ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ខ្លាញ់​ក្នុង​វ័យ​កណ្តាល​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង

7 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា ការ​លើសខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល ទោះ​ក្នុង​កម្រិត​តិចតួច​ក្តី ពិតជា​អាច​បង្កើន​នូវ​ហានិភ័យ​កើត​ជំងឺ​បេះដូង​ពេល​ក្រោយ​ក្នុង​ឆាកជីវិត ។ ការ​បំផ្លាញ​រយៈពេល​វែង​របស់​កូ​ឡេ​ស្តេ​រ៉ូ​ល​ទៅ​លើ

អ្នក​វិទ្យាសាស្ត្រ​បាន​ព្រមាន​ថា ការ​លើសខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល ទោះ​ក្នុង​កម្រិត​តិចតួច​ក្តី ពិតជា​អាច​បង្កើន​នូវ​ហានិភ័យ​កើត​ជំងឺ​បេះដូង​ពេល​ក្រោយ​ក្នុង​ឆាកជីវិត ។ ការ​បំផ្លាញ​រយៈពេល​វែង​របស់​កូ​ឡេ​ស្តេ​រ៉ូ​ល​ទៅ​លើ​បណ្តា​សរសៃឈាម​អាក់ទែរ ចាប់ផ្តើម​នៅ​ពេល​បុគ្គល​ស្ថិត​ក្នុង​វ័យ​ពី​៣០​ឆ្នាំ​និង​៤០​ឆ្នាំ​ឡើង​ទៅ ។

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​អា​មេ​រិ​ក​គឺថា កំណើន​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​រៀង​រាល់​១០​ឆ្នាំ​ម្តង​លើ​បុគ្គល​មាន​វ័យ​ចន្លោះ​ពី​៣៥​ឆ្នាំទៅ​៥៥​ឆ្នាំ អាច​ជំរុញ​ហានិភ័យ​កើត​ជំងឺ​បេះដូង​ដល់​៤០​ភាគរយ ។

ការ​ពិសោធ​លើ​បុគ្គល​សុខភាព​ល្អ​វ័យ​៥៥​ឆ្នាំ​១៤៧៨​នាក់​ដោយ​ប្រើ​រយៈពេល​២០​ឆ្នាំ​បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ក្នុងអំឡុងពេល​ពី​១១​ទៅ​២០​ឆ្នាំ ១៦,៥​ភាគរយ​ប្រឈម​នឹង​ហានិភ័យ​ពី​ជំងឺ​បេះដូង ខណៈ​ពី​១​ឆ្នាំទៅ​១០​ឆ្នាំ អត្រា​ប្រឈម​មាន​៨,១​ភាគរយ ។ ចំណែក អ្នក​ដែល​មាន​កម្រិត​ខ្លាញ់​នេះ​ធម្មតា​ប្រឈម​ហានិភ័យ​ជំងឺ​បេះដូង ៤,៤​ភាគរយ ។

លទ្ធផល​នេះ​មាន​ន័យ​ថា វត្តមាន​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​កម្រិត​ខ្ពស់​ក្នុង​អំឡុង​មួយ​ទស​វត្ស អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​បេះដូង​ដល់​៣៩​ភាគរយ ។

លោកស្រី​វេជ្ជបណ្ឌិត Ann Marie Navar-Boggan សមាជិក​ក្រុម​ស្រាវជ្រាវ​មក​ពី​វិទ្យាស្ថាន Duke Clinical Research ថ្លែង​ថា​៖ «​ការ​រក​ឃើញ​របស់​យើង​បាន​បង្ហាញ​ថា មនុស្ស​ធំ​ដែល​លើស​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​រយៈពេល​យូរ ហើយ​សូ​ម្បី​តែ​ការ​លើស​នោះ​ក្នុង​កម្រិត​តិចតួច​ក្តី គឺ​នៅ​តែ​ជួប​ហានិភ័យ​ពី​ជំងឺ​បេះដូង​ទៅ​ថ្ងៃ​ខាង​មុខ ។ អ្វី​ដែល​កំពុង​កើត​មាន​ក្នុង​សរសៃឈាម (​ជា​ពិសេស​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​)​អំឡុង​លោក​អ្នក​ស្ថិត​ក្នុង​វ័យ​ខ្ទង់​៣០​ឆ្នាំ​និង​៤០​ឆ្នាំ គឺ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​បេះដូង​នៅ​ពេល​លោក​អ្នក​ឈាន​ដល់​វ័យ​ខ្ទង់​៥០, ៦០ និង​៧០​ឆ្នាំ​» ។

អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​ស្រាវជ្រាវ​ភ្ញាក់ផ្អើលខ្លាំង​គឺថា ផល​ប៉ះពាល់​ត្រូវ​គេ​មើលឃើញ​ក្នុង​ចំណោម​មនុស្ស​ធំ​ដែល​មាន​សុខភាព​ល្អ ។

លោកស្រី Navar-Boggan បាន​បន្ថែម​ថា​៖ «​ការ​លើស​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​យូរ​ឆ្នាំ​គឺ​នៅ​តែ​អាច​បង្ក​បញ្ហា​ដល់​សុខភាព​រយៈពេល​វែង បើ​ទោះ​ណា លោក​អ្នក​មិន​ជក់បារី មិន​លើសឈាម មិន​ធាត់ និង​គ្មាន​ជំងឺ​ទឹកនោមផ្អែម​»៕