សហរដ្ឋអាមេរិក ៖ ប្រធានអគ្គនាយកសហគ្រាសឱសថអាមេរិក MODERNA លោកSTEPHANE BANCEL ក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងកាសែត FINANCIAL TIMES បានថ្លែងថា បណ្ដាវ៉ាក់សាំងប្រឆាំងកូវីដ-១៩ដែលមាន ហាក់មានប្រសិទ្ធភាពតិចប្រឆាំងវីរុសបំប្លែងខ្លួន «អូមីក្រុង» ហើយគេត្រូវការពេលវេលាច្រើនខែទៀត ដើម្បីអាចផលិតវ៉ាក់សាំងថ្មី។
ប្រធានអគ្គនាយករូបនោះ បានវាយតម្លៃថា មានការចុះថយខ្លាំងនៃប្រសិទ្ធភាព របស់បណ្ដាវ៉ាក់សាំងដែលមាន។ បណ្ដាអ្នកវិទ្យាសាស្ត្រនិយាយបែបនេះប្រាប់ខ្ញុំ។ លោកគូសបញ្ជាក់ទៅកាន់កាសែតនោះថា បណ្ដាទិន្នន័យស្ដីពីប្រសិទ្ធភាព របស់បណ្ដាវ៉ាក់សាំងបច្ចុប្បន្ន នឹងដឹងក្នុងពេល២សប្ដាហ៍ទៀត។
ការព្រមាននោះរបស់លោក STEPHANE BANCEL កើតមាន ខណៈពេលដែលរដ្ឋមន្ត្រីសុខាភិបាល របស់ក្រុមប្រទេស G7 រួមប្រជុំគ្នាបន្ទាន់ ដើម្បីលើកពីវីរុសអូមីក្រុងនោះ ដែលកំពុងឆ្លងរាលដាលលើពិភពលោក នឹងថាប្រទេសកាន់តែច្រើនសម្រេចបិទព្រំដែនពួកគេជាថ្មី។ លោកពន្យល់ថា បណ្ដាអ្នកស្រាវជ្រាវកំពុងមានការបារម្ភ ព្រោះការបំប្លែង៣២ក្នុងចំណោមការបំប្លែង៥០ រកឃើញក្នុងវីរុសអូមីក្រុង ស្ថិតក្នុងប្រូតេអ៊ីន SPIKE ដែលជាកូនសោសម្រាប់វីរុស ចូលក្នុងសរីរាង្គមនុស្ស។
ប្រមុខក្រុមហ៊ុន MODERNA យល់ថា វ៉ាក់សាំងបច្ចុប្បន្ននឹងមិនមានកម្រិតប្រសិទ្ធភាព ដូចប្រសិទ្ធភាពដែលយើងកំពុងមានប្រឆាំងវីរុសដែលតាឡើយ។ MODERNA ប្រកាសរួចហើយពីចេតនារបស់ខ្លួន ផលិតដូសរំឭកពិសេស សម្រាប់វីរុសប្រភេទថ្មីនោះ ក៏ដូចគ្នានឹងក្រុមហ៊ុនអាមេរិក PFIZER។
ប្រមុខក្រុមហ៊ុន MODERNA វាយតម្លៃទៀតថា សហគ្រាសរបស់លោក អាចផ្ដល់វ៉ាក់សាំងរវាងពី២ទៅ៣ពាន់លានដូស ក្នុងឆ្នាំ២០២២ តែវានឹងមានគ្រោះថ្នាក់បើផ្ដោតតែលើការផលិតវ៉ាក់ពិសេសមួយប្រឆាំង «អូមីក្រុង» ខណៈវីរុសប្រភេទដទៃៗទៀតនៅកំពុងរាតត្បាតបន្តនៅឡើយ៕ ដកស្រង់ចេញពីវេបសាយ ៖ lapresse
ចែករំលែកព័តមាននេះ