោយហេតុផលស្រឡាញ់ និងការយកចិត្តទុកដាក់ ។ ប៉ុន្តែបុរសជាប្តីខ្លះគិតថា នោះគឺជាការរំខាន និងធ្វើឱ្យពួកគេខ្មាស់មិត្តភក្តិ ដែលកំពុងតែផឹកស៊ីជាមួយ ។
ដូច្នេះ ការនិយាយថា ស្ត្រីភាគច្រើនក្លាយជាសត្វខ្លា ក្រោយពេលរៀបការរួចប្រហែលធ្ងន់ធ្ងរហួសហេតុ សម្រាប់ស្ត្រីជាប្រពន្ធ ។ ការយកចិត្តទុកដាក់ និងការខ្វល់ខ្វាយ មិនគួរត្រូវបានបកស្រាយថា ជាអាកប្បកិរិយាកាចរបស់ប្រពន្ធនោះឡើយ ។
ចំណែកស្ត្រី ក៏ត្រូវតែយកបញ្ហានេះ មកពិចារណាឡើងវិញផងដែរថា តើខ្លួនពិតជាកាចជ្រុលចំពោះប្តី រហូតដល់ពួកគេចាត់ទុកជាសត្វខ្លា ឬយ៉ាងណា? ខណ:ដែលការយកចិត្តទុកដាក់ និងខ្វល់ខ្វាយជារឿងល្អ សម្រាប់ស្វាមី ។ ប៉ុន្តែការហួងហែងហួសហេតុ អាចនឹងធ្វើឱ្យបុរសជាប្តីយល់ថា មិនមានការគោរពគ្រប់គ្រាន់ចំពោះពួកគេ ។
ការយល់ច្បាស់អំពីចេតនាល្អរបស់ប្រពន្ធ និងការផ្តល់ការគោរពចំពោះប្តី នឹងអាចសម្រាលការគិតពីខាងបុរស ។ ពេលនោះស្ត្រីលែងជាសត្វខ្លាទៀតហើយ ប៉ុន្តែជាប្រពន្ធដ៏គួរឱ្យស្រឡាញ់បំផុត ។
ចែករំលែកព័តមាននេះ