ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ចុះ​ត្រួតពិនិត្យ​គុណ​ភាពរឹងមាំ និង​អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង នៃ​ផ្លូវ​ខេត្ត​លេខ​១៤៨

2 ឆ្នាំ មុន

ខេត្តព្រះសីហនុ​ ៖ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួងសាធា​រណកា​រ និង​ដឹកជញ្ជូន ថ្ងៃទី0២ ខែធ្នូ ឆ្នាំ២០២១…

ខេត្តព្រះសីហនុ​ ៖ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួងសាធា​រណកា​រ និង​ដឹកជញ្ជូន ថ្ងៃទី0២ ខែធ្នូ ឆ្នាំ២០២១ បាន អញ្ជើញ​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ពាក់ព័ន្ធរបស់ក្រ​សួង អញ្ជើញ​ចុះ​ពិនិត្យ​គុណភាព និង សកម្មភាព ការងារ​សា​ង​សង់​ នៃ​ការដ្ឋាន​ស្ថាបនា​កំណាត់ផ្លូ​វ​ខេត្ត​លេខ១៤៨ និង​ប្រព័ន្ធ​លូ​បង្ហូរ ដោយមាន​ការចូលរួម​ពី ក្រុមការងារ​បច្ចេកទេស​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ តំណាង​ក្រុមហ៊ុន​សាងសង់ ទីប្រឹក្សា​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​ថា​សំណង់​ដែល​សាងសង់ រួច​មានគុណ​ភាពរឹងមាំ ស្របតាម​ស្តង់​ដា​បច្ចេកទេស ដែល​បាន​កំណត់ ប្រើប្រាស់​ជាប់​បាន​យូរ និង​កាត់បន្ថយ​ការ​ចំណាយ ថវិកាជាតិ​ក្នុង​ការ​ជួសជុល​ថែទាំ​ ។

ថ្លែង​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​កំណាត់ផ្លូវ​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាង សង់​យកចិត្ត​ទុកដាក់​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ​លើ​ការងារ​សាងសង់​ប្រព័ន្ធ​លូ​បង្ហូរ ដោយ​អនុលោម តាម​ស្តង់​ដា​បច្ចេកទេស​ ដែល​បាន​កំណត់ ធ្វើ​យ៉ាងណា​ធ្វើ​ម្តង​ឱ្យ​ហើយ​កុំ​ធ្វើ​ម្តង​ទៀត​នាំ​ឱ្យ​ខាតបង់​ពេល វេលា និង​ថវិកា ដែល​រាជរដ្ឋាភិបាល​រកបាន​ដោយ​លំបា​ក ​។

ការស្ថាបនា​ផ្លូវ​នេះ ​មានការ​ប្រើប្រាស់​ម៉ាស៊ីន​អ៊ុត​បេ​តុង (Concrete Paving Machine) ទំនើប ដែល​ធ្វើ​ឱ្យ ផ្ទៃ​ផ្លូវ​មាន​ភាព​រាបស្មើ​ល្អ និង​រក្សា​បាន​គុណភាព​បេតុង ដែល​ជួយ​ឱ្យ​ផ្លូវ​រឹងមាំ​ ជាប់​បាន​យូរ និង​ជា​ផ្លូវ​ទី១ នៅ​កម្ពុជា​ដែល​ប្រើ​ម៉ាស៊ីន​ឆូត​កាត់​ធ្វើ​ក្រឡាផ្ទៃ​បេតុង ដើម្បី​កុំឱ្យ​យានយន្ត​រអិល​ក្នុង​ពេល​បើកបរ និង​គ្រប់ គ្រង​ស្នាមប្រេះ​បាន​ល្អ ដែល​កន្លងមក​ការ​ឆូត​កាត់​ផ្លូវ​បេតុង (ទទឹង​ផ្លូវ) ត្រូវ​បាន​ធ្វើឡើង​ដោយដៃ​ប៉ុណ្ណោះ​ ។

កំណាត់ផ្លូវ​នេះ​ សាងសង់​ដោយក្រុម​ហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) ដោយ​ប្រើប្រាស់​ថវិកា​សន្សំ របស់​ជាតិ ក្រោម​ការ​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ នាយកដ្ឋាន​ផ្លូវថ្នល់ នាយកដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ និង​នាយកដ្ឋាន​បច្ចេកទេស​សាធារណការ និង​ដឹកជញ្ជូន នៃ​អគ្គនាយក​ដ្ឋាន​បច្ចេកទេស ក្រសួងសាធារណការ និង​ដឹកជញ្ជូន ដែល​គ្រោង​ចំណាយពេល​សាងសង់​ចំនួន ២៨ខែ​ ។

គម្រោង​នេះ បាន​ចាប់​បើក​ការដ្ឋាន​សាងសង់​ កាលពី​ថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ២០២០ ហើយ​គិត​មក​ត្រឹម​សប្តាហ៍​ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ការងារ​សាងសង់​សម្រេច​បាន​ប្រមា​ណ ៤០,៨៩% ដែល​លឿន​ជាង​ផែនការ​ប្រមា​ណ ១,៥៥% ។

សូមជម្រាប​ជូន​ថា​ ផ្លូវ​ខេត្ត​លេខ១៤៨ ចាប់ពី​រង្វង់​មូល​ស្ទឹងហា​វ ដល់ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ស្ថាបនា​ដោយ​ក្រាល​បេតុង​សរសៃ​ដែក ប្រវែង២២,៣៤៧ គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ កម្រាស់២៦សង់ទីម៉ែត្រ និង​ចិញ្ចើម​ក្រួស​ក្រហម ០,៥០ម៉ែត្រ​សងខាង ចាប់ពីPK២៤+៣៥០ ដល់ PK៤៣ +០២៥ (មាន​ស្រទាប់Sub Base ១៥សង់ទីម៉ែត្រ និង​ស្រទាប់ Base Course កម្រាស់ ៣០ សង់ទីម៉ែត្រ) ។

កំណាត់ផ្លូវ​នេះ​ គឺជា​ផ្លូវវាង​ក្រុង​ដ៏​មាន​សក្ដានុពល​ សម្រាប់​បម្រើ​ឱ្យ​ការ​ដឹកជញ្ជូន ទំនិញ​នាំចេញ-ចូល​តាម នាវា កសិផល និង​ជលផល​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ស្ទឹងហាវ ក៏ដូចជា​បងប្អូន​រស់នៅ​តំបន់ ទំនប់រលក​ចាស់ ​នៃ​ក្រុង​ព្រះសីហនុ​ទៅកាន់​ទី​ផ្សារ កាន់តែ​មាន​លក្ខណៈ ងាយស្រួល ឆាប់រហ័ស និង ចំណាយ តិច និង​ចូលរួម​ចំណែក​ដល់​ការកាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ យានយន្ត​ដឹកជញ្ជូន​ទំនិញ​ធុន ធ្ងន់​តាមផ្លូវ​ជាតិ​លេខ៤ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ