រាជធានីភ្នំពេញ ៖ ការអនុញ្ញាតឱ្យមានការរៀបចំពិធីមង្គលការ និងបុណ្យទានឡើងវិញមាន រយៈពេលជិតមួយខែមកនេះបានផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មទាំងតូច និងធំអាចចាប់ផ្តើមរកប្រាក់ដើម្បីសងត្រឡប់ទៅម្ចាស់បំណុលរបស់ខ្លួនបានវិញ ក្រោយសកម្មភាពមុខរបរស្ងប់ស្ងាត់មួយរយៈវែងដោយសារកូវីដ ១៩ ។ អ្នករកស៊ីធ្វើម្ហូបតាមកម្មវិធីមង្គលការ មានយីហោ «ហៃស្រីនឿន»មានទីតាំងនៅតំបន់ព្រែកព្នៅ បានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលបើកដំណើរការប្រទេសឡើងវិញ ប្រជាពលរដ្ឋអាចរៀបចំពិធីមង្គលការ និងបុណ្យទាន និងការជួបជុំនានា ធ្វើឲ្យលោក មានឱកាសចេញធ្វើម្ហូប ផ្តល់ជូនម្ចាស់កម្មវិធីទាំងនោះ ។

លោកថា ការបើកប្រទេសបានតែរយៈពេលប្រមាណជិត ១ ខែមកនេះ លោកបានចេញរកប្រាក់ បាន ៥ ទៅ ៦ កម្មវិធីហើយ ។ ការរៀបចំពិធីមង្គលការដែលខ្ញុំទទួលធ្វើម្ហូបនាពេលកន្លងមក ម្ចាស់កម្មវិធីរៀបចំតុទទូលភ្ញៀវ ពីជាង ១០ តុ ទៅជាង ២០ តុ ។ បើគិតជាសាច់ប្រាក់ក្នុងមួយរោងរៀបចំអាហារជាង ២០ តុ ឡើងទៅនោះ ម្ចាស់ពិធីមង្គលការត្រូវការចំណាយប្រាក់ប្រមាណ ៣០០០ដុល្លារអាមេរិក ។
ចុងភៅការយីហោ «ហៃស្រីនឿន» ឲ្យដឹងបន្ថែមថា កាលមិនទាន់មានផ្ទុះនៅជំងឺកូវីដ ១៩ ក្នុងពិធីមង្គលការមួយម្ចាស់កម្មវិធីចំណាយប្រាក់លើមុខម្ហូបអស់ពី ៥០០០ ទៅ ៦០០០ដុល្លារអាមេរិក ឬអាចដល់ ១ ម៉ឺនដុល្លារអាមេរិក ។ ទោះយ៉ាងណាការប្រទេសឡើងវិញធ្វើឲ្យកម្មវិធីជួបជុំមានមិនដាច់ឡើយនៅពេលនេះ ។

ចុងភៅដដែលឲ្យដឹងទៀតថា ក្រៅពីបានទទួលធ្វើម្ហូបការបាន ៥ ទៅ ៦ រោងរួចមកហើយនោះ ពួកគាត់នៅទទួលការកក់ពីម្ចាស់កម្មវិធីមង្គលការ ៤ ទៅ ៥ រោងផ្សេងទៀត ដែលពិធីមង្គលការខ្លះត្រូវការរៀបចំតុពី ៥០ ទៅ ៧០ តុ ឯណោះ ។ បើគិតជាចំនួនសាច់ប្រាក់ដែលម្ចាស់រៀបចំកម្មវិធីមង្គលការត្រូវការចំណាយលើម្ហូបមានជាង ៨០០០ ដុល្លារអាមេរិកក្នុងមួយកម្មវិធីមង្គលការ ។
ខ្ញុំក៏ដូជាចុងភៅធ្វើម្ហូបការផ្សេងទៀតមានការសប្បាយចិត្ត ទោះបីក្នុងពិធីមង្គលការមួយមានការរៀបចំមុខម្ហូប ១០ តុ ទៅ ២០ តុ ក៏ដោយ ។ ពួកខ្ញុំសុទ្ធតែបានខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុមករកស៊ី ។ ការខកខាតចេញធ្វើម្ហូបជិត២ឆ្នាំមកនេះ ធ្វើឲ្យពួកយើងលុំបាកណាស់ និងបើគិតជាទំហំប្រាក់ដែលខាតបង់វិញមិនតិចជាង ៥ ម៉ឺនដុល្លារឡើយ ។ អ្នករកស៊ីធ្វើម្ហូបតាមរោងការខាងលើត្អូញត្អែរ ។

ជាមួយក្តីរីករាយថានឹងមានឱកាសចេញរកស៊ីបានវិញនោះ ចុងភៅការមួយចំនួននៅតែបារម្ភពីការរាតត្បាតជំងឺកូវីដ ១៩ ដែលអាចឈានដល់ការបិទប្រទេសឬរបិទខ្ទប់តាមតំបន់ជាថ្មី ត្បិតអីថ្មីនេះមានករណីផ្ទុះវីរុសបំប្លែងថ្មី កាន់តែសាហាវ ជាក្តីបារម្ភមួយថ្មីទៀត ។ សព្វថ្ងៃនេះយើងខ្ញុំនៅមានការព្រួយបារម្ភនៅឡើយ ខ្លាចការរីករាលឆ្លងនៅជំងឺកូវីដ ១៩ នេះកើតឡើងជាថ្មី នោះវានឹងធ្វើឱ្យការរកស៊ីរបស់យើងជួបបញ្ហាធ្ងន់ធ្ងរឡើងវិញ ។ បើគេបិទមិនឱ្យរៀបចំកម្មវិធីតូចធំឡើងវិញ យើងជួបការលំបាកក្នុងការរកប្រាក់មកបង់ឱ្យខាងធនាគារទៀតហើយ ៕
ចែករំលែកព័តមាននេះ