ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានអ្នក​ទេសចរ​បរទេស​ពី​ ៤០០ ​ទៅ ​៦០០ ​នាក់​បាន​ចូល​មក​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​ ៣០ ​ខែ​វិ​ចិ្ឆ​កា​ មក កម្ពុជា​បាន​បើក​ទទួល​អ្នកទេសចរ​បរទេស​វ៉ាក់សាំង​ឱ្យទៅ​សម្រាក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកោះកុង ដោយ​មិន​តម្រូវ​ឱ្យធ្វើ​ច​ក្តា​ឡី​ស័ក​អ្វី​ទាំងអស់ ឱ្យតែ​លទ្ធផល​តេស្ត​ចូល​មក​អវិជ្ជា​មាន…

រាជធានីភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​ ៣០ ​ខែ​វិ​ចិ្ឆ​កា​ មក កម្ពុជា​បាន​បើក​ទទួល​អ្នកទេសចរ​បរទេស​វ៉ាក់សាំង​ឱ្យទៅ​សម្រាក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកោះកុង ដោយ​មិន​តម្រូវ​ឱ្យធ្វើ​ច​ក្តា​ឡី​ស័ក​អ្វី​ទាំងអស់ ឱ្យតែ​លទ្ធផល​តេស្ត​ចូល​មក​អវិជ្ជា​មាន ​។ បើ​តាម​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា​ បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​ ៣០ ​វិច្ឆិកា​មាន​អ្នក​ទេចរ​ប្រមាណ​ ៤០០ ​នាក់​បាន​ចូល​មក​កម្ពុជា ហើយ​នៅ​ថ្ងៃ​ទី ​១​ ធ្នូ​ ចំនួន​បាន​កើន​ដល់ ​៦០០​ នាក់​ ។

តាម​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល សម្រាប់​ការ​ហោះហើរ​តាម​កម្មវិធី (Scheduled Flights) ចាប់ពី​ខែធ្នូ ឆ្នាំ​ ២០២១ ទៅ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ​៦ បាន​ដាក់​ពាក្យ​ស្នើ​សុំ​បន្ត​ការ​ហោះហើរ​ឡើង​វិញ ក្នុង​នោះ​មាន ក្រុមហ៊ុន Thai Smile Airways មក​ពី​បាងកក (៤​ ជើង​/​ស​ប្តា​ហ៍​), Bangkok Airways មក​ពី​បាងកក (៧ ​ជើង​/​ស​ប្តា​ហ៍​), Thai Air Asia មក​ពី​បាងកក (៣​ ជើង​/​ស​ប្តា​ហ៍​), Philippines Airlines មក​ពី​ម៉ា​នី​ឡា (១​ ជើង​/​ស​ប្តា​ហ៍​), Cathay Pacific Airways មក​ពី​ហុងកុង (១ ​ជើង​/​ស​ប្តា​ហ៍​)​ ។ ដោយឡែក សម្រាប់​ខែធ្នូ ឆ្នាំ​ ២០២១​ នេះ ក្រុមហ៊ុន Singapore Airlines ក៏​បាន​ស្នើ​សុំ​បន្ថែម​ជើងហោះហើរ ឡើង​ដល់​ ១៤ ​ជើង​ក្នុងមួយ​ស​ប្តា​ហ៍ លើ​ដំណាក់​ផ្លូវ សិង្ហ​បុរី​-​ភ្នំពេញ​-​សិង្ហ​បុរី ព្រមទាំង​បាន​ស្នើ​សុំ​ហោះហើរ​ឡើង​វិញ​លើ​ដំណាក់​ផ្លូវ សិង្ហ​បុរី​-​សៀមរាប​-​សិង្ហ​បុរី ចំនួន​ ៧​ ជើង​ក្នុងមួយ​ស​ប្តា​ហ៍ ក្នុង​នោះ​ក៏​មាន​ក្រុ​ហ៊ុន​អាកាសចរណ៍​ក្នុងស្រុក (Lanmei Airlines) នឹង​ធ្វើការ​ហោះហើរ លើ​ដំណាក់​ផ្លូវ ភ្នំពេញ​-​សៀមរាប​-​បាងកក ចំនួន​ ២​ ជើង​ក្នុងមួយ​ស​ប្តា​ហ៍​ ។

លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​បញ្ជាក់​ឱ្យ​ដឹង​ថា «​ចាប់ពី​ខែធ្នូ ឆ្នាំ​ ២០២១ ​ទៅ ចំនួន​ជើងហោះហើរ​សរុប​នឹង​មានការ​កើនឡើង​ក្នុង​ ១ ​ស​ប្តា​ហ៍រ​ហូត​ដល់ ​៤៣​ ជើង​ ធៀប​ទៅ​នឹង​ខែ​មុន​ (​ខែតុលា ឆ្នាំ ​២០២១) គឺ​មានការ​កើនឡើង​ ១៦% (​កើនឡើង​ពី ​៣៧ ​ជើង ទៅ ​៤៣ ​ជើង​ក្នុងមួយស​ប្តា​ហ៍​) គិត​ត្រឹម​ថ្ងៃ​ទី ២៧ ខែ​វិ​ច្ឆ​កា ឆ្នាំ ​២០២១ ។ ចំនួន​ជើងហោះហើរ​នេះ​អាច​នឹង​មានការ​ប្រែប្រួល ទៅ​តា​មកា​រវិ​វត្ត​នៃ​ស្ថានភាព​ជាក់ស្តែង នៃ​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ ជំងឺ​កូ​វី​ដ​-១៩»​ ។

រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​កំណត់​អាទិភាព​នៃ​ការ​ចាប់ផ្តើម​បើក​ជើង​ហោះ​ដឹក​អ្នកដំណើរ​តាម​ផ្លូវអាកាស ជាមួយ​បណ្តា​ប្រទេស​អាស៊ាន ជា​អាទិភាព​ទី ​១ (​ចម្បង​) ស្រប​តាម​គោលការណ៍​បន្ធូរបន្ថយ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ​។ អាកាស​ចរ​ស៉ី​វិល នឹង​ជំរុញ​និង​ពិភាក្សា​ជា​បន្តបន្ទាប់​ជាមួយ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍ មក​ពី​ម​ជ្ឈឹ​ម​បូព៌ា​ប្រទេស ដូច Emirates, Qatar Airways និង Etihad Airways ក្នុង​ការ​ពិចារណា​រៀបចំ​ជើងហោះហើរ​ឡើង​វិញ រួម​ទាំង​ក្រុមហ៊ុន​អាកាសចរណ៍ All Nippon Airways មក​ពី​ទីក្រុង​តូ​ក្យូ​នៃ​ប្រទេស​ជប៉ុន​ផង​ដែរ​ ។

លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃ​ទី​ ១ ខែធ្នូ ឆ្នាំ​ ២០២១​នេះ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង និង​មន្ត្រី​ជំនាញ ចុះ​ទៅ​ពិនិត្យ​មើល​ការ​រៀបចំ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ការ​ត្រៀមលក្ខណៈ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ពេញលេញ ចូល​មក​ទស្សនា​ខេត្ត​ព្រះ​សីហ​នុ ។

រដ្ឋមន្ត្រី​ទាំង​ពីរ ក៏​បាន​ផ្តល់​នូវ​អនុសាសន៍​ណែនាំ​ដល់​អ្នកគ្រប់គ្រង​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​ជំរុញ​ការ​អនុវត្ត​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ SOP របស់​ក្រសួងសុខាភិបាល ស្រប​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី សម្រាប់​ច្រក​ទ្វារ​ចេញ​-​ចូល​អន្តរ ជាតិ ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ហើយ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ ត្រូវ​ជំរុញ​ការ​ហោះហើរ​ក្នុងស្រុក និង​កា​រត​ភ្ជាប់​ផ្លូវអាកាស​ពី​ប្រទេស​ដែល​ជា​ប្រភព​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ​របស់​កម្ពុជា បម្រើ​ដល់​ការ​ទទួល​ទេសចរ​អន្តរជាតិ និង​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ពេញលេញ ប្រកបដោយ​តម្លៃ​សមរម្យ គុណភាព និង​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ