រាជធានីភ្នំពេញ ៖ ឯកឧត្ដអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអំពាវនាវប្រជាពលរដ្ឋគ្រប់សាសនា នៅក្នុងប្រទេសកម្ពុជា បន្តរួមគ្នាជាធ្លុងមួយគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដែលបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដី ក្រោមបទបញ្ជាដ៏អង់អាចម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមផេកក្រសួងមហាផ្ទៃបានផ្សាយនាថ្ងៃទី២០ ខែសីហានេះ ។

ការអំពាវនាវរបស់ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ២០ សីហា ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្មសាសនានៅកម្ពុជា ជាសក្ដានុពលក្នុងការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា» ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ កែ សួនសុភី ស សុខា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា យុទ្ធជនជួរមុខរបស់ជាតិ បាននឹងកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពោល គឺប្រៀបបានជាខែលដ៏រឹងមាំរបស់ជាតិ រួមទាំងការពារសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការឈានទៅសម្រេចបានវឌ្ឍនភាពកិច្ចការផ្សេងៗទៀតគ្រប់វិស័យ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាននឹងកំពុងរៀបចំពិធីនាឱកាសនេះ ។
បន្ថែមលើការអំពាវនាវជនរួមជាតិបន្តប្រកៀកស្មាគាំទ្រយុទ្ធជនជួរមុខ និងរាជរដ្ឋាភិបាល ប្រមុខក្រសួងមហាផ្ទៃ បានយកឱកាសនោះមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ បាននឹងកំពុងបន្តវេនដឹកនាំប្រទេសជាតិយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នឹងបានបន្តប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងដាច់ខាតនូវអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលជាឧបសគ្គរារាំងដល់ដំណើរការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ ។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ប្រកបដោយមោទនភាពយ៉ាងក្រៃលែងចំពោះភាពសុខដុមរមនា នៃគ្រប់ជំនឿសាសនាទាំងអស់នៅកម្ពុជា ដែលតែងតែរួមរស់ជាមួយគ្នាដោយសុខសាន្ត និងមានសាមគ្គីភាព សហការល្អគាំទ្រគ្នាទៅវិញទៅមកដោយភាពទន់ភ្លន់ ពោលគឺបានរួមគ្នាជាធ្លុងមួយ ក្នុងការរួមចំណែកជួយដល់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែរីកចម្រើន ។
ជាមួយគ្នានោះប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការជួបជុំនារសៀលនេះ គឺជាការបង្ហាញអំពីស្មារតីសាមគ្គីភាព ឯកភាព និងសុខដុមនីយកម្ម នៃគ្រប់ជំនឿសាសនា នៅក្នុងព្រះរាជា ណាចក្រកម្ពុជាដែលជាមូលដ្ឋានគ្រឹះនៃសុខសន្តិភាពរបស់សង្គមជាតិ ធ្វើឱ្យមនុស្សទាំងឡាយទទួលបាននូវសេចក្តីសុខ ផ្លូវកាយ ផ្លូវចិត្ត ចាកទុក្ខភ័យ គ្រោះចង្រៃ និងវិនាសកម្មទាំងឡាយ ដែលបង្កឡើងដោយមនុស្សក្តី ឬដោយធម្មជាតិក្តី ៕
ចែករំលែកព័តមាននេះ