រាជធានីភ្នំពេញ ៖ អ្នកធ្វើការខាងវិស័យអចលនទ្រព្យបានមើលឃើញថា សកម្មភាពវិនិយោគ ពិសេសការវិនិយោគរបស់អ្នករកស៊ីជនជាតិចិន បានកម្រើកឡើងវិញបន្ទាប់ពីកម្ពុជាបើកប្រទេស ។ ការវិនិយោគគេសង្កេតឃើញនៅលើបណ្តោយផ្លូវជាតិ ពិសេសផ្លូវជាតិលេខ ៤ ដែលមានកំពង់ផែសមុទ្រ ។
លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល ឱ្យដឹងថា វិនិយោគិនជាច្រើនចាប់ផ្ដើមធ្វើសកម្មភាពវិនិយោគរបស់ខ្លួនឡើងវិញជាបន្តបន្ទាប់ នៅពេលនេះ ។ ក្នុងនោះដែរផ្លូវជាតិលេខ ៤ គេឃើញថា មានវិនិយោគិនជាច្រើនចាប់អារម្មណ៍ដាក់ទុនវិនិយោគ ជាពិសេសវិនិយោគិនមកពីប្រទេសចិន ។
បើតាមលោកឧកញ៉ា សុខនឿន ពេលនេះ វិនិយោគិនបរទេសជាពិសេសចិន បាននិងកំពុងចាប់យកឱកាសរបស់ខ្លួនក្នុងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស ហើយផ្លូវជាតិលេខ ៤ គឺជាតំបន់មួយដែលមានសក្ដានុពលខ្លាំងក្នុងការបណ្ដាក់ទុនវិនិយោគលើវិស័យមួយនេះ ។ «ផ្លូវជាតិមួយនេះ គឺជាផ្លូវដែលមានសក្ដានុពលស្រាប់ហើយតាំងពីដើម ដោយសារតែវាជាផ្លូវដែលតភ្ជាប់ទៅកាន់កំពង់ផែទឹកជ្រៅ ក្រុងព្រះសីហនុ និងទៅកាន់ច្រកព្រំដែនកម្ពុជាថៃ ជាដើម ងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញពីកន្លែងផលិតទៅកាន់កំពង់ផែទឹកជ្រៅ ហើយបន្តទៅកាន់ប្រទេសនានាលើពិភលោក និងដឹកទំនិញពីកំពង់ផែមកកាន់ទីតាំងផលិតវិញផងដែរ» ។
ប្រធានសមាគមអចលនទ្រព្យសកល ខាងលើមើលឃើញថា ដោយសារតែផ្លូវនេះមានសក្ដានុពលបែបនេះ បានធ្វើឱ្យតម្លៃដីនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ពីចោមចៅទៅដល់ទីរួមខេត្តកំពង់ស្ពឺ នៅតែមានហាងឆេងខ្ពស់ ទោះស្ថិតនៅក្នុងវិបត្តិកូវីដ ១៩ ក្ដី ជាក់ស្ដែងបច្ចុប្បន្ននេះ តម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវលេខ ៤ ពីចោមចៅទៅដល់ទីរួមខេត្តកំពង់ស្ពឺ មានតម្លៃចន្លោះពី ៨០ ដុល្លារអាមេរិកទៅដល់ ៥០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។ ដីដែលកាន់តែជិតភ្នំពេញតម្លៃក៏កាន់តែខ្ពស់ ហើយដីនៅឆ្ងាយតម្លៃរបស់វាក៏ទាបទៅតាមហ្នឹងដែរ ។
ចំណែកលោក ប៉ូ អ៊ាវ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអែដវ៉ាន់ស៍ (Advance) បានឱ្យដឹងថា ផ្លូវជាតិសំខាន់ៗចេញពីរាជធានីភ្នំពេញ មានសក្ដានុពលផ្សេងៗគ្នា ក្នុងនោះ ឃើញថា ផ្លូវជាតិលេខ ១ និងលេខ ៦ អា ជាតំបន់ដែលមានសក្ដានុពលទៅការអភិវឌ្ឍលំនៅឋាន ហើយផ្លូវជាតិ ២ លេខ ៣ និងលេខ ៤ ជាតំបន់ទាក់ទាញទៅលើការអភិវឌ្ឍឧស្សាហកម្ម ដោយសារតែវាជាតំបន់ដែលអំណោយផលលើការដឹកជញ្ជូនទំនិញដែលផលិតរួចទៅកាន់កំពង់ផែទឹកជ្រៅ ហើយនៅពេលខាងខេត្តកំពត ក៏មានកំពង់ផែទឹកជ្រៅមួយទៀត ដូច្នេះការដឹកជញ្ជូនទៅកាន់កំពង់ផែកំពតកាន់តែមានភាពងាយស្រួល និងជំរុញឱ្យផ្លូវជាតិលេខ ៣ មានសក្ដានុពលមួយកម្រិតទៀត ។
លោកបន្តថា សម្រាប់ផ្លូវជាតិលេខ ៤ ពេលនេះត្រូវបានមើលឃើញថា បន្តទាក់ទាញបាននូវការវិនិយោគឧស្សាហកម្មពីក្នុង និងក្រៅប្រទេសជាបន្តបន្ទាប់ ទោះបីជារាជរដ្ឋាភិបាលបានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុបន្ថែមក្ដី ៕
ចែករំលែកព័តមាននេះ