ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់សម្រេចចិត្តចង.កធ្វើអត្តឃាតខ្លួនឯងស្លាប់ចោលកូនៗ និងម្តាយចាស់ ដោយសារតែទាស់ពាក្យសម្តីជាមួយម្តាយបន្តិចបន្តួចប៉ុណ្ណោះ ដែលហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៣ ឧសភា ២០១៦ នេះ ស្ថិតនៅភូមិប្រហ៊ារ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ស្ត្រីដែលស្លាប់ខាងលើឈ្មោះសុខ ហេង អាយុ៥២ឆ្នាំ មានកូន២នាក់ទៅធ្វើការនៅប្រទេសថៃ សព្វថ្ងៃរស់នៅជាមួយម្តាយចាស់ឈ្មោះយាយ ហ៊ី អាយុ៧៨ឆ្នាំ ។
ប្រភពឱ្យដឹងថា ស្ត្រីរងគ្រោះយកខ្សែនីឡុងពណ៌ខ្មៅប៉ុនចង្កឹះចង.កទាក់ទៅនឹងរនងផ្ទះ ដោយប្រហែលស្លាប់តាំងពីពាក់កណ្តាលយប់មកម្ល៉េះ ប៉ុន្តែគ្មានអ្នកណាដឹងទេ រហូតទាល់តែព្រឹកឡើង ទើបម្តាយភ្ញាក់ពីដំណេកឃើញក៏ផ្អើលឆោឡោប្រាប់ដល់សមត្ថកិច្ចឱ្យចុះទៅពិនិត្យ ។
ចំពោះមូលហេតុដែលធ្វើឱ្យស្ត្រីរូបនេះដាច់ចិត្តធ្វើអត្តឃាតខ្លួននេះ ត្រូវលោកយាយជាម្តាយអះអាងថា ដោយសារតែទាស់ពាក្យសម្តីបន្តិចបន្តួចជាមួយគាត់ គឺនៅល្ងាចមុនពេលស្លាប់ នៅសុខៗកូនស្រីគាត់ មកទាមទារឱ្យគាត់ជាម្តាយចែកកេរមរតកឱ្យខ្លួន តែគាត់មិនព្រមចែកឱ្យដោយនិយាយថា អញមានកូនតែមួយចាំបាច់ចែកកេរធ្វើអី ចាំដល់ពេលអញស្លាប់ ឯងយកទៅ គ្មានអ្នកណាមកដណ្តើមទេ ។
លោកបន្តថា ក្រោយពីទាស់សំដីគ្នាជាមួយគាត់ហើយ ស្ត្រីរងគ្រោះក៏ពុំមានអាការៈអ្វីខុសប្លែកទេ គឺនៅធម្មតាទាំងអស់ ស្រាប់តែព្រឹកឡើងឃើញចង.កស្លាប់បាត់ទៅហើយ ។
ចែករំលែកព័តមាននេះ