ខេត្តព្រះសីហនុ ៖ «សិលាបដ្តបណ្តាសា, សាបសិលា និងសិលាចាំស្នេហ៍» ដែលស្ថិតនៅតាមបណ្តោយឆ្នេរអូរឈើទាល និងឆ្នេរពយជំទាវម៉ៅ ខេត្តព្រះសីហនុ នឹងក្លាយទៅជាសម្បត្តិសាធារណៈ ហើយក៏ជាកន្លែងដ៏ស័ក្តិសិទ្ធិបំផុត ក្នុងការដាក់បណ្តាសាសម្រាប់ជនទាំងឡាយណា ដែលមានចេតនាប៉ុនប៉ងបំផ្លិចបំផ្លាញធ្វើឱ្យខូចខាតបាត់បង់ទ្រព្យសម្បត្តិសាធារណៈរបស់យើងទាំងអស់នេះ ។

ថ្លែងក្នុងពិធីប្រតិស្ឋអធិដ្ឋានសិលាបដ្តបណ្តាសា សាបសិលា និងសិលាចាំស្នេហ៍ កាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា ការតម្កល់សិលាចារឹកបណ្តាសានៅតាមឆ្នេរខេត្តព្រះសីហនុ ជាប្រការមួយដែលបង្ហាញពីភាពម៉ឺងម៉ាត់របស់រដ្ឋ ប្រកាសប្រាប់ដល់សាធារណជន បានជ្រាបអំពីការគិតគូរដល់ប្រយោជន៍សាធារណៈដែលកន្លងមក តែងមានការកេងប្រវ័ញ្ច រំលោភបំពាន ធ្វើឱ្យបាត់ទំនុកចិត្តពីប្រជាពលរដ្ឋ។

ម្យ៉ាងវិញទៀត ដីឆ្នេរមួយភាគ ត្រូវបានទទួលមកវិញដោយការបរិច្ចាគពីម្ចាស់ទ្រព្យ ដែលបានបង្ហាញពីការចូលរួមដោយពេញលេញ ជាមួយនឹងការអភិវឌ្ឍន៍សង្គម ហើយអ្នកទាំងនោះក៏តែងមានការព្រួយបារម្ភផងដែរ ដោយខ្លាចក្រែង ទ្រព្យទាំងនោះក្លាយជាកម្មសិទ្ធិរបស់អ្នកដទៃវិញ ទើបការសាងសិលាចារឹកបណ្តាសានេះ ធ្វើឡើងដើម្បីបង្ហាញពីការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់របស់រដ្ឋ ដើម្បីបម្រើដល់ប្រយោជន៍មហាជន ។

ឯកឧត្តម អភិបាលខេត្តបន្តថា សមិទ្ធផលទាំងនេះផ្ដើមចេញពីការដឹកនាំដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទុកឱ្យកូនខ្មែរគ្រប់រូបចូលរួមថែរក្សា ការពារនូវសមិទ្ធផលទាំងអស់នេះឱ្យបានស្ថិតស្ថេរចិរកាលតរៀងទៅ ។

គួរបញ្ជាក់ផងដែរ យោងតាមវចនានុក្រមខ្មែរ ពាក្យបណ្តាសាបានពន្យល់ថា ជាពាក្យផ្តន្ទាពាក្យជេរប្រទេច ពាក្យឱ្យគេវិនាសហិនហោច។ ពាក្យបណ្តាសានេះ ត្រូវនឹងពាក្យប្រើក្នុងសិលាចារឹក បុរាណថា គាប, សាប ឬ សាបថ ពាក្យនេះត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងសង្គមខ្មែរបុរាណ។ គេឃើញវត្តមានពាក្យបណ្តាសា មាននៅក្នុងសិលាចារឹកបុរាណតាំងពីស.វ.ទី៧មក ហើយពាក្យ បណ្តាសានេះ ត្រូវបានប្រើយ៉ាងទូលំទូលាយបំផុត និងមានសិលាចារឹកជាច្រើនត្រូវបានបញ្ចប់ ដោយពាក្យបណ្តាសា ដើម្បីថែរក្សារបស់ទ្រព្យសាធារណៈឱ្យគង់វង្ស និងគោរពដល់អ្នកដែលបាន បរិច្ចាគធនធាន និងកម្លាំងដើម្បីសាងរបស់នោះជាប្រយោជន៍ ទើបគេដាក់បណ្ដាសាដល់បុគ្គល ឬក្រុមណាដែលបំពានធ្វើឱ្យខូចប្រយោជន៍សាធារណៈ។

ប៉ុន្តែនៅសម័យបុរាណពាក្យថា គាប ឬ សាប ឬ សាបថ ដែលប្រែថាបណ្តាសា មិនមានតម្លៃស្មើនឹងពាក្យជេរប្រទិចផ្តាសានោះទេ តែមានតម្លៃជាក្រមសីលធម៌សង្គមនាសម័យកាលនោះតែប៉ុណ្ណោះ ហើយពាក្យបណ្តាសាត្រូវបានគេចារឹកឡើង ដើម្បីធ្វើជាសេចក្តីប្រកាសប្រាប់ដល់ជនានុជននានា កុំឱ្យប្រព្រឹត្តបំពានលើទ្រព្យសម្បត្តិសាធារណៈ ឬរបស់ប្រាសាទជាដើម ជាការប្រកាសដោយម៉ឺងម៉ាត់ ដាច់ខាត ប្ដឹងប្រាប់ដល់ធម្មជាតិ មនុស្ស ទេវតា បារមី និងវត្ថុស័ក្តិសិទ្ធទាំងឡាយ ឱ្យបានដឹង និងជាការដាក់ទោសទណ្ឌតាមបែបធម្មជាតិបើសិនបុគ្គលណាដែលបំពាន ផ្ទុយទៅវិញ ក៏ឱ្យពរជ័យចំពោះនរជនណាដែលចូលរួមថែរក្សា អភិវឌ្ឍទ្រព្យសម្បត្តិសាធារណៈទាំងនោះ ឱ្យបានចម្រើនរុងរឿងគង់វង្សឡើងជាដរាបដែរ។

ពាក្យបណ្តាសាសម័យបុរាណ ត្រូវបានគេសសេរឡើង ដើម្បីប្រកាសប្រាប់ឱ្យដឹងអំពីអំពើបាប ត្រូវលះបង់សូម្បីតែព្រះរាជាក៏ត្រូវអនុវត្តដូចជាប្រជាជនទូទៅដែរ។ ចំពោះអំពើបាបវិញ មិនមែនបាបតែអ្នកប្រព្រឹត្តនោះទេ អ្នករួមគំនិត ក៏ត្រូវទទួលបាបកម្មដែរ ក្នុងសិលាចារឹកមានបញ្ជាក់ដល់ម្តាយឪពុកក៏មានបាប ដោយមិនបានប្រៀនប្រដៅកូនឱ្យបានល្អ។

ចំពោះអ្នកដែលបំពាន នឹងត្រូវទទួលទោសទណ្ឌ គឺជាច្បាប់របស់ប្រទេសតាមផ្លូវលោក ហើយនឹងទទួលនូវអំពើបាបផ្សេងៗ ជាច្បាប់នៃសាសនាតាមផ្លូវព្រះធម៌ផងដែរ។ពិធីប្រតិស្ឋអធិដ្ឋាន សិលាបណ្តាសានៅពេលនេះ ជាការតាំង ឬតម្កល់ផ្ទាំងសិលាចារឹកដែលមានពាក្យផ្តន្ទា ចារឹកលើផ្ទៃផ្ទាំងសិលា ឱ្យស្ថិតនៅ ឱ្យតាំងនៅយូរអង្វែង កុំឱ្យសេចក្តីវិនាសទាំងឡាយ មានវិនាសដោយសារគេបំផ្លាញជាដើម និងតាំងជាវត្ថុស័ក្តិសិទ្ធិ យូរអង្វែងក្នុងទីឋាននេះ មិនឱ្យមានអ្នកលួច ឬអ្នកបន្លំ។








ចែករំលែកព័តមាននេះ