ខេត្តរតនគីរី ៖ គល់ធ្នង់ដ៏ធំមួយត្រូវបានពលរដ្ឋរាយការណ៍ថា មានក្រុមចោរចូលលួចដឹកចេញពីក្នុងដីចំការរបស់ពួកគាត់ ហើយបានដឹកជញ្ជូននៅពេលព្រឹក ដោយស្ងាត់ៗ លុះម្ចាស់ចំការតាមរកគ្រប់ច្រកល្ហកដល់វេលាល្ងាចក៏តាមទាន់ ស្រាប់តែមានលេចមុខប៉ូលិសមួយក្រុមចេញមកថា ដឹកយកទៅដាក់នៅអធិការដ្ឋានស្រុកបរកែវ ។
សកម្មភាពតាមរកនិងចោទប្រកាន់ថា មានចោរលួចដឹកគល់ឈើធ្នង់យក្យនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១១ ឧសភា ស្ថិតនៅភូមិរយ ឃុំកិចុងស្រុកបរកែវ ។
ម្ចាស់ចំការឈ្មោះសេង សុងហាន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុងបានឱ្យដឹងថា ឈើគល់ធ្នង់យក្យមួយដើមនេះ មាននៅក្នុងដីចំការរបស់គាត់ ស្ថិតក្នុងភូមរយ ឃុំកិចុង ស្រុកបរកែវ ហើយត្រូវបានក្រុមចោរចូលលួចគាស់នៅពេលយប់ ក្នុងអំឡុបុណ្យចូលឆ្នាំខ្មែរ ពេលដែលគាត់ជាម្ចាស់ចំការ ជាប់ទៅការកូននៅខេត្តកំពង់ចាម។ គាត់បន្តថា ការជីកយកគល់ធ្នង់់នោះ គេធ្វើឡើងនៅពេលយប់ ប្រើពេលវេលា១៤ថ្ងៃ ។ ក្រោយមកគាត់បានធ្វើរបងព័ទ្ធគល់នោះទុក ហើយធ្វើការស្រាវជ្រាវដោយសំងាត់ តាមរកអ្នកដែលចូលលួចគាស់គល់ធ្នង់នោះ នៅតែរកមិនឃើញដដែល ។
លុះដល់ថ្ងៃ១១ ឧសភា ស្រាប់តែលេចមុខឈ្មោះម៉េត សាវុធ ភេទប្រុស អាយុជាង៣០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ រួមទាំងបក្យពួកយកគោយន្តច្នៃ មកលើកដាក់ដឹកចេញទៅ។ ពេលនោះគាត់ជាម្ចាស់ចំការ បានដេញតាមទាន់ឃាត់ឱ្យឈប់ រួចគេក៏ទម្លាក់គល់នោះនៅក្នុងចំការកៅស៊ូក្បែរនោះ ។
ប្រភពបន្តថា រហូតដល់វេលាម៉ោង៣រសៀលថ្ងៃដដែល ស្រាប់តែគោយន្តច្នៃដដែលនិងក្រុមបក្យពួក មកលើកគល់ធ្នង់នោះដឹកបន្តទៀត ។ ពេលនោះម្ចាស់ចំការបានជិះម៉ូតូដេញតាមរកបន្តទៀត រហូតតាមទាន់នៅលើផ្លូវជាតិលេខ៧៨ ជិតដល់ទីរួមស្រុកបរកែវ ។ មួយសន្ទុះស្រាប់តែឃើញកំលាំងនគបាលមួយក្រុមមកសំឡុតម្ចាស់ចំការ និងក្រុមអ្នកកាសែតដែលបានតាមប្រម៉ាញ់ព័ត៌មាននេះ ។ មួយសន្ទុះក្រោយមក ទើបនគបាលនោះបញ្ជាឱ្យរថយន្តបើកទៅមុខ ហើយប្រាប់ថាយកទៅទុកនៅអធិការដ្ឋានបរកែវ ។
ការទំនាក់ទំនងទៅលោកជួប សុវណ្ណារក្ស័អធិការស្រុកបរកែវ តាមទូសព្ទ័លោកបានប្រាប់ថា គល់ឈើនោះ គឺរូបលោកបញ្ជាឱ្យកូនចៅ ទៅដឹកយកមកដាក់នៅអធិការដ្ឋានមែន ហើយក៏បិទទូរសព្ទ័បាត់ទៅ ដូចជាចង់លាក់បាំង។ លោករចំ ផង់ មេភូមិរយបានឱ្យដឹងថា គល់ឈើធ្នង់់នោះ គាត់បានដឹងដែរ ថាមានក្រុមចោរចូលលួចគាស់យកពីក្នុងចំការនោះមែន ហើយក៏បានទំលាក់ទុកវិញ ក្រោយមកគាត់មិនដឹងទៀតទេ ។ ពលរដ្ឋក្នុងភូមិបានដាក់ការសង្សយ័ថា នេះជាករណីពាលស៊ីពាល ព្រោះពេលដែលចុះទៅដឹកគល់ឈើធ្នង់់នោះ មិនឃើញមានកំលាំងចូលរួមហើយក៏មិនឃើញមានសមត្ថកិច្ចអីដែរ ឃើញតែក្រុមចោរដែលចូលលួចគាស់គល់ និងបក្សពួកព្រមទាំងគោយន្តច្នៃដែលដឹកពីព្រឹក ត្រូវម្ចាស់ចំការឃាត់ ហើយថែមទាំងបើកបរបង្វែងដានតាមព្រៃកៅស៊ូ ព្រោះខ្លាចម្ចាស់តាមទាន់ទំនងបំរុងដឹក យកទៅលក់ឱ្យឈ្មួញនៅទីរួមស្រុកបរកែវ តែត្រូវបែកការណ៍ដល់អ្នកកាសែត ក៏ត្រូវបង្វិលចូលអធិការដ្ឋានវិញ ។
តាមប្រភពខ្លះថា គល់ធ្នង់់នោះ មានតំលៃរាប់ពាន់ដុល្លារ ហើយក្នុងរយះពាលនេះ លោកសេង សុងហាន ម្ចាស់ចំការបានប្រាប់ថា លោកកំពុងធ្វើពាក្យបណ្តឹងទៅសមត្ថកិច្ច ពីឈ្មោះម៉េត សាវុធ ពីបទចូលលួចគាស់គល់ធ្នង់់ពីក្នុងចំការរបស់គាត់ ហើយមជ្ឈដ្ឋាននានា ក៏កំពុងចាំមើលតើសមត្ថកិច្ចមានចំណាត់ការបែបណាដែរ លើករណីនេះ ៕
ចែករំលែកព័តមាននេះ